គ.ជ.ប លុបបញ្ជីបេក្ខជនឈរឈ្មោះបក្សភ្លើងទៀនចំនួន២ឃុំនៅខេត្តកំពង់ចាម ដោយសារមានភាពមិនប្រក្រតី

គ.ជ.ប បើកសវនាការជាសាធារណៈលើបណ្ដឹង​សុំបដិសេធ​បញ្ជីបេក្ខជនគណបក្សនយោបាយរបស់គណបក្សភ្លើងទៀន នៃសង្កាត់ទួលស្វាយព្រៃទី១ នៅទីស្ដីការ គ.ជ.ប ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២។ (ជន ចាន់រ៉ែន)

ប្រធាន​ក្រុមប្រឹក្សាជំនុំជម្រះនៃ​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ស​ម្រេច​លុបចោល​​បញ្ជី​ឈ្មោះ​បេ​ក្ខជន​ទាំងអស់​​​នៃគណបក្សភ្លើងទៀន​នៅឃុំ-សង្កាត់​ចំនួន​២ ក្នុង​ចំណោម​៥ឃុំ-​សង្កាត់ នៃខេត្តកំពង់ចាម​ ដោយ​សារ​​រក​ឃើញ​​​មាន​ភាព​មិន​ប្រក្រតី​​នៃ​ដំណើរ​ការ​ចុះ​ឈ្មោះ​​​​បេក្ខ​​ជន​សម្រាប់​​ការ​បោះឆ្នោត​ជ្រើសរើ​សក្រុមប្រឹ​ក្សាឃុំ-សង្កាត់។

ការសម្រេច​នេះធ្វើឡើង​បន្ទាប់​ពី​លោក កែត ឃី មេធាវី​ការពារក្ដីឱ្យដើមបណ្ដឹងរបស់គណបក្សភ្លើង​ទៀន បានប្ដឹងទៅ គ.ជ.ប ស្នើសុំរក្សាបញ្ជីឈ្មោះ​បេក្ខជនឈរឈ្មោះមកពី​​គណបក្សភ្លើងទៀនចំនួន​៥ឃុំ-សង្កាត់ រួម​មាន ឃុំស្ពឺ ឃុំចង្ការអណ្ដូង សង្កាត់បឹងកុក និងសង្កាត់សំបួរមាស ខេត្តកំពង់ចាម ។

ក្រោយពីសួរដេញដោល និងស្ដាប់ការធ្វើសេចក្ដីសន្និដ្ឋានរបស់មេធាវីដើម​បណ្ដឹង និង​មេធាវីការ​ពារ​​ក្ដីឱ្យ​គណបក្ស​ភ្លើង​ទៀនរួចមក ​ប្រធាន​​ក្រុ​ម​ប្រឹក្សាជំនុំ​ជម្រះ ​នៃ​គណៈកម្មាធិការជាតិរៀបចំការបោះ​ឆ្នោត លោក ប្រាជ្ញ ចន្ទ បាន​សម្រេចលុបបញ្ជីឈរឈ្មោះ​របស់បេក្ខជន​មកពីគណបក្សភ្លើងទៀនចំនួន២ឃុំ-សង្កាត់ រួមមាន ឃុំស្ពឺ (សំណុំរឿង០៧៣) និងសង្កាត់បឹងកុក (សំណុំរឿង០៧២) ដោយសារផ្ទុយនឹងគតិច្បាប់។

លោកបន្តថា ចំណែកឃុំ-សង្កាត់ចំនួន៣ទៀត​​ដែលប្រធានក្រុមប្រឹក្សាជំនុំជម្រះអនុញ្ញាត​ឱ្យគណបក្ស​ភ្លើង​ទៀន​បាន​ចុះបញ្ជី ដោយសារការត្រៀមដាក់​បេក្ខជនបម្រុងរបស់គណបក្សនេះមាន​លក្ខណៈសម្បត្តិ​គ្រប់​គ្រាន់​ពេញ​លេញ​ដែល​អាច​ទទួល​យក​បាន ដោយ​បេក្ខជន​ចេះសរសេរ ចេះ​អានភាសាខ្មែរ និង​សរសេរប្រវត្តិរូប ចុះ​ហត្ថលេខា និង​ផ្ដិតមេដៃដោយផ្ទាល់ដៃ ដោយមិនមានអ្នកដទៃធ្វើជំនួសនោះទេ។

ការសម្រេចរបស់​ប្រធានក្រុមប្រឹក្សា​ជំនុំជម្រះ​នេះ បាន​ប្រកាសជាសាធារណៈនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ​២០២២នេះ នៅចំពោះមុខដើមបណ្ដឹង និងមេធាវីតំណាង និងជា​​សេចក្ដីសម្រេចស្ថាពរ​បិទផ្លូវតវ៉ា។

អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា មានប្រសាសន៍បន្ថែមថា ដើមចមដែលប្រធានក្រុមប្រឹក្សា នៃ​គណៈ​កម្មាធិការជាតិរៀបចំការបោះឆ្នោត ស​ម្រេច​លុបចោល​​បញ្ជីបេ​ក្ខជន​ទាំងអស់​​នៃគណបក្ស​ភ្លើងទៀន​ក្នុងឃុំ-សង្កាត់ចំនួន២នោះ​ ដោយ​សារ​​ គ.ជ.ប ​រក​ឃើញ​​​មានភាពមិនប្រក្រតី និងមានភាពស្មុគស្មាញច្រើន​នៃដំណើរការចុះឈ្មោះ​​​​របស់​បេក្ខ​ជន។

លោក​​ថា៖ «សំណុំរឿងមួយនោះ ខាងតំណាងគណបក្សភ្លើងទៀន លោកបានប្រកាសថា មិនមានបេក្ខជនបម្រុងសម្រាប់ធ្វើការជំនួសនោះទេ ហើយសំណុំរឿងមួយទៀតពាក់ព័ន្ធសាម៉ីខ្លួនលោកអត់បានអញ្ជើញមកទេ» ។

លោកបន្ថែមថា៖ «ហើយ គ.ជ.ប ពិនិត្យឃើញថា បញ្ជីរបស់គណបក្សភ្លើងទៀន​ដែលក្រុមប្រឹក្សាធ្វើការ​បដិសេធ​នេះ មានភាពស្មុគស្មាញដែលមិនអាចទទួលយកបានសម្រាប់ការចុះបញ្ជី។ អ៊ីចឹង គ.ជ.ប សម្រេចឱ្យគណៈកម្មាធិការឃុំសង្កាត់សម្រាប់រៀបចំការបោះឆ្នោតអនុវត្តទៅតាមនីតិវិធី»។

តំណាងគណបក្សភ្លើងទៀនប្រចាំនៅខេត្តកំពង់ចាម លោក វ៉ាត់ ធារិត ដែលជាដើមបណ្ដឹង បានថ្លែងប្រាប់វីអូឌី​​​​ថា គាត់​មាន​ការរីករាយ​ផង និង​បារម្ភផង ជុំវិញការសម្រេចរបស់ គ.ជ.ប។

លោក​ថា៖ «គ្រាន់តែចាប់ផ្ដើមភ្លាម បេក្ខជនថ្វីត្បិតតែយើងរកបាន ប៉ុន្តែពួកគាត់ចេញចូលៗ ជួន​កាល​រៀប​បាន​កន្លះ​ម៉ោង ​សុំដក​ខ្លួនចេញ​វិញ សុំ​ឈប់​វិញ វាពិបាកណាស់! ដូច្នេះវាជាបរិយាកាសមួយ​ដែលយើងពិបាកក្នុងការប្រកួតប្រជែងក្នុងការបោះឆ្នោតខាងមុខដែរ ពីព្រោះប្រជាពលរដ្ឋគាត់មានស្ថានភាពផ្លូវចិត្តមិននឹងនរ»។

នាយកប្រតិបត្តិអង្គការនិចហ្វិក លោក សំ គន្ធាមី មានប្រសាសន៍ថា ការលុបឈ្មោះបេក្ខជនពីបញ្ជីបេក្ខជនគណបក្សភ្លើងទៀនចេញពីបញ្ជីឈ្មោះបោះឆ្នោត ទំនងជាអាជ្ញាធរពាក់ព័ន្ធរបស់ គ.ជ.ប និងមន្ត្រីគណបក្សនោះ ធ្វើការងារមិនស៊ីសង្វាក់គ្នាក្នុងការសម្របសម្រួលក្នុងដំណាក់ការនីតិវិធីកែតម្រូវកំហុសឆ្គងផ្សេងៗជាដើម។

ករណីនេះ លោកផ្ដល់ជាអនុសាសន៍ថា មន្ត្រីពាក់ព័ន្ធ និងគណបក្សនយោបាយ គួរតែធ្វើការសហការងារក្នុងការចុះឈ្មោះបេក្ខជនរបស់គណបក្សនយោបាយ ដើម្បីឱ្យការបោះឆ្នោតមានសេរី និងយុត្តិធម៌ ។

កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ប្រធាន​​ក្រុ​ម​ប្រឹក្សាជំនុំ​ជម្រះ​​នៃ​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ប្រាជ្ញ ចន្ទ បាន​សម្រេចលុបបញ្ជីឈរឈ្មោះ​របស់បេក្ខជនទាំងអស់​​​មកពី​គណបក្ស​​ភ្លើង​​ទៀន (បេក្ខជនចំនួន១៨នាក់)​​​ ក្នុង​​​សង្កាត់ទួលស្វាយព្រៃទី១ ចេញពីបញ្ជីឈរឈ្មោះបោះឆ្នោតជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ក្រោយ​រកឃើញមានភាពមិនប្រក្រតីក្នុងការចុះឈ្មោះនាពេល​កន្លងមក​។

កាលពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ គ.ជ.ប បានបើកឱ្យគណបក្ស​នយោបាយ​​ចុះ​ឈ្មោះ​បេក្ខជន​របស់​ខ្លួនសម្រាប់ឈរឈ្មោះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា​ឃុំ​សង្កាត់​ ក្នុង​នោះ​មាន​​​គណបក្សនយោបាយចំនួន​១៧​ដែលបានដាក់បញ្ជីបេក្ខភាពរបស់ខ្លួន​។

បើតាម​​​ប្រតិទិន​​របស់​ គ.ជ.ប ការបោះឆ្នោត​​ជ្រើស​​រើសក្រុមប្រឹក្សា​ឃុំ​សង្កាត់ នឹង​​​ប្រ​​ព្រឹត្តទៅ​​នៅ​​ថ្ងៃ​​អា​​ទិត្យ ទី៥ ខែ​មិថុនា ឆ្នាំ២០២២​ ខាងមុខនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ