គណបក្សនយោបាយទាំង៦ ដែលតស៊ូមតិទាមទារឱ្យស្ថាប័នជាតិរៀបចំការបោះឆ្នោតរក្សាទុក «ទម្រង់១១០២» នៅក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ បានហៅការសម្រេចចិត្តរបស់ គ.ជ.ប នៅពេលនេះថា ជាដំណោះស្រាយមួយដ៏ល្អដែលអាចឈានទៅបញ្ចប់ការខ្វែងគំនិតគ្នាលើផ្នែកខ្លះនៃនីតិវិធីនិងបទបញ្ជានៃការបោះឆ្នោត។
ការសាទររបស់គណបក្សនយោបាយទាំងនេះ ក្រោយពេលដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីថ្ងៃទី៧ ខែកុម្ភៈ បានសម្រេចរក្សាទុកកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត ឬហៅកាត់ថា «ទម្រង់១១០២» ទៅតាមការទាមទាររបស់តំណាងគណបក្សនយោបាយទាំង៦ រួមមានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សបំណងពលរដ្ឋ គណបក្សកែទម្រង់កម្ពុជា គណបក្សកម្ពុជានិយម គណបក្សភ្លើងទៀន និងគណបក្សកម្លាំងប្រជាធិបតេយ្យ។
លោក អ៊ិត សារម្យ ប្រធានគណបក្សបំណងពលរដ្ឋ អះអាងថា ការប្ដូរជំហរបែបនេះរបស់ គ.ជ.ប វាជាជម្រើសដ៏ល្អមួយដែលជួយឱ្យគ្រប់ភាគីក្នុងវិវាទនេះសុខព្រម ហើយប្រាកដថា ការបោះឆ្នោតនេះអាចបញ្ចប់ការខ្វែងគំនិតគ្នា ជុំវិញដំណើរការនៃនីតិវិធីដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខបានខ្លះ។
លោកបន្តថា៖ «បងយល់ថា ពិតជាដំណោះស្រាយល្អមួយ ដើម្បីឱ្យភាគីនៃគណបក្សនយោបាយដែលបានចូលរួមហ្នឹង និងអាជ្ញាកណ្ដាល គេហៅថាទទួលយល់ព្រមយកគ្នាបាន និងជាដៃគូនឹងគ្នាបាន»។
ក្រៅពីនេះ លោក អ៊ិត សារម្យ បញ្ជាក់ថា នៅមានបញ្ហាជាច្រើនទៀតទាក់ទងទៅនឹងដំណើរការបោះឆ្នោត ហើយគ្រប់ភាគីពាក់ព័ន្ធត្រូវរួមគ្នាដោះស្រាយបញ្ហាដែលតែងកើតឡើង។ បើតាមលោក អ៊ិត សារម្យ គឺត្រូវបើកលំហបរិយាកាសនយោបាយ មានន័យថា ត្រូវផ្ដល់ឱកាសឱ្យគណបក្សនយោបាយអាចបំពេញតួនាទីនិងភារកិច្ចដោយមិនមានការរឹតត្បិតនិងគំរាមកំហែងជាដើម។
ជាមួយគ្នានេះ អ្នកនាំពាក្យគណបក្សកែទម្រង់កម្ពុជា លោក នី សោភ័ណ្ឌ ឱ្យដឹងថា ក្នុងនាមជាតំណាងគណបក្សនយោបាយដែលទើបតែកកើតថ្មី លោកសាទរចំពោះការសម្រេចចិត្តនៅពេលនេះរបស់ស្ថាប័នជាតិរៀបចំការបោះឆ្នោត។ លោកបន្តថា ការឆ្លើយតបរបស់ គ.ជ.ប បង្ហាញពីការស្រុះស្រួលគ្នា ដែលនឹងឈានទៅបញ្ចប់វិវាទនៅក្រោយការបោះឆ្នោតបានមួយផ្នែកដែរ។
លោកបន្តថា៖ «គណបក្សកែទម្រង់កម្ពុជា ក៏ដូចជាគណបក្សទាំង៦ដែលបានតស៊ូមតិរួមគ្នាហ្នឹង សប្បាយចិត្តនូវអ្វីដែល គ.ជ.ប បានកែសម្រួលនៅចំណុចដែលយើងបានទាមទារហ្នឹង»។
បើទោះបែបណា សម្រាប់លោក នី សោភ័ណ្ឌ ក៏នៅតែយល់ឃើញថាមានកិច្ចការខ្លះទៀតដែលសង្កេតឃើញនៅមានបញ្ហាត្រូវការកែលម្អបន្ថែមនៅក្នុងដំណើការបោះឆ្នោតឃុំ-សង្កាត់ខាងមុខនេះ។ តំណាងគណបក្សកែទម្រង់កម្ពុជា ឱ្យដឹងថា ភាពស្មុគស្មាញដែលនៅតែកើតឡើងនោះ គឺ គ.ជ.ប នៅតែបន្តទាមទារលក្ខខណ្ឌដ៏តឹងរ៉ឹង ដែលគណបក្សនយោបាយខ្លះពិបាកឆ្លើយតបទៅតាមតម្រូវការដែល គ.ជ.ប ចង់បាន។
កន្លងមក ស្ថាប័នជាតិរៀបចំការបោះឆ្នោតតែងប្រកាន់ជំហរមិនផ្លាស់ប្ដូរពីការសម្រេចចិត្តរបស់ខ្លួន រឿងទម្រង់១១០២នេះទេ បើទោះជាមានការតវ៉ាជាហូរហែរបស់គណបក្សនយោបាយទាំង៦យ៉ាងណាក្ដី។ ប៉ុន្តែកាលពីថ្ងៃទី៧ ខែកុម្ភៈ កន្លងទៅនេះ គ.ជ.ប បានប្ដូរឥរិយាបថរបស់ខ្លួនសម្របទៅតាមការចង់បានរបស់គណបក្សនយោបាយទាំងនោះ។
យ៉ាងណា សេចក្ដីសម្រេចចុងក្រោយរបស់ គ.ជ.ប ទៅលើទម្រង់១១០២ គឺមិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់ ក្រៅពីបញ្ជាក់ថា នេះជាការកែសម្រួលនីតិវិធីនិងបទបញ្ជាដែលបម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់តែប៉ុណ្ណោះ។
បន្ថែមលើសេចក្ដីសម្រេចនេះ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យស្ថាប័នជាតិរៀបចំការបោះឆ្នោត អះអាងថា គ.ជ.ប ពិតជាបានកែសម្រួលនីតិវិធីរបស់ខ្លួនប្រាកដមែនទៅលើទម្រង់១១០២នេះ។ ប៉ុន្តែលោកមិនបានបញ្ជាក់ពីមូលហេតុដែលនាំឱ្យស្ថាប័នជាតិរៀបចំការបោះឆ្នោតមួយនេះត្រូវប្ដូរការសម្រេចចិត្តរបស់ខ្លួននោះទេ។
លោកបន្តថា៖ «បាទ! សម្រេចរក្សាទម្រង់នេះទុកនៅដដែល បាទ»។
ដោយឡែក តំណាងគណបក្ស៤ផ្សេងទៀត រួមមាន គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សកម្ពុជានិយម គណបក្សភ្លើងទៀន និងគណបក្សកម្លាំងប្រជាធិបតេយ្យ ក៏ឯកភាពដែរថា ការសម្រេចចិត្តនៅពេលនេះរបស់ គ.ជ.ប គឺជាអ្វីដែលពួកគេចង់បាន ហើយចង់ឱ្យ គ.ជ.ប រក្សាទុកទម្រង់នេះដូចការបោះឆ្នោតក្នុងអាណត្តិកន្លងទៅ។ ពួកគេបន្តថា ការទាមទារនេះមិនមានអ្វីក្រៅពីចង់ឱ្យដំណើរការបោះឆ្នោតដែលប្រព្រឹត្តទៅខាងមុខនេះ សេរី ត្រឹមត្រូវ និងយុត្តិធម៌នោះទេ។
អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិ នៃអង្គការខុមហ្វ្រែល (Comfrel) លោក កន សាវាង្ស យល់ឃើញថា ប្រសិនបើទម្រង់១១០២នេះ មិនមានផលចំណេញ ឬដាក់ឱ្យអនុវត្តទៅវាមានបញ្ហាក្នុងដំណើរការបោះឆ្នោត លោកឯកភាពឱ្យលុបចេញពីប្រព័ន្ធបោះឆ្នោត។ ប៉ុន្តែបើទម្រង់នេះបង្កឱ្យមានភាពងាយស្រួល គ.ជ.ប គួររក្សាទុក ព្រោះជាប្រយោជន៍ដែលជួយឱ្យដំណើរការបោះឆ្នោតទាំងមូលចៀសវាងពីការតវ៉ា។
លោកបន្តថា៖ «ខ្ញុំគាំទ្រប្រសិនបើ គ.ជ.ប រកឃើញថាចំណុចហ្នឹងវាជាបញ្ហាធំ។ ប៉ុន្តែបើមិនមានទេ ការកែប្រែដោយមិនមានបញ្ហា វាចំណុចដែលមិនមែនជាចំណុចល្អសម្រាប់ គ.ជ.ប ក្នុងការធ្វើទេ ព្រោះបើធ្វើគឺធ្វើឱ្យប្រសើរ ហើយបើធ្វើហើយមានការតវ៉ា គួរតែកុំធ្វើ។ សម្រាប់ខ្ញុំ ខ្ញុំថាគួរតែរក្សាទុកដដែលចុះ»។
យោងប្រតិទិន គ.ជ.ប បានកំណត់យកថ្ងៃចុះបញ្ជីគណបក្សនយោបាយ និងដាក់បេក្ខជនសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២។ ដោយឡែក ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងត្រូវធ្វើឡើងនៅថ្ងៃអាទិត្យទី៥ ខែ មិថុនា ឆ្នាំ២០២២៕