នៅថ្ងៃទី១ គណបក្សចំនួន១០បានដាក់បញ្ជីបេក្ខភាពសម្រាប់ការបោះឆ្នោតឃុំសង្កាត់

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ពលរដ្ឋមូលដ្ឋាននាំគ្នាទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត នៅសាលាសង្កាត់ផ្សារដើមថ្កូវ ដើម្បីមានឈ្មោះចូលរួមការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ (គួយ ឡង់ឌី)

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឱ្យដឹងថា មានគណបក្សនយោបាយចំនួន១០ បាន​​បន្ត​ដាក់​​បញ្ជី​​បេក្ខភាពរបស់ខ្លួនជាបន្តបន្ទាប់ នៅថ្ងៃទីមួយនេះ ដើម្បីចូលរួមប្រកួតប្រជែងសម្រាប់ការបោះឆ្នោតជ្រើស​​រើស​​​ក្រុម​​ប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២ខាងមុខ។

មន្រ្តីនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា ប្រាប់វីអូឌី​នៅថ្ងៃសុក្រ​​នេះថា សម្រាប់​ថ្ងៃទី១ នៃ​ការទទួល​បញ្ជីឈ្មោះរបស់គណបក្សនយោបាយនៅតាមការិយាល័យ​​រៀប​ចំការបោះ​​ឆ្នោ​ត​​​​ឃុំសង្កាត់នេះ មានគណបក្សប្រមាណ១០ហើយបានដាក់​​បញ្ជី​​ឈ្មោះ​​​​​បេក្ខភាព​​របស់​​ខ្លួន​​។​​

លោក​បន្តថា បើទោះជាបែបណា នេះគ្រាន់តែ​​ជាតួលេខ​​ប​ឋ​​ម​​នៅ​​ឡើយ​តែ​​ប៉ុណ្ណោះ ហើយតួលេខ​​នេះ​​អាច​​នឹងមានការប្រែប្រួល ព្រោះពេលវេលា​នៃ​ការដាក់​បញ្ជី​​ឈ្មោះ​​បេក្ខ​ភាពមេឃុំចៅសង្កាត់​នេះ នៅ​​មាន​​ពេល​​​២ថ្ងៃទៅមុខទៀត ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២។។

លោកបន្តថា៖ «យើងឃើញថា គណបក្សនីមួយៗសុទ្ធតែបានត្រៀមខ្លួនជាមុន ដាក់នូវរាល់ឯកសារផ្សេងៗ ហើយ គ.ជ.ប មិនទាន់បានពិនិត្យជាក់លាក់នៅឡើយទេ ថាឯកសារណាមានភាពត្រឹមត្រូវ ហើយ​​​​​ឯកសារ​ណា​​ខ្លះ​​ដែលមិនមានភាពត្រឹមត្រូវនោះទេ»។

អគ្គហិរញ្ញឹក នៃគណបក្សខ្មែរស្រឡាញ់ជាតិ លោក សៀវ វិសុទ្ធ បានប្រាប់វីអូឌីថា គិតត្រឹមថ្ងៃទី១​នេះ គណបក្ស​របស់​លោក​​បាន​​ដាក់បញ្ជីឈ្មោះរបស់បេក្ខភាពដែលត្រូវឈរឈ្មោះជាមេឃុំ-ចៅសង្កាត់បានប្រមាណ៥០ភាគ​​​រយ​​ហើ​​យ ក្នុងចំណោមឃុំសង្កាត់សរុបចំនួន១៣ខេត្ត ក្រុង។​ លោក​បន្ត​ថា ក្នុងពេលដែល​​ដាក់​​បញ្ជី​ឈ្មោះនៅថ្ងៃដំបូងនេះ គណបក្សថ្មីថ្មោងមួយនេះ ត្រូវជួបបញ្ហានៃការ​រើសអើងនិងគំរាម​​កំហែង​​ជា​​បន្ត​​បន្ទាប់ពីអាជ្ញាធរមូលដ្ឋាននៅ​​តាម​​ឃុំ-សង្កាត់​ដែលពួក​​គេ​ឈរ​​ឈ្មោះ​។

លោកបន្តថា៖ «អាជ្ញាធរមូលដ្ឋានបានពិនិត្យទៅលើ​​ឈ្មោះហ្នឹង ហើយគាត់ចុះទៅ​​គំរាមកំហែង។ គ្នីគ្នា​​គាត់​​ហ្នឹង​​​​​ចុះ​ទៅគំរាមកំហែងបេក្ខជនរបស់យើង តាមរយៈរូបភាពបំភិតបំភ័យ ផ្ដាច់ជំនួយ ដែលគេ​ហៅថា បណ្ណ​​ក្រីក្រ ឬបណ្ណ​​សម​​ធម៌អ៊ីចឹងទៅ។ គេនិយាយថា អំណោយទាំងនោះបានមកពីបក្ស ប៉ុន្តែ​បើយើង​ពិនិត្យជាក់​​ស្ដែង​ទៅ គឺជាការឧបត្ថម្ភពីរដ្ឋទៅទេ មិនមែនជាគោលការណ៍បក្សទេ»។

មិនខុសគ្នាទេ ប្រធានគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ចន្ទរ័ត្ន ឱ្យដឹងថា បេក្ខជនមេឃុំចៅ-សង្កាត់នៅថ្នាក់មូលដ្ឋាន ក៏ត្រូវរងការគំរាមកំហែងនិងយាយីពីអាជ្ញាធរមូលដ្ឋានដែរ​​។ លោកបន្ត​​ថា ជាផែនការគណបក្សនេះគ្រោងនឹងដាក់មេឃុំ-ចៅសង្កាត់ឱ្យបានយ៉ាងហោច​​ណាស់១​​០​​០​​ឃុំ-សង្កាត់​នៅទូទាំងប្រទេស។ ប៉ុន្តែផែនការនេះប្រហែលទៅមិនរួចទេ បើស្ថិតក្នុងកាលៈ​​ទេ​សៈនេះ គណបក្សកែទម្រង់កម្ពុជាត្រូវជួបឧបសគ្គតាំងពីដើមទីទៅហើយនោះ។

លោក យ៉ែម បុញ្ញឬទ្ធិ ប្រធានគណបក្សកម្ពុជានិយម បញ្ជាក់ថា សម្រាប់គណបក្សនេះបាន​​យក​​បញ្ជីបេក្ខភាពមេឃុំ-ចៅសង្កាត់ទៅដាក់នៅតាម​ការិយាល័យរៀបចំ​ការបោះឆ្នោត​ឃុំ​​-សង្កា​ត់បានមួយ​​​ចំនួន​​​ហើយ ក្នុង​​ចំណោមរាជធានី​ខេត្តទាំង១០ ដែលគណបក្សដាក់ជាគោលដៅនៃការ​ប្រ​​កួតប្រជែង​​។

លោកបន្តថា៖ «យើងឱ្យក្រុមការងារដែលទទួលបន្ទុកកិច្ចការបោះ​ឆ្នោត លោកពិនិត្យ​ទៅតាមខេត្ត​ដែល​​​​​​យើង​​បាន​​​រៀបចំ ហើយមានឃុំមួយចំនួនកំពុងតែបាន គាត់កំពុង​តែយកទៅដាក់​​ព្រឹក​​មិញ​ខ្លះ​ដែរ​ហើយ»។

បើតាមលោក យ៉ែម បុញ្ញឬទ្ធិ សម្រាប់គណបក្សដែលទើបតែកកើតថ្មីនេះ មិនមានបញ្ហាអ្វីដូច​ជា​​មាន​ការ​​គំរាម​​កំហែង​​ជាដើម នៅថ្នាក់មូលដ្ឋាននោះទេ។ បើទោះបែបណា លោកថា ​គណបក្ស​កម្ពុជា​និយម នៅតែ​​ប្រើ​ប្រាស់​ការចុះឈ្មោះ និងដាក់បញ្ជីបេក្ខភាពតាមទម្លាប់ចាស់ គឺចុះដោយដៃ បើទោះ​ជាមក​​ដល់​​ពេល​​នេះ គ.ជ.ប បានដាក់ឱ្យដំណើរការ​ចុះឈ្មោះ និងដាក់បញ្ជី​​​បេក្ខ​​ភា​ពដោយម៉ាស៊ីន​​កំព្យូទ័រ​​យ៉ាង​​​ណា​​ក្ដី។

សម្រាប់លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អះអាងថា ទាក់​​ទងការគំរាមកំហែងផ្នែកនយោបាយនៅថ្នាក់មូលដ្ឋាន មិនមែនជាកិច្ចការដែល គ.ជ.ប ត្រូវ​​​ដោះ​​​ស្រាយទេ។ លោកបន្តថា គ.ជ.ប មានភារកិច្ចតែទៅលើផ្នែកបច្ចេកទេស ទាំងនីតិវិធី និងបទប្បញ្ញត្តិនានាអំពីដំណើរការនៃការបោះឆ្នោតប៉ុណ្ណោះ។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បញ្ជាក់ថា គណបក្សកាន់អំណាច​​មួយ​​នេះបានបញ្ជូនឈ្មោះបេក្ខភាពមេឃុំ-ចៅសង្កាត់ទៅតាមការិយាល័យរៀបចំការបោះឆ្នោត ឃុំ-សង្កាត់នៅទូទាំងប្រទេស​រួចរាល់​​អស់​​ហើយ គិតត្រឹមថ្ងៃទី១នេះ។

ឆ្លើយតបទៅនឹងការរិះគន់ថាមានការគំរាមកំហែងពីអាជ្ញាធរទៅគណបក្សដទៃនៅថ្ងៃដាក់បញ្ជីបេក្ខ​ភាព​នេះ ត្រូវបានលោក សុខ ឥសាន ចាត់ទុកថា នោះក៏ព្រោះតែពួកគេមិនយល់ពីរ​​បៀបនៃ​​ការ​​ធ្វើ​​ការ ហេតុនេះទើបបង្កទៅជាវិវាទកើតឡើង។

លោកបន្តថា៖ «លើកលែងតែគណបក្សមួយចំនួនទេ ដែលចេះតែរអ៊ូរទាំតាមប្រព័ន្ធ​ផ្សព្វផ្សាយ។ ខ្ញុំ​យល់​​ថា មកពីខ្វះទំនាក់ទំនង ដោយសារថា គាត់ថាគាត់ចុះបញ្ជីរួចហើយ គាត់ចេះតែទៅ​​ធ្វើតែ​ពីសតែពាសនៅតាមមូលដ្ឋាន ដែលមិនយល់គ្នាពីអ្នកគ្រប់គ្រងមូលដ្ឋាន គេ​ទទួលខុសត្រូវអំពី​សណ្ដាប់ធ្នាប់សាធារណៈសង្គម»។

យ៉ាងនេះក្ដី អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិ នៃអង្គការខុមហ្រ្វែល លោក កន សាវាង្ស  យល់ឃើញថា ប្រសិនបើគណបក្សនយោបាយនៅក្រៅរដ្ឋាភិបាល រងការគំរាមកំហែង និងយាយី​​ផ្នែក​​​ស្មារតី និងពេលខ្លះឈានទៅដល់ហិង្សាថែមទៀត ឆ្លុះបញ្ចាំងឱ្យឃើញថា វាប្រាកដ​​ណាស់​​នឹង​ជះឥទ្ធិពលមិនល្អអំពីលទ្ធផលឆ្នោត។

លោកបន្តថា៖ «ជាទូទៅ ជាកាលណាបើមានការគំរាមកំហែង បំភិតបំភ័យ ឬក៏ធ្វើខុសអំពីតួនាទី ដូច្នេះ​​មានន័យថា វាប៉ះពាល់​ហើយទៅលើដំណើការនៃ​ការបោះឆ្នោត។ មូល​ហេតុអីបានថាប៉ះ​ពាល់​ ព្រោះ​ទី​១ សិទ្ធិប្រជាពលរដ្ឋ ការប្រើប្រាស់សិទ្ធិប្រជាពល​រដ្ឋហ្នឹងមិនត្រូវបាន​ប្រើប្រាស់​សិទ្ធិហ្នឹង​ឱ្យ​បា​នពេញលេញ»។

យោងប្រតិទិនដែលចេញដោយ គ.ជ.ប បញ្ជាក់ថា ការបោះឆ្នោតជ្រើស​រើស​ក្រុម​​ប្រឹក្សា​ឃុំ-​​សង្កាត់​​នេះ នឹង​​ត្រូវ​​​ធ្វើឡើងនៅថ្ងៃអាទិត្យទី៥ ខែមិថុនា ឆ្នាំ២០២២៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ