បេក្ខជន​គណបក្ស​កម្ពុជានិយម​ខេត្តព្រៃវែង​រងការគំរាម ស្នើសុំ​ដកឈ្មោះ​ចេញពី​បញ្ជីបោះឆ្នោត

បុរសម្នាក់ពាក់អាវគណបក្សកម្ពុជានិយម។ (ហ្វេសប៊ុក​៖ គណបក្សកម្ពុជានិយម-Kampucheaniyum Party)

ប្រធានគណបក្សកម្ពុជានិយមប្រចាំខេត្តព្រៃវែង ចោទប្រកាន់ថា មានបេក្ខជនដែលឈរ​​ឈ្មោះ​​ឱ្យ​គណ​បក្សក្រៅរដ្ឋាភិបាលមួយនេះមួយចំនួនសម្រេចចិត្តបោះបង់ការឈរឈ្មោះជា​​មេឃុំ​​ចៅ-​​​​​​សង្កាត់ ក្រោយមានការគំរាមកំហែងនិងធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ នៅអំឡុង​​ពេលនៃ​​ការដាក់បញ្ជីបេក្ខភាព ដើម្បីត្រៀមចូលរួមការប្រកួតប្រជែងក្នុងការបោះ​​ឆ្នោត​​ជ្រើស​​​រើស​​​​ក្រុម​​ប្រឹក្សា​ឃុំសង្កាត់ នាពេលខាងមុខ​។

ការប្ដឹងសុំដកឈ្មោះចេញពីបញ្ជីបេក្ខភាពជាមេឃុំ-ចៅសង្កាត់នេះ គឺជាសមាជិកនៃគ​​ណ​​បក្ស​​​​កម្ពុជានិយម។ បេក្ខភាពដែលឈរឈ្មោះឱ្យគណបក្សកម្ពុជានិយម បញ្ជាក់ជំហរថា មូល​​ហេ​​តុ​​​​​ដែលខ្លួនសុំដកឈ្មោះចេញវិញនេះ ដោយសារមិនចង់ចូលរួមប្រកួតប្រជែង។

ដោយឡែក មេឃុំកន្សោមអក អ្នកស្រី ហេង ពៅ បញ្ជាក់ថា អ្នកដែល​​ប្ដឹង​​សុំ​​ដក​​ឈ្មោះ​​​ចេញ​​វិញនេះ មិនមែនបក្សនយោបាយផ្សេងញុះញង់ ឬដោយសារការគំរាមកំហែង​​ពីអាជ្ញាធរ​​​ទេ តែជា​​ការ​​សម្រេចចិត្តរបស់ពួកគេតែម្ដង។

ផ្ទុយពីការអះអាងនេះ ប្រធានគណបក្សកម្ពុជានិយមប្រចាំខេត្តព្រៃវែង លោក ស៊ុំ ជុន ប្រាប់ វីអូឌី នៅថ្ងៃ​​ព្រហ​​ស្បតិ៍នេះថា ការស្នើសុំលុបឈ្មោះវិញនេះ ដោយសារតែ​​ក្នុង​​ចំណោម​​ពួក​​គេត្រូវបានគណបក្សកាន់អំណាចអូសទាញតាមរយៈការទិញទឹកចិត្ត សម្លុត​​​គំរាមកំហែង និង​​ធ្វើទុក្ខបុកម្នេញ។

លោកបន្តថា៖ «ខ្ញុំចូលទៅផ្ទះពួកគាត់ ស្រាប់តែមានមេភូមិ មេស្អី មេប្រជាការពារ ឬមេប្រឹក្សាអី គេ​​មក​​​​អ៊ីចឹង​​ទៅ! ខ្ញុំចូលផ្ទះណា ហើយជ្រើសរើសឈ្មោះហ្នឹង គេមក​ទាក់ទងយកទៅតែម្ដង»។

បើតាមលោក ស៊ុំ ជុន បេក្ខជនដែលឈរឈ្មោះជាមេឃុំចៅ-សង្កាត់របស់គណបក្ស​​កម្ពុជា​​និយម ហើយសុំដកឈ្មោះចេញវិញ ព្រោះតែហេតុផលនយោបាយ រួមមាន លោក ឥត អ៊ាន មកពីភូមិព្រៃអណ្ដូង ឈរលេខរៀងទី៧, លោក ទៀប សាវ៉ុន នៅភូមិតាទាំង ឈរ​​លេខ​​រៀង​ទី៤, លោក ចាន់ រិទ្ធ ឈរលេខរៀងទី១០, លោក ឈិត ម៉ៅ ឈរលេខរៀងទី១៩ និងលោក សែម សុជា ឈរលេខរៀងទី៥ ដែលអ្នកទាំងបីរូបនេះមកពីភូមិជ្រួល រួម​ទាំ​​ង​លោក ឌុក សេង នៅភូមិត្រពាំងរុន ឈរលេខរៀងទី៣។ បេក្ខជនទាំង៦រូបនេះ រស់​​នៅ​​ក្នុង​​ឃុំ​កន្សោ​​ម​​អក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង

ជុំវិញបញ្ហានេះ កាលពីថ្ងៃទី៩ ខែមីនា មេឃុំស្ដីទីនៃឃុំកន្សោមអក លោក វ៉ា សារឿន បានចេញលិខិត​​អ​​​ញ្ជើ​ញ​​​​តំណាងគណបក្សកម្ពុជានិយមប្រចាំខេត្តព្រៃវែង លោក ថោ ចន្ធី និងលោក ស៊ុំ ជុន ឱ្យ​ចូលខ្លួន​​ដោះ​​ស្រាយបណ្ដឹង ដែលប្រជាពលរដ្ឋប្ដឹងសុំដកឈ្មោះចេញពី​​បញ្ជី​​បេក្ខជនឈរឈ្មោះ បម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់វិញ។

បន្ថែមលើសេចក្ដីជូនដំណឹងនេះ មេឃុំកន្សោមអក អ្នកស្រី ហេង ពៅ បានប្រាប់ វីអូឌី ថា ការដែលអាជ្ញាធរខេត្តចេញលិខិតកោះហៅឱ្យតំណាងគណបក្សនយោបាយទាំងពីររូបចូលខ្លួនមក​​សា​​លា​​​​​​​ឃុំនោះ មិនមែនជាការគាបសង្កត់ ឬគំរាមកំហែងផ្នែកនយោបាយ​​ទេ។

អ្នកស្រីបន្តថា ផ្ទុយ​​​ទៅវិញ នេះគ្រាន់ជាតែជាការជួយសម្របសម្រួល ដោយសារពលរដ្ឋប្ដឹង​​ត្រង់​​​​មក​​សា​​លា​​​​ឃុំតែប៉ុណ្ណោះ។ បើតាមអ្នកស្រី ហេង ពៅ ប្រសិនបើការ​សម្របសម្រួលនេះមិន​​​ត្រូវរ៉ូវគ្នា ក្នុង​​នាមអាជ្ញាធរឃុំ នឹងបញ្ជូនវិវាទនេះបន្តទៅគណៈកម្មាធិការឃុំសង្កាត់រៀប​ចំ​​កា​​របោះ​​ឆ្នោតបន្តទៀត។

លោកបន្តថា៖ «បើថាឱ្យខ្ញុំទៅគាបសង្កត់គេហ្នឹង អត់មានទេ សួរតែអ្នកស្រុកខ្ញុំ​​ទៅ។ ខ្ញុំអត់​​មា​​ន​​ទេ គណបក្សហ្នឹងក៏ស្ដីនិយាយរកខ្ញុំ សើចលេង និងហូបចុកជាមួយខ្ញុំជាធម្មតាហ្នឹង​​។ ​​តែ​​បើ​​ថា​​ឱ្យខ្ញុំទៅគាបសង្កត់ ឬប្ដឹងផ្ដល់គេអញ្ចេះអញ្ចុះអី គឺខ្ញុំអត់មានទេ»។

មេឃុំកន្សោមអក ឱ្យដឹងថា មានពលរដ្ឋចំនួន៦នាក់ ក្នុងចំណោម១២នាក់ ដែលបាន​​ប្ដឹង​​សុំ​​ដកឈ្មោះចេញ​​ពី​​បញ្ជី​​បេក្ខ​​ជនមេឃុំ-ចៅសង្កាត់របស់គណបក្សកម្ពុជានិយម។ ចំណែក៦នាក់ផ្សេងទៀតដែលបានដាក់ពាក្យដកឈ្មោះចេញដែរនោះ បន្តរក្សាភាពស្ងៀមស្ងាត់​​នៅ​​ឡើយ​។

បេក្ខភាពដែលឈរជាមេឃុំរបស់គណបក្សកម្ពុជានិយម មកពីភូមិអណ្ដូងព្រៃ ដែលឈរ​​ក្នុង​​​​លេខ​​​រៀងទី៧ គឺលោក ឥត អ៊ាន បដិសេធនឹងការលើកឡើងថា ការសុំដកឈ្មោះ​​ចេញពី​​បញ្ជី​​​បេក្ខភាពនេះ ព្រោះតែហេតុផលនយោបាយ។ លោកបន្តថា តាមពិតទៅ រូបលោកពុំ​​មាន​អ្នក​​ណាគេគំរាមកំហែង ឬទិញទឹកចិត្តអ្វីនោះ​​ទេ។ ប៉ុន្តែមូលហេតុដែល​​ខ្លួនសុំដក​​ឈ្មោះ​​ចេញពីបញ្ជីបេក្ខភាពជាមេឃុំរបស់គណបក្សកម្ពុជានិយមវិញនេះ ព្រោះតែមិនចង់​ចូល​​រួមកា​រ​​ប្រកួតតែប៉ុណ្ណោះ។

លោកបន្តថា៖ «អត់មានទេបង អត់មានពីណាទិញទឹកចិត្តយើងទេ។ នេះជារឿងរបស់យើង និង​​​ការសម្រេចចិត្តរបស់យើងទេ»។

ក្រៅពីបេក្ខភាពរូបនេះ មនុស្ស៥នាក់ផ្សេងទៀតដែលឈរឈ្មោះឱ្យគណបក្ស​​កម្ពុជា​​និ​​យ​ម​ បានបដិសេធក្នុងការអត្ថាធិប្បាយ។

បើទោះជាបែបណា ប្រធានគណបក្សកម្ពុជានិយមប្រចាំខេត្តព្រៃវែង លោក ស៊ុំ ជុន អះអាង​​ថា តាមពិតទៅ ការសុំលាឈប់ការឈរឈ្មោះនេះ វាទាក់ទិននឹងការយាយី និងធ្វើទុក្ខបុកម្នេញ​​ពី​​អាជ្ញាធររបស់គណបក្សប្រជាជនកម្ពុជា រួមទាំងនគរបាលប៉ុស្តិ៍ផង។ លោកបន្តថា ពួកគេ​​មិន​​ហ៊ាន​​ប្រាប់ការពិតទេ ព្រោះតែព្រួយបារម្ភពីសុវត្ថិភាព ប៉ុន្តែធ្លាប់បានបញ្ជក់ថាមានគេ​​តាម​​រំខាន​​ជានិច្ច ក្រោយពីដាក់បញ្ជីឈ្មោះចូលទៅគណៈកម្មាធិការឃុំសង្កាត់ រៀបចំការ​​បោះ​​ឆ្នោត​​រួចមក។

លោកបន្តថា៖ «ជាទឹកចិត្តគាត់ គាត់មិនចង់ទេ ប៉ុន្តែវាមានមូលហេតុអ្វីមួយដែលគាត់​​ប្រាប់យើង​​មិនចំ អាហ្នឹងអ៊ីចឹង។ អូ! ទី១ គាត់ថាមួយថ្ងៃៗ គេមកក្រវែលផ្ទះខ្ញុំ។ ទី២ តេរហូត រក​​ពេល​​​ដេក​​ពួនមិនបាន»។

យ៉ាងនេះក្ដី អធិការរងស្រុកកំពង់ត្របែក ខេត្តព្រៃវែង លោក ជន សារិទ្ធ បានបដិសេធ​​ក្នុង​​ការផ្ដល់ការអត្ថាធិប្បាយ នៅពេលសួរនាំអំពី​​ការចោទប្រកាន់ថាបានរួមចំណែក​​ក្នុងអំ​​ពើគំ​​រាម​​​​កំ​​ហែងប្រឆាំងគណបក្សក្រៅរដ្ឋាភិបាល ក្នុងចំណោមអាជ្ញាធរ​​ឃុំ​​​ផ្សេង​ទៀត នៅថ្ងៃ​​ព្រ​​ហ​​ស្បតិ៍នេះ។

ប្រធានគណៈកម្មាធិការឃុំសង្កាត់រៀបចំការបោះឆ្នោត​ ប្រចាំខេត្តព្រៃវែង លោក ពុត គីម អះ​​អាង​​ថា លោកបានស្រង់ចម្លើយសារភាពរួចរាល់អស់ហើយពីបេក្ខភាពដែលសុំដក​​ឈ្មោះ​​ចេញ​​វិញនេះ។ បើតាមលោក ពុត គីម មានចម្លើយសារភាពខ្លះ តាមរយៈការសម្រប​​សម្រួល​​ចុង​ក្រោយនេះ រកឃើញថា ការសុំលាឈប់និងដកឈ្មោះចេញវិញនេះ ព្រោះតែហេតុ​​ផល​​​នយោបាយ និងការព្រួយបារម្ភពីសុវត្ថិភាពប្រាកដមែន។

លោកបន្តថា៖ «ខ្ញុំកំពុងតែសម្របសម្រួល និងកំពុងតែណែនាំសាកសួរហ្នឹង ហើយខ្ញុំកំពុង​​សាក​​សួរ​​អំពីរឿងផ្លូវច្បាប់ ហេតុអីបានជាមានឈ្មោះមកដាក់អីហ្នឹង ឬយើងស្ម័គ្រ​​ចិត្ត​​ជំនួស​គេយ៉ាងម៉េចៗអីចឹងទៅ។ គាត់ឆ្លើយប្រាប់ខ្ញុំអស់ហើយ។ ខ្ញុំចុះក្នុងកំណត់ហេតុសាកសួររបស់ខ្ញុំអស់ហើយ។ អាហ្នឹងគេឆ្លើយថា សុទ្ធតែមានគេអូសទាញមកបក្សនេះបក្សនោះ នៅក្នុងកំណត់ហេតុខ្ញុំមានអស់ហើយ »។

ប្រធានគណៈកម្មាធិការឃុំសង្កាត់រៀបចំការបោះឆ្នោត លោក ពុត គីម ថ្លែងថា លោកបាន​​ផ្ដល់​ដំណឹងនេះទៅតំណាងគណបក្សកម្ពុជានិយមរួចហើយ ដើម្បីឱ្យរកអ្នកថ្មីជំនួស ដោយសា​រថ្ងៃ​​នេះគឺជាថ្ងៃចុងក្រោយនៃការផ្ដល់សុពលភាពទៅលើបញ្ជីបេក្ខភាពដែលឈរឈ្មោះសម្រាប់​​​​​​​​​ការបោះឆ្នោតឃុំ-សង្កាត់។

ច្បាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ស្ដីពីការចុះបញ្ជីបេក្ខជននៃគណបក្ស​​ន​​យោ​​​​​បាយប្រការ ៦.៥ ត្រង់កឋាខណ្ឌទី៣ ចែងថា បេក្ខជនម្នាក់ៗត្រូវមានឈ្មោះក្នុង​​បញ្ជី​​បេក្ខ​​ជននៃគណបក្សនយោបាយតែមួយប៉ុណ្ណោះ។ បេក្ខជនម្នាក់ៗមិនត្រូវបានអនុញ្ញាតឱ្យ​​លា​ឈប់ពីបេក្ខភាព មុនបញ្ជីបេក្ខជនផ្លូវការត្រូវបានសម្រេចឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ