គ.ជ.ប ទុក​ពេល​៤​ខែ​ឱ្យ​អ្នក​សារព័ត៌មាន​ធ្វើ​បណ្ណ​សម្គាល់​ខ្លួន​សម្រាប់​ការ​បោះឆ្នោត​ឃុំ-សង្កាត់​

ក្រុមអ្នកសារព័ត៌មានជាតិនិងអន្តរជាតិមកពីស្ថាប័នផ្សេងៗ ឈរនៅក្រៅអគារដើម្បីចាំយកព័ត៌មានក្នុងកម្មវិធីចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ឈ្មោះ«អាស្ត្រាហ្សេនីកា (Astra Zeneca)» នៅមន្ទីរពេទ្យកាល់ម៉ែត ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ទុករយៈពេល៤ខែដើម្បីឱ្យអ្នកសារព័ត៌មានជាតិ និងអន្តរជាតិទៅដាក់ពាក្យសុំចុះឈ្មោះធ្វើបណ្ណសម្គាល់ខ្លួន ចេញដោយ គ.ជ.ប សម្រាប់ចុះយកព័ត៌មានពីដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២ ខាងមុខនេះ។

ក្នុងសេចក្តីជូនដំណឹងរបស់ គ.ជ.ប ដែលវីអូឌីទទួលបាននៅថ្ងៃអាទិត្យនេះបានឱ្យដឹងថា អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលមានបំណងចង់ចុះយកព័ត៌មានអំពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ខាងមុខនេះ ត្រូវមានបណ្ណសម្គាល់ខ្លួន ជាអ្នកសារព័ត៌មានដែលចេញដោយ គ.ជ.ប។

សេចក្តីជូនដំណឹងដដែលបញ្ជាក់ថា ដើម្បីទទួលបានបណ្ណសម្គាល់ខ្លួន អ្នកសារព័ត៌មានត្រូវដាក់ពាក្យសុំចុះឈ្មោះជាអ្នកសារព័ត៌មានដែលផ្តល់ជូនដោយ គ.ជ.ប និងឥតគិតថ្លៃ ។ សម្រាប់អ្នកសារព័ត៌មានជាតិ  ចាប់ផ្តើមទទួលពាក្យ និងចុះឈ្មោះចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ រហូតដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២។ ចំណែក អ្នកសារព័ត៌មានអន្តរជាតិ ចាប់ផ្តើមពីថ្ងៃទី១៥ ខែកុម្ភៈ រហូតដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ ដោយភ្ជាប់លក្ខខណ្ឌមួយចំនួន។

យោងតាមប្រតិទិននេះ គ.ជ.ប បានកំណត់ការចុះបញ្ជីគណបក្សនយោបាយនិងដាក់បេក្ខជន នឹង​​ប្រ​ព្រឹត្តិ​ទៅ​ចាប់ពីថ្ងៃទី៣ ដល់​​ថ្ងៃ​​ទី៦ ខែ មីនា ឆ្នាំ២០២២។ ដោយឡែក ការបោះឆ្នោតជ្រើស​រើស​ក្រុម​​ប្រឹក្សា​ឃុំ​​-សង្កាត់​​នេះ នឹង​​ត្រូវ​​​ធ្វើឡើងនៅថ្ងៃអាទិត្យទី៥ ខែមិថុនា ឆ្នាំ២០២២៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ