គ.ជ.ប សម្រេច​ឱ្យ​អគ្គលេខា​ធិការដ្ឋាន​ប្រើប្រាស់​ឯកសារ​ដើម្បី​ផ្សព្វផ្សាយ​ក្នុង​ថ្ងៃ​បោះឆ្នោត

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ យុទ្ធនាការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត នៅសាលាសង្កាត់ផ្សារដើមថ្កូវ សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ (គួយ ឡង់ឌី)

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សម្រេច​ឱ្យ​អគ្គលេខាធិការដ្ឋានរបស់ស្ថាប័ន​មួយ​នេះ អនុវត្ត​លើឯក​​សា​​​រផ្លូវច្បាប់មួយចំនួន​ សម្រាប់ប្រើប្រាស់​​​ផ្សព្វផ្សាយដែល​បម្រើ​ឱ្យ​ការ​បោះ​​​ឆ្នោតជ្រើសរើស​​ក្រុម​​ប្រឹក្សាឃុំសង្កាត់ នីតិកាលទី៥ នាងពេលខាងមុខនេះ។

សេចក្ដីប្រកាស​ព័ត៌មានរបស់ គ.ជ.ប ចុះ​ថ្ងៃ​ទី​២៣​ ខែមីនា បានលើកឡើង​​​ថា គ.ជ.ប សម្រេចឱ្យ​អគ្គ​លេខាធិការ​​ដ្ឋាន​ គ.ជ.ប ដែលជាអង្គភាពជំនាញ​ កែសម្រួលខ្លឹមសារមួយចំនួនឡើងវិញ ដោយ​ផ្អែក​លើ​ស្មារតី​នៃ​​​កិច្ច​​ប្រជុំកន្លង​ទៅ ហើយដាក់ឱ្យអនុវត្តនិងផ្សព្វផ្សាយរាល់ឯកសារនិង​ខ្លឹម​សារ​ទាំង​នោះ​ សម្រាប់​ដំណើរការបោះឆ្នោតឃុំ​​សង្កាត់​​ខាង​មុខ​​នេះ។

ប្រភពដដែលបន្តថា ឯកសារដែល គ.ជ.ប យល់ព្រមដាក់ឱ្យប្រើប្រាស់​ក្នុងដំណើរ​ការបោះ​​ឆ្នោត​​​សម្រាប់អាណត្តិទី៥នេះ មាន​​​​ដូចជា ខិត្ត​បណ្ណផ្សព្វផ្សាយ​​​ដែលជាព្រះរាជសាររបស់ព្រះករុណា ព្រះបាទ​​​សម្តេច ​​ព្រះ​ន​​រោត្ដម សីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា​​ និង​​សេចក្ដីអំពាវ​​នាវនានា​​​របស់ គ.ជ.ប។

ក្រៅពីនេះ នៅ​​មាន​​ឯក​​សារ​​ផ្សព្វផ្សាយ​​អប់​​រំ​ផ្សេងទៀត រួមមាន ខ្លឹមសារ Poster ដែល​ជាគំរូឯក​សារ​​ផ្លូវ​​​ការ​ប្រើប្រាស់​សម្រាប់​​ការបោះឆ្នោត, ខ្លឹម​​សារ Poster ដែលជាគំរូសន្លឹកឆ្នោតមិនបានការ, ខ្លឹម​សារ​ខិត្តប័ណ្ណស្ដីពី​​កា​​​រ​​​បោះឆ្នោត​ដោយ​​ស​​ម្ងាត់​ សេរី យុត្តិធម៌ និងតម្លាភាព, ខ្លឹម​សារ​ស្ប៉តអប់រំ​សម្រាប់​​​ការ​ផ្សព្វ​​ផ្សាយ​​​តាម​​វិទ្យុ ស្ប៉តវីដេអូ និង​​ចម្រៀង​​​​​កាយវិការ​សម្រាប់ផ្សាយតាមទូរទស្សន៍។

បើតាមសេចក្ដីប្រកាសព័ត៌មានដដែលនេះ ស្ថាប័នជាតិរៀបចំការបោះឆ្នោត ក៏​​ស​​ម្រេច​​យល់​ព្រម​ទៅ​លើ​គោល​ការណ៍​​​ស្ដីពី​ការ​បង្កើត​គណៈកម្មការ​​សម្របសម្រួលកម្មវិធីផ្សព្វ​​ផ្សា​​​​យ​​​អប់រំ​អ្នក​បោះ​ឆ្នោត ផ្សព្វផ្សាយ​អំពី​គោល​នយោបាយ និងកម្មវិធីនយោបាយរបស់​​​គណបក្ស​​ន​​យោ​​​បាយ។ បន្ថែម​ពី​លើ​នេះ​ទៀត គ.ជ.ប ក៏បានសម្រេចទៅលើគោលការណ៍កំណត់កាលបរិច្ឆេទនៃ​ការ​ចេញ​ឯកសារ​បញ្ជាក់​អត្ត​សញ្ញាណ​បម្រើ​ឱ្យការបោះឆ្នោត និងឯកភាពទៅលើប្រតិទិន ព្រម​ទាំង​ផែន​ការ​មេ​នៃការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោត​ ឆ្នាំ២០២២៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ