គណបក្សនយោបាយធំៗចំនួនពីរ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២ ខាងមុខនេះ ត្រូវបានមើលឃើញថាមានបេក្ខភាពជាស្ត្រីតែជាង២០ភាគរយប៉ុណ្ណោះ ដែលករណីនេះបង្ហាញឱ្យឃើញពីកង្វះចំនួនស្ត្រីសម្រាប់ផ្នែកនយោបាយនៅក្នុងប្រទេស។
យោងតាមសេចក្ដីប្រកាសព័ត៌មានមួយរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចេញថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ ស្ដីពីលទ្ធផលបណ្ដោះអាសន្នរយៈពេល ៣ថ្ងៃ នៃការចុះបញ្ជីបេក្ខជនគណបក្សនយោបាយចំនួន១៧ បានដាក់ពាក្យសុំចុះបញ្ជីបេក្ខជនចំនួន៨២ ៧៨៦រូប ក្នុងនោះមានស្ត្រីសរុបចំនួន២៥ ៩៦៣រូប។
សេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប ដដែលបន្តថា គណបក្សប្រជាជនកម្ពុជា បានដាក់បេក្ខជនចំនួន២៨ ០០០នាក់ នៅក្នុងឃុំចំនួន១ ៦៥២ ទូទាំងប្រទេស ខណៈដែលគណបក្សភ្លើងទៀន បានចុះឈ្មោះបេក្ខជនចំនួន២៣ ៣៥៧នាក់ នៅក្នុងឃុំចំនួន១ ៦៣២។
ជាមួយគ្នានេះ គណបក្សហ្វ៊ុនស៊ិនប៉ិច ក៏បានដាក់បេក្ខជនឈរឈ្មោះបោះឆ្នោតចំនួន៩ ០៥៥នាក់ ក្នុងឃុំចំនួន៦៨៨ ខណៈដែលគណបក្សខ្មែររួបរួមជាតិ ចុះឈ្មោះបេក្ខជនចំនួន៨ ០២៨នាក់ ក្នុងឃុំចំនួន៦១៧។
សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០២២នេះ បេក្ខជនជាស្ត្រីត្រូវបានមើលឃើញថាមានចំនួន ៣១ភាគរយ ដែលកើនឡើងបន្តិចបន្តួចពី ២៧ ភាគរយ ក្នុងការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០១៧ ដែលក្នុងនោះ គណបក្សប្រជាជនកម្ពុជា មានបេក្ខជនជាស្ត្រីចំនួន២៦ភាគរយ ហើយគណបក្សភ្លើងទៀន មាន២៣ភាគរយ។
ទាក់ទិននឹងករណីនេះ ប្រធានស្ដីទីគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា បានឱ្យដឹងកាលពីថ្ងៃអង្គារថា បេក្ខជនស្ត្រីដែលមានចំនួនតិចនេះ គឺមិនមែនជាអ្វីដែលបក្សចង់បាននោះទេ។
លោកថា៖ «វាមិនមែនជាគោលនយោបាយរបស់បក្សនោះទេ។ នៅពេលដែលយើងធ្វើការជ្រើសរើស យើងទទួលបានតែ២៣ភាគរយប៉ុណ្ណោះ។ យើងមិនបានផ្ដល់អាទិភាពសម្រាប់តែបុរសនោះទេ យើងក៏ចង់ឱ្យស្ត្រីចូលរួមផងដែរ»។
ទោះជាយ៉ាងណា លោក ថាច់ សេដ្ឋា បន្តថា ស្ត្រីហាក់មានការភ័យខ្លាចក្នុងការឈរឈ្មោះជាមួយនឹងគណបក្សប្រឆាំង ហើយគណបក្សមួយនេះមានចំនួនបេក្ខជនសរុបច្រើន ដូច្នេះហើយវាពិបាកក្នុងការស្វែងរកចំនួនស្ត្រីឱ្យបានគ្រប់គ្រាន់។
លោកបន្តថា៖ «យើងមិនអាចប្រៀបធៀបនឹងគណបក្សផ្សេងទៀតដែលមានចំនួនបេក្ខជនសរុបត្រឹមតែ១០០ឬ២០០នាក់នោះទេ។ យើងមានបេក្ខជនរាប់សែននាក់ ដូច្នេះហើយ ២៣ភាគរយ ជាចំនួនមិនតិចនោះទេ»។
លោកបន្ថែមថា បេក្ខជនជាស្ត្រីក៏ទទួលបានថវិកាបន្ថែមចំនួន៣០០ដុល្លារ ដើម្បីលើកទឹកចិត្តដល់ពួកគេក្នុងការឈរឈ្មោះផងដែរ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មិនអាចទាក់ទងដើម្បីសុំការអធិប្បាយបានទេ កាលពីថ្ងៃអង្គារ។
ក្នុងចំណោមគណបក្សដែលមានចំនួនបេក្ខជនជាស្ត្រីច្រើន ក្នុងនោះមាន គណបក្សឆន្ទៈខ្មែរ ដែលដឹកនាំដោយលោក គង់ ម៉ូនីកា ក៏បានដាក់បេក្ខជនចំនួន៩៦២នាក់ផងដែរ ក្នុងនោះ ៤៩ភាគរយជាស្ត្រី។
លោក គង់ ម៉ូនីកា បានឱ្យដឹងថា គណបក្សបានឱ្យតម្លៃស្ត្រី ដូចដែលឃើញមានក្នុងស្លាកសញ្ញាបក្សរបស់ខ្លួន ដែលមានរូបប្រាសាទបន្ទាយស្រីក្នុងខេត្តសៀមរាប តំណាងឱ្យស្ត្រី។
លោកថា៖ «ដូច្នេះហើយ យើងផ្ដោតលើការដាក់បេក្ខជនជាស្ត្រីក្នុងបញ្ជីបោះឆ្នោត ដើម្បីលើកកម្ពស់និងលើកទឹកចិត្តពួកគេឱ្យចូលរួមក្នុងវិស័យនយោបាយឱ្យកាន់តែច្រើន»។
លោកបន្ថែមថា យ៉ាងហោចណាស់មាន២០ភាគរយនៃបេក្ខភាពស្ត្រីរបស់គណបក្ស ស្ថិតនៅលំដាប់កំពូលនៃបញ្ជីបោះឆ្នោតឃុំ-សង្កាត់របស់ខ្លួន ដែលកំពុងឈរឈ្មោះជាមេឃុំឬចៅសង្កាត់។
លោក គង់ ម៉ូនីកា បន្តថា បេក្ខភាពស្ត្រីរបស់គណបក្សក៏បានប្រឈមនឹងការគំរាមកំហែងក្នុងការដកខ្លួនចេញពីការបោះឆ្នោតផងដែរ។
ទោះជាយ៉ាងណា លោកថា៖ «គណបក្សកំពុងតែធ្វើការដោះស្រាយលើករណីនេះ»៕
បកប្រែនិងសម្រួលដោយលោក ភុន ច័ន្ទឧសភា ចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Women Candidates Only 31 Percent Among 82,000 Registered for Commune Election