យុវជន​បរិស្ថាន​ដាក់​លិខិត​ទៅ​ខណ្ឌ​ចំនួន​៣​ឱ្យ​ជួយ​ដោះស្រាយ​ការ​កកស្ទះ​សំរាម​តាម​បណ្ដោយ​លូ

សកម្មជនបរិស្ថាន កញ្ញា ភួន កែវរស្មី ផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ពេលដែលកញ្ញានិងយុវជនមួយចំនួនទៀតយកលិខិតសុំអន្តរាគមន៍បញ្ហាសំរាមកកស្ទះតាមប្រឡាយលូ នៅរដ្ឋបាលខណ្ឌចំការមន ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២។ (គួយ ឡង់ឌី)

ក្រុមយុវជនបរិស្ថាន នាំគ្នាយកលិខិតដាក់ទៅខណ្ឌចំនួន៣ ក្នុងរាជធានីភ្នំពេញ ដើម្បីទាមទារឱ្យអាជ្ញាធរជួយដោះស្រាយការកកស្ទះសំរាមនៅតាមបណ្ដោយលូ ខណៈបច្ចុប្បន្នពួកគេព្រួយបារម្ភប៉ះពាល់ដល់បរិស្ថាននិងសុខភាពពលរដ្ឋរស់នៅតំបន់នោះ។

យុវតី ភួន កែវរស្មី ដែលអះអាងថាជាសកម្មជនបរិស្ថានមួយរូប រួមជាមួយយុវជន៥នាក់ទៀត បានថ្លែងប្រាប់អ្នកសារព័ត៌មាននាព្រឹកថ្ងៃអង្គារនេះថា ដើមចមដែលនាំឱ្យពួកគាត់យកលិខិតដែលមានស្នាមមេដៃគាំទ្ររបស់យុវជនផ្សេងទៀតប្រមាណជាង៥០នាក់ ដាក់ទៅខណ្ឌចំនួន៣ រួមមាន ខណ្ឌមានជ័យ ខណ្ឌចំការមន និងខណ្ឌឫស្សីកែវ  ដើម្បីទាមទារឱ្យអាជ្ញាធរពាក់ព័ន្ធជួយដោះស្រាយការកកស្ទះសំរាមនៅតាមបណ្ដោយលូ ខណៈបច្ចុប្បន្នពួកគេព្រួយបារម្ភប៉ះពាល់ដល់បរិស្ថាននិងសុខភាពពលរដ្ឋរស់នៅតំបន់នោះ។

កញ្ញាថ្លែងថា៖ «យើងដាក់លិខិតនេះ ដោយសារតែយើងមើលឃើញថា ការសហការរបស់ពួកគាត់ បើសិនជាបានល្អ ឬក៏វិធានការរបស់ពួកគាត់កន្លងមកមានប្រសិទ្ធភាព សំរាមនៅកន្លែងហ្នឹងមិននៅកន្លែងហ្នឹងទេ ពីព្រោះកន្លែងហ្នឹងមិនមែនជាទីលានសម្រាប់ចាក់សំរាមទេ»។

កញ្ញាបន្តថា៖ «យើងជាយុវជន យើងចង់ចូលរួមចំណែក យើងចង់រុញ ឬមួយយើងចង់ឱ្យពួកគាត់ធ្វើការនិងអនុវត្តតួនាទីរបស់ពួកគាត់ឱ្យមានប្រសិទ្ធភាព។ យើងមិនមែនមកចង់ជាន់កែងគាត់ ឬក៏ថាគាត់ធ្វើការមិនបានល្អ យើងយល់ការងារច្រើននៅក្នុងខណ្ឌ។ អ៊ីចឹងបានយើងព្យាយាមមកជួយបំពេញចន្លោះខ្វះខាតរបស់អាជ្ញាធររបស់រដ្ឋាភិបាល»។

យុវជនម្នាក់ទៀត លោក ធី ថន និយាយថា បើសិនជាអាជ្ញាធរពាក់ព័ន្ធមិនពន្លឿនដោះស្រាយឱ្យបានទាន់ពេល បញ្ហាសំរាមកាន់តែមានការកើនឡើង ហើយការកកស្ទះនៅតាមបណ្ដោយលូកាន់តែខ្លាំង ធ្វើឱ្យប៉ះពាល់ដល់សុខភាពពលរដ្ឋ បរិស្ថាន និងវិស័យទេសចរណ៍ជាដើម។

លោកនិយាយថា៖ «កន្លែងសំរាម វាផ្ដល់ផលប៉ះពាល់ វាស្អុយរលួយ វាអាចបង្កជំងឺផ្សេងៗទៅដល់អ្នករស់នៅជិតខាងហ្នឹង។ ចំណុចទី២ វាប៉ះពាល់ទៅដល់វិស័យទេសចរណ៍យើង កាលណាជនបរទេស អ្នកឆ្ងាយៗគេមកទស្សនា គេឃើញប្រទេសយើងអត់មានអនាម័យ សម្បូរសំរាម ក៏គេអត់ចង់មកដែរ»។

អភិបាលរងខណ្ឌឫស្សីកែវ លោក ប្រាជ្ញ សីហា មានប្រសាសន៍ថា លោកមិនទាន់ទទួលបានលិខិតស្នើសុំរបស់ក្រុមយុវជននោះនៅឡើយទេ នារសៀលថ្ងៃនេះ។ ប៉ុន្តែលោកលើកទឹកចិត្តដល់ក្រុមយុវជនផ្ដល់ព័ត៌មានមកអាជ្ញាធរខណ្ឌ ឬទំនាក់ទំនងមករូបលោកផ្ទាល់ ដើម្បី​ពន្លឿន​ការងារនេះ។​

លោកមានប្រសាសន៍ថា៖ «ចាំមើលខ្ញុំពិនិត្យមើលឯកសារ តើវាប៉ះពាល់នៅគោលដៅណា! អរគុណហើយដែលគាត់បានចូលរួមសហការ យើងនឹងសហការជាមួយគាត់យ៉ាងជិតស្និទ្ធ។ បើអាច បងអាចឱ្យលេខទូរសព្ទខ្ញុំទៅគាត់ផ្ទាល់ ដើម្បីខ្ញុំធ្វើការជាមួយគាត់ចាប់ពីឥលូវទៅតែម្ដង មិនអីទេ»។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាពមូលដ្ឋានឃុំ-សង្កាត់ និងទិសដៅការងារបន្តរបស់រាជធានីភ្នំពេញ» អភិបាលរងរាជធានីភ្នំពេញ លោក កើត ឆែ ​ថាបញ្ហាកកស្ទះសំរាមដែលមាននៅតាមបណ្ដោយប្រឡាយលូក្នុងខណ្ឌទាំង៣ ដោយសារតែពលរដ្ឋមិនចេះរៀបចំវេចខ្ចប់ទុកដាក់ឱ្យបានត្រឹមត្រូវ និងបោះចោលពាសវាលពាសកាល។

ករណីនេះ លោកជំរុញទៅក្រុមយុវជនដែលស្រឡាញ់បរិស្ថានទាំងនោះ ត្រូវប្រមូលភស្តុតាង ឯកសារ និងរូបថតដែលពលរដ្ឋលួចបោះសំរាមពាសវាលពាសកាលជូនអាជ្ញាធរ ទើបទប់ស្កាត់បញ្ហាកកស្ទះសំរាមនេះមានប្រសិទ្ធភាព​។

លោកមានប្រសាសន៍ថា៖ «យើងសួរប្រភពសំរាមមកពីណាសិន អ៊ីចឹងមកពីអ្នកបោះចោលសំរាម អ្នកមិនគោរពច្បាប់ អ៊ីចឹងគាត់ត្រូវផ្ដល់ព័ត៌មានមកអាជ្ញាធរដែរ ថាអ្នកដែលបោះចោលសំរាមមានគ្រួសារនេះ មានរូបថតនេះ អាជ្ញាធរធ្វើការផាកពិន័យ។ យើងធ្វើអ៊ីចឹង បានយើងលុបបំបាត់បាន»។

លោកថ្លែងបន្តថា៖ «ប៉ុន្តែបើគាត់ទៅធ្វើសកម្មភាពផ្សេង ដើម្បី​បង្ហាញរូបភាព វាមិនត្រូវទេ។ អ៊ីចឹងសុំឱ្យយុវជនបរិស្ថានសំរាមធ្វើការជាមួយសមត្ថកិច្ចដោយជិតស្និទ្ធបំផុត ជាពិសេសជាមួយរដ្ឋបាលខណ្ឌ។ បើរដ្ឋបាលខណ្ឌគាត់រវល់ អត់បានឆ្លើយតប អាចដាក់លិខិតសុំពិភាក្សាជាមួយរដ្ឋបាលរាជធានីភ្នំពេញ។ យើងខ្ញុំរីករាយធ្វើការជាមួយ ធ្វើម៉េចបរិស្ថានល្អទាំងអស់គ្នា»។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង មានប្រសាសន៍ថា បញ្ហាសំរាមកកស្ទះតាមប្រឡាយលូនេះ នាំឱ្យប៉ះពាល់ដល់បរិស្ថាននិងសុខភាពពលរដ្ឋ ព្រមទាំងសោភ័ណភាពរាជធានីថែមទៀតផង។  

លោកថា ដើម្បីទប់ស្កាត់បញ្ហាកកស្ទះសំរាមនេះឱ្យមានប្រសិទ្ធភាព លុះត្រាតែមានការចូលរួមសហការគ្នារវាងអាជ្ញាធរនិងប្រជាពលរដ្ឋ ក្នុងការជួយគ្នាការពារបរិស្ថានទាំងអស់គ្នា។

លោកមានប្រសាសន៍ថា៖ «ដើម្បីដោះស្រាយបញ្ហានេះឱ្យមានប្រសិទ្ធភាពខ្ពស់ គឺត្រូវតែមានការចូលរួមពីប្រជាពលរដ្ឋ ហើយលើកទឹកចិត្តពលរដ្ឋដែលបានចូលរួម។ រឿងទីពីរ ត្រូវមានការរៀបចំឱ្យមានកម្មវិឌីភ្នាក់ងារដែលធ្វើការងារខាងបរិស្ថាន អនាម័យតាមលូទឹក គួរតែមានការប្រមូលសំរាមឱ្យបានល្អ ចៀសវាងកកស្ទះ ស្អុយហូរហែ»។

ក្រុមយុវជនបរិស្ថានអះអាងថា ប្រសិនបើអាជ្ញាធរនៅតែមិនរកវិធីដោះស្រាយបញ្ហាសំរាមនេះតាមសំណើរបស់ពួកគាត់ទេ នោះពួកគាត់នៅតែបន្តធ្វើយុទ្ធនាការដាក់លិខិតទៅស្ថាប័នរដ្ឋជាបន្តបន្ទាប់រហូតមានដំណោះស្រាយ៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ