គ.ជ.ប ថាបក្សនយោបាយអាចចុះបញ្ជីឈ្មោះបេក្ខជនដោយដៃនិងដោយកម្មវិធីគ្រប់គ្រងការចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ពលរដ្ឋមូលដ្ឋាននាំគ្នាទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត នៅសាលាសង្កាត់ផ្សារដើមថ្កូវ ដើម្បីមានឈ្មោះចូលរួមការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ (គួយ ឡង់ឌី)

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអនុញ្ញាតឱ្យបក្សនយោបាយអាចរៀបចំបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតតាម២របៀបគឺ អាចរៀបចំបញ្ជីបេក្ខជនឈរឈ្មោះដោយដៃ ឬអាចប្រើប្រាស់កម្មវិធីគ្រប់គ្រងការចុះបញ្ជីបេក្ខជនឈរបោះឆ្នោត។

ការ​សម្រេចនេះធ្វើឡើងក្រោយ គ.ជ.ប បានទទួលពាក្យស្នើសុំបង្កើតគណនីប្រើប្រាស់កម្មវិធីរៀបចំបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតពីគណបក្សនយោបាយចំនួន១១ កាលពីពេលថ្មីៗនេះ។

សេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា គណបក្សនយោបាយ១១នោះ រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកម្ពុជានិយម គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សសញ្ជាតិកម្ពុជា គណបក្សឯកភាពជាតិខ្មែរ គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា គណបក្សភ្លើងទៀន គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សខ្មែរតែមួយ និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។

សេចក្តីប្រកាសព័ត៌មានបន្តថា៖ «ការរៀបចំបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតអាចធ្វើឡើងតាម២របៀប គឺគណបក្សនយោបាយអាចរៀបចំបញ្ជីបេក្ខជនឈរឈ្មោះដោយដៃ ឬគណបក្សនយោបាយអាចប្រើប្រាស់កម្មវិធីគ្រប់គ្រងការចុះបញ្ជីបេក្ខជនឈរបោះឆ្នោត»។

អ្នក​នាំពាក្យ​គណបក្សប្រជាធិតេយ្យ​មូល​ដ្ឋាន លោក ឡឹក សុធា បានលើកឡើងថា កម្មវិធីគ្រប់គ្រងការចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតនោះ អាចឱ្យគណបក្សនយោបាយចុះឈ្មោះបេក្ខជនរបស់ខ្លួនតាមប្រព័ន្ធអនឡាញបាន។ បន្ថែមពីនេះទៅទៀត គណបក្សនយោបាយក៏អាចតាមដាននូវដំណើរការនៃការចុះបញ្ជីបោះឆ្នោតរបស់ខ្លួននៅតាមឃុំនីមួយៗ រួមទាំងការផ្ទុកនូវឯកសាររបស់គណបក្សនៅលើ Folder (ថតឯកសារអេឡិចត្រូនិច) របស់ គ.ជ.ប ថែមទៀតផង។

លោក ឡឹក សុធា មានប្រសាសន៍ថា៖ «គណបក្សនយោបាយអាចចូលពិនិត្យមើលឯកសាររបស់ខ្លួនដែលដំណើរការបានគ្រប់ពេល»។

លោកបន្តថា ការចុះបញ្ជីឈ្មោះបេក្ខជនដោយដៃ និងដោយកម្មវិធីគ្រប់គ្រងការចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត គឺបានជួយបំពេញចន្លោះគ្នាទៅវិញទៅមក។ លោកបានប្រាប់ថា កន្លងមក គ.ជ.ប ថាការដែលចុះដោយដៃ គឺមានបេក្ខជនខ្លះចុះខុសឈ្មោះ តែការ​ចុះតាមអនឡាញនេះនឹងមិនមានការចុះខុសឈ្មោះឬជាន់ឈ្មោះគ្នាទៀតឡើយ។

អ្នក​នាំពាក្យរូបនេះបន្ថែមថា៖ «សម្រាប់អាណត្តិទី៥នេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គ្រោងនឹងយកបេក្ខភាពចុះបញ្ជីនៅថ្ងៃស្អែកថ្ងៃទី៤ [មីនា] ដែលជាថ្ងៃបើកចុះបញ្ជីដំបូងតែម្ដង ហើយក្នុងនោះ ទិន្នន័យបឋមគឺអាចមានចន្លោះពី២០ទៅ៣០ឃុំ»។

ក្នុងសេចក្ដីប្រកាសបានឱ្យដឹងថា ការដាក់និងការទទួលពាក្យសុំបង្កើតគណនីប្រើប្រាស់កម្មវិធីរៀបចំបញ្ជីបេក្ខជននៃគណបក្សនយោបាយ សម្រាប់ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្ដីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។

ប្រភពដដែលបានបញ្ជាក់ថា ការដាក់និងការទទួលពាក្យសុំចុះបញ្ជីបេក្ខជនសម្រាប់ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នឹងធ្វើឡើងនៅគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត មានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២៕

សេចក្ដីកែតម្រូវ៖ ឃ្លា «កម្មវិធីគ្រប់គ្រងទិន្នន័យ» ទៅជា «កម្មវិធីគ្រប់គ្រងការចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ