បក្សនយោបាយ​មួយចំនួន​ចោទ​អាជ្ញាធរ​ថា​គំរាមកំហែង​នៅ​ចំ​ថ្ងៃ​ដាក់​បញ្ជីបេក្ខភាព​មេឃុំចៅសង្កាត់

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ យុទ្ធនាការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត នៅសាលាសង្កាត់ផ្សារដើមថ្កូវ សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ (គួយ ឡង់ឌី)

តំណាងគណបក្សនយោបាយមួយចំនួនដែលនៅក្រៅរដ្ឋាភិបាល បានចោទប្រកាន់អាជ្ញាធរ​​មូល​​ដ្ឋានមកពីគណបក្សកាន់អំណាចថា បានគំរាមកំហែងពួកគេនៅចំថ្ងៃនៃការដាក់បញ្ជីបេក្ខ​​ភាព​​មេឃុំ​-ចៅសង្កាត់ ក្នុងរូបភាពនិងហេតុផលផ្សេងៗ ខណៈមន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាជំរុញឱ្យបក្សនយោបាយដែលអះអាថាខ្លួនត្រូវរងភាពអយុត្តិធម៌ ប្ដឹងតវ៉ាប្រឆាំងការរុកកួន​​ផ្នែក​​ន​យោ​​បាយ​​​នេះ។

លោក យ៉ែម បុញ្ញឬទ្ធិ ប្រធានគណបក្សកម្ពុជានិយម ប្រាប់​វីអូឌី​នៅថ្ងៃទី​៧ ខែ​មីនា​នេះ​ថា មាន​​បេក្ខជន​ដែល​ឈរ​ឈ្មោះ​ជាមេឃុំ-ចៅសង្កាត់ខ្លះរបស់គណបក្សថ្មីថ្មោងមួយ​នេះ បាន​បោះបង់​​​សមរ​​ភូ​​​មិ​នយោបាយចោល ដោយសារពួកគេ​ចាញ់សម្លុត​នៃការគំរាមកំហែងនៅចំថ្ងៃនៃ​ការ​ដាក់បញ្ជី​​ឈ្មោះ​​។ ​​លោក​​បន្តថា ខេត្តដែលប្រឈមមុខខ្លាំងក្នុងចំណោម​រាជធានី-ខេត្តទាំង១០ ដែល​គណបក្ស​កម្ពុជា​​​និ​​យ​មចូលរួមក្នុងការបោះឆ្នោតឃុំ-សង្កាត់ មានខេត្តព្រៃវែង និងខេត្តព្រះសីហនុ។

បើតាមលោក យ៉ែម បុញ្ញឬទ្ធិ មានឃុំខ្លះត្រូវរកបេក្ខភាពមេឃុំ-ចៅសង្កាត់​មកជំនួសបេក្ខភាពចាស់​​ដែល​​​សុំលាឈប់ ព្រោះតែទទួលរង​​គំនាបពីអាជ្ញាធរមូលដ្ឋាន ខណៈដែល​ឃុំខ្លះទៀត​​ត្រូវមាន​​កិច្ច​​អន្ត​​រា​គ​​មន៍ពីគណៈកម្មការរៀបចំការបោះឆ្នោតឃុំ-សង្កាត់។

លោកបន្តថា៖ «គណបក្សក្រៅរដ្ឋាភិបាលតែងតែរងទទួល គឺខាងបក្សកាន់អំណាចគាត់ពុំ​​ទទួល​​ស្គាល់​​​ការពិតនោះទេ។ ហើយរឿងគំរាមកំហែងដោយផ្ទាល់ឬដោយប្រយោល​ហ្នឹង គឺតែង​​មាន​ហើយ​»។

មិនខុសគ្នាទេ លោក ថាច់ សេដ្ឋា មន្រ្តីនាំពាក្យ​គណបក្ស​ភ្លើង​ទៀន ក៏​ឯកភាពដែរថា គណ​​បក្ស​​ចាស់​​​វស្សាមួយនេះក៏ទទួលរងការយាយីពី​អាជ្ញាធរក្នុងមូលដ្ឋានដែលមកពីគណ​​បក្សប្រជាជន​កម្ពុជា​​ដែរ នៅ​ថ្ងៃ​នៃការដាក់បញ្ជីបេក្ខភាព​មេឃុំ​ចៅ-​សង្កាត់ និង​នៅមុន​ពេល​យុទ្ធនាការនៃ​ការឃោសនាស្វែងរកសំឡេងឆ្នោតមកដល់។ ប្រភពដដែល​បន្ត​ថា ការគំរាម​​​​កំ​ហែង​​ទៅ​លើ​បេក្ខ​ជន​​មេឃុំ-​ចៅ​សង្កាត់ដែលឈរឈ្មោះឱ្យគណបក្សភ្លើងទៀននេះ តាមរូប​​ភាព​ផ្សេង​​ៗ ដូចជា ឈប់​ផ្ដល់​​អំណោយ​ បើមានទុក្ខធុរៈក្នុងមូលដ្ឋាននឹង​មិនដោះស្រាយជូន និងមិនចេញ​​បណ្ណ​​គ្រួសារ​ ជាដើម។

លោកបន្តថា៖ «ជួបច្រើន! វាមិនមែនជាការងាយស្រួលប៉ុន្មានទេ។​​ ដាក់បញ្ជី ហើយទៅមានការ​គំរាម​​​កំ​ហែង​​ឱ្យទៅដកឈ្មោះដកអីហ្នឹងស្អេកស្កះពាសពេញហ្នឹងទាំងអស់ ដល់អ៊ីចឹងធ្វើ​ឱ្យយើង​ពិបាក​​ក្នុង​ការ​​រៀបចំ​​​​បញ្ជី​ឈ្មោះ។ មានមេឃុំខ្លះយកហេតុផលនេះហេតុផលនោះ ទុកពេល​​នេះទុក​​ពេល​​នោះ​​អ៊ីចឹងទៅ ឱ្យយឺតឱ្យអីអ៊ីចឹងទៅ ខ្លះមិនបញ្ជាក់ ទាល់មានកិច្ចអន្តរាគមន៍ពីស្អ៊ីអ៊ីចឹងទៅ »។

បើតាមលោក ថាច់ សេដ្ឋា ថ្វីត្បិតគណបក្សភ្លើងទៀន មានធនធាននិងលទ្ធភាពក្នុងការរៀបចំ​បញ្ជីបេក្ខភាព​​​មេ​ឃុំ​​​ចៅ​​-សង្កាត់បានគ្រប់ទាំង២៥ រាជធានី-ខេត្តមែន តែ​មានឃុំចំនួន៣ ក៏មិនបាន​ដាក់​បេក្ខភាព​ដែរ ក្នុងនោះ​២​​ឃុំ​​នៅខេត្តពោធិ៍សាត់ និង១ឃុំទៀត ខេត្តរតនគិរី។ លោកថា មូល​ហេតុ​​ដែល​​ចន្លោះ​​នេះ ដោយសារ​ការ​​រៀប​​ចំ​បញ្ជីបេក្ខជនឈរឈ្មោះមិនទាន់ ខណៈតំបន់​ទាំង​នោះ​នៅ​​​ឆ្ងាយ​​​ផង។

ចំណែកអគ្គហេរញ្ញិក​នៃគណបក្សខ្មែរស្រឡាញ់ជាតិ លោក សៀវ វីសុទ្ធ ក៏យល់ស្របដែរថា បញ្ហា​​រើស​អើង​ផ្នែកនយោបាយនេះ សម្រាប់គណបក្សដែលទើបតែកកើតថ្មីរបស់លោក ក៏រងការធ្វើ​​ទុក្ខ​​បុក​​​​​ម្នេញណាស់ដែរ តាមរយៈការគំរាមកំហែងពីសំណាក់អាជ្ញាធរមូលដ្ឋាន​ក្រោមរូបភាពផ្សេង​ៗ។ លោកបន្តថា គិតមកដល់ថ្ងៃនេះទៅហើយ បេក្ខភាពមេឃុំចៅ-សង្កាត់​​ស្ទើរ​​តែ​​១៣រាជធានី​ខេត្តដែល​​ឈរ​​ឈ្មោះឱ្យគណបក្សនេះ បាន​ទំនាក់ទំនងសុំដក​​ឈ្មោះ​​ចេញ​​វិញ។

ឆ្លើយតបរឿងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បដិសេធថា គណ​​បក្ស​​​មួយ​​នេះមិនដែលទទួលបានព័ត៌មានស្តីពីការយាយីនេះនៅថ្នាក់មូលដ្ឋាន​​ទាល់​​តែ​​សោះ​។ លោក​ចំអកទៅគណបក្សនយោបាយ​នៅក្រៅរដ្ឋាភិបាលទាំងនោះ ថានេះជាយុទ្ធនាការនៃ​ការ​បន្លឺ​សំឡេង ដើម្បី​ឱ្យឃើញ​រូបភាពនៃអំពើហិង្សាកាន់តែធំប៉ុណ្ណោះ។

ទោះយ៉ាងណា​ លោកលើកទឹកចិត្តឱ្យបក្សនយោបាយទាំងនោះប្ដឹងតវ៉ា បើពិតជាមាន​​ស​​កម្មភាព​​បែបនេះមែន ជាពិសេសគួរ​​បង្ហាញ​ភស្តុតាងឱ្យបានត្រឹមត្រូវ ជាជាង​​​គ្រាន់​​តែស្រែក​​បន្ទរ​​ឱ្យ​តែ​​បាន​​ឮប៉ុណ្ណោះ។

លោកបន្តថា៖ «គណបក្សនយោបាយ ឬក៏ប្រជាពលរដ្ឋ ឬគណបក្សនយោបាយដែលរងការបំភិត​​បំភ័យហ្នឹ​​ង គួរមានជាការផ្ដល់ជាព័ត៌មានទៅស្ថាប័នរបស់ខ្លួន ឬក៏គណបក្សរបស់ខ្លួន ​​ធ្វើម៉េច​​ឱ្យ​​មាន​​ចំណាត់ការ ឬក៏មានដំណោះស្រាយ​ពីស្ថាប័ន អ្នកដែលមានការបំភិតបំភ័យហ្នឹង»។

អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា បញ្ជាក់ថា ការ​​បោះឆ្នោតឃុំ-សង្កាត់ សម្រាប់នីតិកាលទី៥នេះ មានគណបក្សនយោបាយចំនួន​១៧ បាន​​ដាក់​​បញ្ជី​​​បេក្ខ​ភាព​មេឃុំ-ចៅសង្កាត់ បម្រើឱ្យការបោះឆ្នោតឆ្នាំ២០២២។ ក្រសួងមហាផ្ទៃ បាន​​បង្ហាញថា បច្ចុប្បន្ន​គណបក្ស​នយោបាយដែល​បាន​ចុះ​បញ្ជី​នៅក្រសួងមហាផ្ទៃមានប្រមាណ៤៥​​គណ​បក្ស​នយោបាយ។

អ្នកសម្របសម្រួលផ្នែកអង្កេតជាន់ខ្ពស់ និងតស៊ូមតិ​នៃអង្គការខុមហ្រ្វែល លោក កន សាវាង្ស យល់​​​ឃើញ​ថា នៅពេលនេះ គេមិនទាន់អាចវាយតម្លៃបានពីដំណើការ​នៃការបោះឆ្នោតនេះថាប្រ​​ព្រឹត្ត​​​​​​​​ទៅដោយ​សេរី ត្រឹមត្រូវ និងយុត្តិធម៌នៅឡើយទេ។ បើទោះជាបែប​ណា លោក​ជំរុញ​ឱ្យ​អ្នក​​ដែល​​​​​រង​​ការគំរាមកំហែង ត្រូវចេះហ៊ានប្រើប្រាស់សិទ្ធិដែលស្របទៅនឹងច្បាប់ ដាក់បណ្ដឹងតវ៉ាប្រ​​ឆាំង​​ការ​​យាយី ដើម្បីរកដំណោះស្រាយ។

បើតាមលោក កន សាង្ស មូលហេតុដែលកម្ពុជានៅតែរកឃើញពីកំហុសដែលកើតឡើងច្រំដែលៗទាក់ទិនការបោះឆ្នោតនេះ នោះក៏ព្រោះតែអ្នកអនុវត្តច្បាប់ចេះតែបំពានលើគោលការណ៍និង​​នីតិ​​វិធី​​នានាដែលមានជាធរមាន។ មិនតែប៉ុណ្ណោះ ភាគីដែលត្រួតពិនិត្យនិងលើកកម្ពស់ក្នុងការ​​អនុវត្ត​​ច្បាប់ ជាពិសេសរដ្ឋសភា ហាក់នៅមិនទាន់បានប្រើប្រាស់តួនាទីរបស់ខ្លួន​ឱ្យមានប្រសិទ្ធភាព ដើ​ម្បី​​​​​​​​ជំរុញ​​ឱ្យ​​ភាគីពាក់ព័ន្ធ​គោរពច្បាប់នេះនៅឡើយដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ