សមត្ថកិច្ច​ខេត្តពោធិ៍សាត់​បញ្ជូន​បេក្ខជន​គណបក្សភ្លើងទៀន​២នាក់​ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ក្លែងបន្លំ​ឯកសារ

សកម្មភាពលើកផ្លាកគណបក្សភ្លើងទៀន នៅខេត្តពោធិ៍សាត់ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ គណបក្សភ្លើងទៀនខេត្តពោធិ៍សាត់)

សមត្ថកិច្ចខេត្តពោធិ៍សាត់ បានបញ្ជូន​បេក្ខជន​ឈរឈ្មោះបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំសង្កាត់​មក​ពី​គណបក្ស​​ភ្លើង​ទៀនចំនួន២រូបទៅតុលាការ នៅថ្ងៃចន្ទនេះ ពាក់ព័ន្ធនឹងករណីក្លែងបន្លំស្នាមមេដៃនិង​ហត្ថលេខាលើឯកសារ​សម្រាប់ចុះឈ្មោះបេក្ខភាពឈរឈ្មោះបោះឆ្នោត។

អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា មានប្រសាសន៍ថា រយៈពេលជិត១សប្ដាហ៍នេះ អាជ្ញាធរខេត្តពោធិ៍សាត់បានចាប់ខ្លួន​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​​គណបក្ស​ភ្លើង​ទៀន នៅ​ឃុំ​អន្សា​ចំបក់​ ស្ថិត​ក្នុង​ស្រុក​ក្រគរ លោក អ៊ុក សាវារិន និងបេក្ខជន​​ឈរ​ឈ្មោះ​បោះ​ឆ្នោត​​ក្រុម​​ប្រឹក្សា​ឃុំ​ ឃុំស្រែស្ដុក ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ លោក ឈូច ឈឿន បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដោយចោទពីបទ «ក្លែងបន្លំឯកសារ»។

លោក ថាច់ សេដ្ឋា បញ្ជាក់ថា ក្រោយពីសមត្ថកិច្ចឃាត់ខ្លួនសួរនាំរួច ក៏បញ្ជូនអ្នកទាំង២រូបនោះ​ទៅតុលាការ​នាព្រឹកថ្ងៃចន្ទនេះ។ លោកចាត់ទុកការបញ្ជូនពួកគេទាំងពីរនាក់ទៅតុលាការ ថាជាការគំរាម​កំហែង​ផ្នែក​នយោបាយ មិនមែនរឿងក្លែងបន្លំ​ឯកសារដូចអាជ្ញាធរចោទប្រកាន់នោះទេ។

លោកមានប្រសាសន៍ថា៖ «ទៅចាប់គ្នាទៅដាក់គុក វាមិនត្រឹមត្រូវ! ហើយវាផ្ដើមចេញមកពីរឿងគំរាម​កំហែង ​[ផ្នែកនយោបាយ] ឬការបោះឆ្នោតក្នុងឃុំសង្កាត់ ដែលពួកគាត់ឈរលំដាប់លេខមួយទាំង​អស់​ហ្នឹង»។

វីអូឌី មិនអាចសុំការបញ្ជាក់​ពីស្នងការ​នគរបាល​ខេត្តពោធិ៍សាត់​ លោក ស ថេង បានទេ នៅ​រសៀលថ្ងៃចន្ទនេះ។

អ្នកនាំពាក្យសាលាដំបូងខេត្តពោធិ៍សាត់ លោកស្រី ផាន់ សុគន្ធថង មានប្រសាសន៍ថា លោកស្រីទើប​តែទទួល​បាន​សំណុំរឿងចោទប្រកាន់លើបេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​​គណបក្ស​ភ្លើង​ទៀន នៅ​ឃុំ​អន្សា​ចំបក់​ ខណៈ​​សំណុំរឿងបេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ នៅ​ឃុំស្រែស្ដុក លោក ឈូច ឈឿន នៅ​មិនទាន់ទទួលបានព័ត៌មាន​នៅ​ឡើយ។

លោកស្រី​បញ្ជាក់ថា សំណុំរឿងលោក អ៊ុក សាវារិន ត្រូវបានតុលាការសម្រេចចោទប្រកាន់ពីបទ «កន្លែងបន្លំឯកសារ» និងបានឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារ។

លោកស្រីមានប្រសាសន៍ថា៖ «ចោទប្រកាន់ទៅបាត់ហើយ ឈ្មោះ អ៊ុក សាវារិន ព្រះរាជ​អាជ្ញាដែល​​​​កាន់​សំណុំរឿងហ្នឹង​សម្រេចចោទប្រកាន់ពីបទក្លែងបន្លំឯកសារសាធារណៈ»។

​មន្ដ្រីជាន់ខ្ពស់នៃកម្មវិធីផ្នែកអង្កេតរបស់អង្គការខុមហ្វ្រែល លោក កន សាវាង្ស ពន្យល់ថា តាមនីតិវិធីច្បាប់បោះឆ្នោត នៅក្នុងដំណាក់កាលនៃការចុះឈ្មោះដាក់បេក្ខជន​ឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ បើសិនជារកឃើញថាបេក្ខជនណាមួយបន្លំឯកសារឬធ្វើខុសនីតិវិធី នោះ​មន្ត្រី គ.ជ.ប ជា​អ្នក​ទទួល​បន្ទុកពិនិត្យនិងសម្រេចឱ្យកែតម្រូវតែប៉ុណ្ណោះ ដោយ​​​មិនមានច្បាប់ចែងដាក់ទោស​ផ្នែកព្រហ្មទណ្ឌនោះទេ។

លោកមានប្រសាសន៍ថា៖ «នៅក្នុងដំណាក់កាលចុះឈ្មោះបោះឆ្នោត រាល់ឯកសារទាំងឡាយដែលមិនត្រឹមត្រូវ ហើយមានការតវ៉ាផ្សេងៗ វាស្ថិតនៅក្រោមសមត្ថកិច្ចរបស់ស្ថាប័ន គ.ជ.ប ជាអ្នកដោះស្រាយ មិនស្ថិតនៅក្នុងប្រព័ន្ធតុលាការយកទៅដោះស្រាយទេ លើកលែងករណីផ្សេង ក្រៅពីដំណើរការ​ចុះឈ្មោះ ឬឯកសារក្រៅពីដាក់មក​ចុះឈ្មោះបោះឆ្នោត»។

លោកបន្ថែមថា៖ «អ៊ីចឹងនៅក្នុងដំណើរការប្ដឹងតវ៉ាស្ថិតនៅក្នុងសមត្ថកិច្ចស្ថាប័ន គ.ជ.ប។ នៅក្នុងឯកសារឃុំសង្កាត់មើលឃើញថា វាមិនត្រឹមត្រូវ អ៊ីចឹងគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោតមានតួនាទីនិងភារកិច្ចសម្រាប់ឱ្យបេក្ខជននៃគណបក្សនយោបាយក្នុង​ឃុំសង្កាត់ កែ​តម្រូវ! ហើយបើកែតម្រូវមិនពេញលេញទេ មានន័យថា គណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត​ មានតួនាទីនិងភារកិច្ចក្នុងការ​បដិសេធមិនទទួលឱ្យមានការចុះឈ្មោះរបស់បេក្ខជនហ្នឹងទេ មិនមាននីតិវិធីណាបង្ហាញថាមិនត្រឹមត្រូវ ឱ្យសមត្ថកិច្ចប្ដឹងពីបទក្លែងបន្លំឯកសារ មិនមានទេ»។

យោងតាម​ប្រតិទិនដែលចេញដោយ គ.ជ.ប បញ្ជាក់ថា ការបោះឆ្នោតជ្រើស​រើស​ក្រុម​​ប្រឹក្សា​ឃុំ-​​សង្កាត់ ​អាណត្តិទី៥នេះ​ នឹង​​​​ធ្វើឡើងនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ