គណបក្សភ្លើងទៀន ចាត់ទុកអាជ្ញាធរចាប់ខ្លួនបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់គណបក្សមួយនេះជាបន្តបន្ទាប់នៅខេត្តពោធិ៍សាត់ ជាការគំរាមកំហែងផ្នែកនយោបាយ មិនមែនរឿងក្លែងបន្លំឯកសារដូចអាជ្ញាធរចោទប្រកាន់នោះទេ។
អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា មានប្រសាសន៍ថា រយៈពេលជិត១សប្ដាហ៍នេះ អាជ្ញាធរខេត្តពោធិ៍សាត់បានចាប់ខ្លួនបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់គណបក្សភ្លើងទៀន នៅឃុំអន្សាចំបក់ ស្ថិតក្នុងស្រុកក្រគរ លោក អ៊ុក សាវារិន និងបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ ឃុំស្រែស្ដុក ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ លោក ឈូច ឈឿន បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដោយចោទពីបទក្លែងបន្លំឯកសារ។
លោក ថាច់ សេដ្ឋា ចាត់ទុកអាជ្ញាធរចាប់ខ្លួនបេក្ខជនឈរឈ្មោះបោះឆ្នោតទាំងពីរនាក់នោះថា ជាការគំរាមកំហែងផ្នែកនយោបាយ ខណៈការបោះឆ្នោតឃុំ-សង្កាត់ខិតជិតមកដល់។
លោកមានប្រសាសន៍ថា៖ «នេះជាការគំរាមកំហែងហើយ ពីព្រោះការលួងលោម បញ្ចុះបញ្ចូលឈ្មោះ [លោក អ៊ុក សាវារិន និងលោក ឈូច ឈឿន] ពួកគាត់មិនព្រមចុះចូលជាមួយគណបក្សកាន់អំណាច ក៏មានបញ្ហាចាប់ខ្លួននេះកើតឡើង»។
វីអូឌី មិនអាចសុំការបំភ្លឺពីស្នងការនគរបាលខេត្តពោធិ៍សាត់ លោក ស ថេង បានទេ កាលពីរសៀលថ្ងៃអាទិត្យម្សិលមិញ។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់គណបក្សភ្លើងទៀន បានឱ្យដឹងកាលពីថ្ងៃទី១២ ខែមីនា ថាអគ្គលេខាធិការគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុត្តិ បានដឹកនាំក្រុមការងារជួបជាមួយលោក សោម សូរីដា ទីប្រឹក្សានិងជាអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីថ្ងៃទី១១ ខែមីនានេះ។
សេចក្ដីប្រកាសដដែលបញ្ជាក់ថា ក្នុងជំនួបនោះ លោក លី សុធារ៉ាយុត្តិ បានប្រាប់លោក សោម សូរីដា ថាមានការគំរាមកំហែង បង្ខិតបង្ខំបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់គណបក្សភ្លើងទៀន ឱ្យដកឈ្មោះចេញពីបេក្ខភាព និងមានការចាប់ខ្លួនបេក្ខជនគណបក្សនៅខេត្តពោធិ៍សាត់ផងដែរ។
ចំណែកលោក សោម សូរីដា ឆ្លើយតបទៅលោក លី សុធារ៉ាយុត្តិ ថានឹងទទួលយកនូវកង្វល់ ហើយលោកនឹងរាយការណ៍ទៅថ្នាក់ដឹកនាំ គ.ជ.ប ដើម្បីដោះស្រាយបញ្ហាទាំងនោះឱ្យបានទាន់ពេលវេលា។
នាយកប្រតិបត្តិអង្គការនិចហ្វិក លោក សំ គន្ធាមី មានប្រសាសន៍ថា អាជ្ញាធរមិនគួររឹតត្បិតសេរីភាព ធ្វើការគំរាមកំហែងបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់គណបក្សភ្លើងទៀនបែបនេះនោះទេ។
លោកបញ្ជាក់ថា បើអាជ្ញាធរនៅតែបន្តរឹតត្បិតសេរីភាពនិងគំរាមកំហែងបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់បន្តទៀត នោះការបោះឆ្នោតមិនសេរីនិងយុត្តិធម៌នោះទេ។
លោកមានប្រសាសន៍ថា៖ «ជាទូទៅ គេវាយតម្លៃ៣ដំណាក់កាល គឺដំណាក់កាលមុនបោះឆ្នោត អាហ្នឹងដំណាក់កាលដាក់ពាក្យ ឃោសនា និងថ្ងៃបោះឆ្នោត និងថ្ងៃរាប់សន្លឹកឆ្នោត តើមានសកម្មភាពអ្វីខ្លះដែលមិនប្រក្រតី ហើយបើមានការគំរាមកំហែង មិនមានសេរីនិងមិនមានយុត្តិធម៌ដែរ»។
យោងប្រតិទិនដែលចេញដោយ គ.ជ.ប បញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥នេះ នឹងធ្វើឡើងនៅថ្ងៃអាទិត្យទី៥ ខែមិថុនា ឆ្នាំ២០២២៕