ក្រសួងបរិស្ថាននិងអង្គការដៃគូនឹង​​ធ្វើយុទ្ធនាការ​អន្ទាក់សូន្យ​​ចាប់ពីដើមសប្តាហ៍ក្រោយ

រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ផ្ដល់​បទសម្ភាសន៍​ដល់​អ្នកកាសែត​ពី​ដំណើរការ​ថែរក្សា​បរិស្ថាន​ នៅ​វាលស្មៅ​នៃ​តំបន់​ដែនជម្រកសត្វព្រៃ​កែវសីមា ភូមិ​ពូ​រ៉ាង ឃុំ​សែនមនោរម្យ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី នៅ​ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០។ (ជន ចាន់​រ៉ែ​ន)

ក្រសួងបរិស្ថាន​ មូលនិធិសកល​ដើម្បីអភិរក្សធនធានធម្មជាតិ (WWF) និងអង្គការ​ដៃគូ ​គ្រោង​​ធ្វើ​យុទ្ធនា​ការ​​​​អន្ទាក់សូន្យក្នុង​តំបន់ការពារធម្មជាតិ នៅតាម​បណ្តា​ខេត្តភាគខាងកើត​ទន្លេមេគង្គ​ ​​នា​សប្តាហ៍​ក្រោយ​​។

យោងតាម​ហ្វេសប៊ុករបស់ក្រសួងបរិស្ថាន នៅថ្ងៃពុធនេះ បានឱ្យដឹងថា យុទ្ធនាការ​អន្ទាក់​សូន្យ ដែលគ្រោង​ធ្វើនៅខេត្តស្ទឹងត្រែង នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៧ ខែ​មេសា ឆ្នាំ២០២២ ក្នុងក្របខណ្ឌ​នៃ​យុទ្ធ​នាការ​អន្ទាក់សូន្យ​ក្នុងតំបន់​ការពារធម្មជាតិរយៈពេល​៦ខែ។

តែយ៉ាងណា ក្រសួងថា ការចាប់ផ្តើម​ជាផ្លូវការ នឹងធ្វើនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ នៅ​តាម​បណ្តា​ខេត្ត​នានា​ នាភាគខាងកើត​ទន្លេ​មេគង្គ រួម​មាន​ខេត្ត​ស្ទឹង​ត្រែង ក្រចេះ មណ្ឌលគិរី រតនគិរី ព្រះវិហារ និង​កំពង់ធំ។

ក្រសួងបានគូសបញ្ជាក់ថា៖ «អន្ទាក់មានច្រើនប្រភេទដែលបង្កមហន្តរាយចំពោះជីវិតសត្វព្រៃ និងធ្វើឱ្យមានគ្រោះថ្នាក់ដល់មនុស្ស»។

ក្នុង​សន្និសីទ​សារព័ត៌មានឆ្ពោះ​ទៅបើកយុទ្ធនាការ «អន្ទាក់សូន្យនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា» នាថ្ងៃទី​០២ ខែ​មីនា កន្លងនេះ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអ្នកនាំពាក្យ លោក នេត្រ ភក្ត្រា បានថ្លែងថា ការបើកយុទ្ធនាការអន្ទាក់សូន្យ នៅថ្ងៃទី៣ ខែមីនា ធ្វើ​ឡើង​​ស្រប​ពេលដែ​ល​ពិភព​លោក​ប្រារព្ធទិវាសត្វព្រៃពិភពលោក។

លោក​បន្តថា ​គោលបំណងសំខាន់​នៃការ​ធ្វើ​យុទ្ធនាការ​នោះ ​​រួ​ម​មាន ការ​ផ្សព្វ​ផ្សាយ​អប់រំ​​ អំពី ផលប៉ះពាល់ដោយសារអន្ទាក់ទៅលើជីវិត​សត្វ និងជីវិតមនុស្ស ពង្រឹង​ការ​អនុវត្ត​ច្បាប់ ការផ្លាស់ប្តូរឥរិយា​បថពលរដ្ឋ​ឱ្យ​បង្កើនការប្រតិបត្តិមេត្រីបរិស្ថាន ស្រឡាញ់សត្វព្រៃជីវៈចម្រុះ លុបបំបាត់ការបរបាញ់សត្វ ការ​ដាក់អន្ទាក់ខុសច្បាប់ និងការលុបបំបាត់ការជួញដូរសាច់សត្វព្រៃ ក៏ដូចជាបង្កើនសុវត្ថិភាពដល់សត្វព្រៃគ្រប់ប្រភេទ។

បើតាម​លោក នេត្រ ភក្ត្រា បរិមាណ​អន្ទាក់​ដែលបានដោះពីតំបន់ការពារធម្មជាតិនៅឆ្នាំ២០២១​ ​មានចំនួន ៦១ ៦១៤អន្ទាក់ កើនឡើងប្រមាណ២០% បើធៀប​នឹង​២០២០ដែល​ដោះបាន ៤៣ ២៧០អន្ទាក់ ខណៈប្រភេទអន្ទាក់ទាំងនោះ បានគម្រាមកំហែងសត្វព្រៃតូចធំជាច្រើនប្រភេទ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ