សង្គមស៊ីវិលនិងសហគមន៍​ដាក់ញត្តិ​​នៅ​ក្រសួង​បរិស្ថាន ​ស្នើ​​បើក​លំហរ​សិទ្ធិ​សេរីភាព​​ក្នុង​​ការ​​ចុះល្បាត​​ព្រៃ​ឡើង​វិញ

អង្គការសង្គមស៊ីវិល និងសហគមន៍ជាង ២០ស្ថាប័ន នៅថ្ងៃព្រឹកថ្ងៃ២៩ ខែមីនា ឆ្នាំ២០២២ បានទៅដាក់ញត្តិនៅក្រសួងបរិស្ថាន។ (រូបភាព៖ កញ្ញា លី សុគន្ធារី)

អង្គការសង្គមស៊ីវិល និងសហគមន៍​ជាង ២០ស្ថាប័ន​ នៅថ្ងៃព្រឹកថ្ងៃអង្គារនេះ បានទៅ​​ដាក់ញត្តិនៅ​ក្រសួងបរិស្ថាន ដើម្បីស្នើសុំ​​ឱ្យ​បើក​លំហរ​​​សិទ្ធិ​​សេរីភាព​​សហគមន៍ រួមទាំង​អង្គការសង្គមស៊ីវិល ក្នុងការ​ចុះល្បាត​ព្រៃ​នៅតាម​តំបន់​ការ​ពារ​ធម្មជាតិ និង​តំបន់​ផ្សេងៗ​ឡើង​វិញ។

អង្គការ​សង្គមស៊ីវិល និងសហគមន៍ទាំងនោះ មានដូចជា សមាគមបណ្តាញយុវជនកម្ពុជា មជ្ឈមណ្ឌលសិទ្ធិមនុស្ស​កម្ពុជា បណ្តាញសហគមន៍ព្រៃឡង់ អង្គការ​ស្ពានសន្តិភាព អង្គការជនជាតិដើមភាគតិចកម្ពុជា បណ្តាញព្រៃព្រះរកា សហគមន៍ព្រៃឈើក្បាលខ្លា និងអង្គការ សហគមន៍មួយចំនួនទៀត។

ក្នុងញត្តិរបស់ក្រុមអង្គការសង្គមស៊ីវិលនិងសហគមន៍ ដាក់ជូនរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ បាន​​លើកឡើង​ថា ពួកគេមាន​ការ​ព្រួយបារម្ភជាខ្លាំងចំពោះការ​រឹត​ត្បិតសិទ្ធិសេរីភាពរបស់​ប្រជាពលរដ្ឋ​ សហគមន៍​មូលដ្ឋាន សមាគម អង្គការ​សង្គមស៊ីវិល និងការ​រកឃើញ​ជាបន្តបន្ទាប់នូវបទល្មើស​ធនធានធម្មជាតិ ក៏ដូចជា ការ​កាប់រាន​ទន្ទ្រាន​យកដីព្រៃនៅក្នុងតំបន់​ការ​ពារ​ធម្មជាតិ​ ក្នុង​រយៈពេល ៣ឆ្នាំ​កន្លងមកនេះ។

ញត្តិដដែលបន្តថា រយៈពេល ២ទសវត្សរ៍ចុង​ក្រោយ​នេះ ស្ថាន​ភាពគម្រប​ព្រៃឈើនៅកម្ពុជា បាន​បន្ត​ធ្លាក់ចុះ​យ៉ាង​រហ័ស​ពីចំនួន ៦១,១៥ភាគរយ នៅឆ្នាំ២០០២ មកត្រឹម ៤៦,៨៦ភាគរយ គិត​ត្រឹម​ឆ្នាំ២០១៨។

ញត្តិដដែលបន្តទៀត​​ថា ស្រប​ពេល​ដែល​គម្រប​ព្រៃ​ឈើនៅកម្ពុជា នៅតែបន្តរកឃើញពី​ការបាត់បង់ និងការលួចបំផ្លាញនេះ ក្រុមសង្គមស៊ីវិលនិងសហគមន៍ ក៏នៅតែអង្កេត​ឃើញមានការ​រឹតត្បិត​សិទ្ធិ​សេរីភាពចំពោះ​​​ការ​ចូល​រួម​ក្នុងការ​ការពារព្រៃឈើ និងធនធាន​​ធម្មជាតិដោយ​ស្ម័គ្រ​ចិត្ត​ ដូចជា សកម្មភាពល្បាតព្រៃរបស់​​​​បណ្តាញ​សហគមន៍ព្រៃឡង់ បណ្តាញ​សហគមន៍ព្រៃព្រះរកា ក្រុមសកម្មជនព្រៃឈើ​ សមាគម និង​អង្គការ​សង្គម​ស៊ីវិល។​

(រូបភាព៖ កញ្ញា លី សុគន្ធារី)

ក្រុម​អង្គការ​សង្គមស៊ីវិល និងសហគមន៍​ទាំងនោះ​​ បាន​ស្នើ​រដ្ឋមន្ត្រីក្រសួងបរិស្ថាន អនុវត្តការប្តេជ្ញាចិត្តរបស់ខ្លួន​ដូចមានចែងក្នុងកម្មវិធីព្រៃឈើជាតិ ដែលបានដាក់ឱ្យអនុវត្ត​ពីឆ្នាំ២០១០ ដល់​ឆ្នាំ២០២៩ និងការប្តេជ្ញាចិត្ត​របស់ក្រសួង​ក្នុងសន្និសីទក្របខណ្ឌអង្គការ​សហប្រជាជាតិ នៅទីក្រុងប៉ារីស ដែលសន្យាថែ​រក្សា​​គម្រប​​ព្រៃ​ឈើឱ្យ​បាន​៦០ភាគរយ​ត្រឹមឆ្នាំ២០៣០។

ពួកគេក៏បានស្នើឱ្យ​យកចិត្តទុកដាក់ទប់ស្កាត់បទល្មើស​ធនធានធម្មជាតិ ផ្តន្ទាទោស​ដល់​អ្នកទិញ​-លក់ឈើ​ខុស​ច្បាប់ ព្រមទាំង​ស៊ើបអង្កេតរក​អ្នកពាក់ព័ន្ធ​ និងអនុវត្តច្បាប់​ឱ្យ​ខាន​តែបាន​ចំពោះ​ការ​ប្រព្រឹត្ត​អំពើពុករលួយ​គ្រប់ប្រភេទ។ ត្រួតពិនិត្យ​តាមដានការអនុវត្ត​កិច្ចសន្យា និងអាជ្ញាប័ណ្ណ​របស់ក្រុមហ៊ុនសម្បទាន​សេដ្ឋកិច្ច​ ក្នុងនោះត្រូវបើកទូលាយឱ្យ​អ្នកសារព័ត៌មាន​ អ្នកសិក្សាស្រាវជ្រាវ​ សមាគម អង្គការ​សង្គម​ស៊ីវិល សហគមន៍មូលដ្ឋាន និងសាធារណជន ចូលរួមតាមដាន និងអង្កេតដើម្បីធានានូវតម្លាភាព។

ក្រៅពីនោះ ពួកគេ ក៏ស្នើ​ឱ្យ​បើកទូលាយនូវការ​អនុវត្តសិទ្ធិ និងករណីកិច្ច​នានាចំពោះសហគមន៍មូលដ្ឋាន សហគមន៍ជនជាតិដើមភាពតិច សាធារណជន សមាគម និងអង្គការសង្គមស៊ីវិល ស្របតាម​ច្បាប់ស្តីពី​តំបន់​ការពារ​ធម្មជាតិ។

ប្រធាន​កម្មវិធី​ផ្នែក​ស្រាវ​ជ្រាវ និង​តស៊ូមតិនៃសមាគមបណ្ដាញយុវជន​កម្ពុជា លោក ហេង គឹមហុង ប្រាប់​វីអូឌី​ថា ការដាក់ញត្តិទៅកាន់ក្រសួងបរិស្ថាន​ ដែល​ធ្វើឡើងនៅ​ថ្ងៃ​​​នេះ ក្នុងគោលបំណង​​​ស្នើ​ឱ្យក្រសួង​គោរពសិទ្ធិជនជាតិដើមភាគតិច សហគមន៍​ និង​​អង្គការសង្គមស៊ីវិល ក្នុងការ​ចូល​រួមការពារធនធាន​ធម្មជាតិ ស្រប​តាមរដ្ឋធម្មនុញ្ញ និងច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ។

​បើសិនជារដ្ឋាភិបាលនៅតែបិទមិនឱ្យក្រុមសហគមន៍ និងអង្គការសង្គមស៊ីវិល ចុះល្បាតព្រៃទៀត លោក ហេង គឹមហុង បារម្ភ​ថា ព្រៃឈើនៅ​​កម្ពុជា​នឹង​វិនាស ដោយ​សារ​បច្ចុប្បន្ន​បទ​ល្មើស​ព្រៃឈើនៅមិនទាន់មានការ​​​ថយចុះនៅឡើយ។

(រូបភាព៖ កញ្ញា លី សុគន្ធារី)

បើតាមរបាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិ (Amnesty International)​​ ចេញផ្សាយកាលពីថ្ងៃទី​២៨ ខែមករា ឆ្នាំ២០២២​ បាន​បង្ហាញ​​​ថា ក្នុ​ង​ឆ្នាំ​២០២១ ព្រៃឈើ​​​លើ​​ផ្ទៃដីកម្ពុជា​​ជាង៦ ០០០​​ហិកតា បាន​រង​នូវ​ការ​​កាប់​​បំផ្លាញ​ នៅ​តំបន់​ការពារ​ព្រៃឡង់ និង​​ព្រៃ​ព្រះ​រការ​ ដោយ​​មាន​​​​ការ​ទទួល​​​​សំណូក​ និង​ការ​​ប្រព្រឹត្ត​​អំពើ​ពុករលួយ​​របស់​អាជ្ញាធរ​​ពាក់ព័ន្ធ។

កាលពី​​​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ២០២១ ​ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានផ្ដាច់ជំនួយ​ពីរដ្ឋាភិបាលកម្ពុជា​ លើគម្រោង «ព្រៃឡង់បៃតង» ឆ្លើយតបនឹងវិធានការរបស់រដ្ឋាភិបាលដែល​បិទខ្ទប់សំឡេងនិងសកម្ម​ភាព​​សកម្មជន​ការពារព្រៃឈើ មិនឱ្យចូលល្បាតបទល្មើស​នៅ​តំបន់​ព្រៃឡង់ ហើយព្រៃឈើក្នុងតំបន់ការពារមួយនេះ​ នៅបន្តរងការកាប់បំផ្លាញ។

កាលពី​ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ថ្លែង​ដោយ​រម្លឹក​អំពី​ភាព​សម្បូរហូរហៀ​រនៃ​ព្រៃឈើ​នៅ​កម្ពុជា​កាល​ពី​អតីតកាល ខណៈ​បច្ចុប្បន្ន លោកថា ​ព្រៃឈើនៅសល់​តិចតួច​ប៉ុណ្ណោះ ដោយ​រក​តែ​ព្រៃ​សម្រាប់​បាំង​ថ្ងៃ​មិន​បានផង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ