រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង អំពាវនាវទៅអាជ្ញាធរឱ្យចូលរួមគាំទ្រដល់ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ខាងមុខនេះ ដើម្បីលើកកម្ពស់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។
ក្នុងពិធីសម្ពោធសមិទ្ធផលនានានៅវត្តពោធិគុម្ព ហៅវត្តជ្រៃមាន់ នៅខេត្តព្រៃវែង នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ លោក ស ខេង ថ្លែងថា បច្ចុប្បន្នប្រជាពលរដ្ឋ និងអ្នកនយោបាយ មានការយល់ដឹងច្រើនជាងមុន ពីភាពចាស់ទុំផ្នែកនយោបាយ ដោយមិនមានការបង្កហិង្សា ឬការបង្កើតសត្រូវស្លាប់រស់នៅតាមមូលដ្ឋាន ដោយសារតែនិន្នាការនយោបាយខុសគ្នាឡើយ។ លោកបន្តថា ការមានភាពចាស់ទុំនេះ បើបៀបធៀបនឹងពេលបោះឆ្នោតដំបូងៗនៅកម្ពុជានោះ គឺខុសឆ្ងាយពីគ្នា។
លោកថា៖ «សូមយកឱកាសនេះ ដើម្បីអំពាវនាវដល់អាជ្ញាធរ រក្សាសន្តិសុខសម្រាប់ការបោះឆ្នោតនេះ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋរួមគ្នាគាំទ្រដល់សដំណើរការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់សម្រាប់អាណត្តិទី៥ឱ្យទទួលបានជោគជ័យ»។
លោក ស ខេង បន្តទៀតថា នៅប្រទេសប្រជាធិបតេយ្យ ទោះបីជាមានការឈ្លោះទាស់ទែងគ្នា នៅក្នុងសភាខ្លាំងប៉ុណ្ណាក៏ដោយ ប៉ុន្តែមិនមានការចងគំនុំគ្នានោះទេ។
លោកគូសបញ្ជាក់ថា៖ «សួរថាម៉េចអ៊ីចឹង អាហ្នឹងគេចែកគ្នាច្បាស់តែម្ដង អានៅក្នុងសភាអាហ្នឹងរឿងមួយ ប៉ុននៅក្រៅមិត្តភក្ដិធម្មតា យើងជាមិត្តនឹងគ្នា តែទស្សនគំនិត ដើម្បីចង់បានប្រទេសរីកចម្រើនខ្ញុំចង់បានចេះ ម្នាក់ទៀតចង់បានចុះ ប៉ុន្តែគ្រាន់តែខុសគ្នាអ៊ីចឹងតើ តែវាមិនមែនជាសត្រូវស្លាប់រស់ជាមួយគ្នា ប៉ុននៅក្នុងសភាឈ្លោះគ្នាអ៊ីចឹងទៅ តវ៉ាអ៊ីចឹងទៅដល់ចេញមកខាងក្រៅអង្គុយផឹកតែ ផឹកកាហ្វេជាមួយយ៉ាងសប្បាយ សួរថា ម៉េច អាហ្នឹងវប្បធម៌ប្រជាធិបតេយ្យ ប៉ុន្តែយើងមិនទាន់ដល់នោះទេ យើងថា វាស្រួល»។
អភិបាលរងខេត្តកំពង់ចាម លោក ហេង វណ្ណនី មានប្រសាសន៍ថា អាជ្ញាធរបានប្រជុំរៀបចំការពារសន្តិសុខអំឡុងពេលបោះឆ្នោតរួចហើយ ដោយលោកចាត់ទុកសកម្មភាពទាំងអស់នេះថា ជាការលើកកម្ពស់ដំណើរប្រជាធិបតេយ្យ។ ចំពោះការគំរាមកំហែងគណបក្សនយោបាយវិញ លោកថា នៅខេត្តកំពង់ចាមគ្មានឡើយ។
លោកបានថ្លែងថា៖ «ពង្រឹងការពារសន្តិសុខសុវត្ថិភាពត្រៀមការបោះឆ្នោតខាងមុខ នឹងហើយជាការចូលរួមដើម្បីលទ្ធិប្រជាធិបតេយ្យ នៅខាងខេត្តខ្ញុំដូចអត់លឺ[អត់មានការគំរាមកំហែង និងទិញទឹកចិត្ត]ផង មិនមែនថា គណបក្សទេ គឺប្រទេសយើងសព្វថ្ងៃនេះ តែមានបញ្ហាអីគេ រត់ទៅរកកន្លែងច្បាប់ហើយ»។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ចាត់ទុកការអំពាវនាវនេះថា មិនមែនជារឿងថ្មីនោះទេ ហើយកត្តាដែលនាំការអនុវត្តមិនមានប្រសិទ្ធភាពបណ្ដាលមកពីរដ្ឋាភិបាល មិនមានវិធានការច្បាប់ទៅលើមន្ត្រីទាំងអស់នោះ ជាជាងគ្រាន់តែធ្វើការអំពាវនាវ។ លោកបន្តថា បើសិនជារដ្ឋាភិបាលចង់ឱ្យអាជ្ញាធរចូលរួមលើកកម្ពស់ដំណើរការប្រជាធិបតេយ្យ គម្បីធ្វើការផ្សព្វផ្សាយទៅអាជ្ញាធរឱ្យមានការយល់ដឹង និងបញ្ឈប់ការគំរាមកំហែងគ្រប់រូបភាពលើប្រជាពលរដ្ឋ និងសកម្មជនបក្សប្រឆាំង។
លោកថា៖ «មានការគំរាមកំហែងនៅតាមបណ្ដាលខេត្តមួយចំនួននៅឡើយទេ ពាក់ព័ន្ធនឹងការទិញទឹកចិត្តក៏នៅមានពាក់ព័ន្ធនឹងការដកផលប្រយោជន៍ ដូចជា ប័ណ្ណសមធម៌ ដកអាហារូបករណ៍ចំពោះអ្នកធ្លាប់មានអាហារូបករណ៍ តែបើសិនជាចូលគណបក្សផ្សេងអត់បាន និងមានការគំរាមកំហែងផ្សេងៗនៅមូលដ្ឋានមានច្រើន។ បើសិនជាយើងរាប់មុនចុះបញ្ជីវិញ ក៏យើងឃើញដែរ មានការរុះរើខាងគណបក្សជំទាស់ច្រើនដងណាស់ ដោយសារបញ្ជីនេះ ត្រូវការអាជ្ញាធរមូលដ្ឋានបញ្ជាក់ នៅពេលដែលឃើញឈ្មោះក្នុងបញ្ជីហ្នឹង យើងហាក់អាជ្ញាធរក្នុងមួលដ្ឋាន ក៏ដូចជាសមត្ថកិច្ចមួយចំនួន ដែលមាននិន្នាការនយោបាយ ធ្វើការហៅគាត់មកសាកសួរ ធ្វើឱ្យគាត់ភ័យខ្លាចគាត់សុំដកឈ្មោះចេញវិញអ៊ីចឹងទៅ»។
លោក ស៊ឹង សែនករុណា ក៏បានជំរុញរដ្ឋាភិបាលត្រូវចាត់វិធានការទៅលើអាជ្ញាធរ និងមន្ត្រីទាំងឡាយណា ដែលមិនអនុវត្តតាមសេចក្ដីណែនាំ ឬការអំពាវនាវ ដោយនៅតែបន្តរំលោភបំពានច្បាប់បោះឆ្នោត និងច្បាប់ផ្សេងៗទៀត ដើម្បីជំរុញការបោះឆ្នោតខាងមុខដំណើរការដោយសេរីត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព និងបញ្ជៀសការរិះគន់ពីសហគមន៍ជាតិ និងអន្តរជាតិផងដែរ។
ចំណែក នាយកប្រតិបត្តិអង្គការនិកហ្វិច លោក សំ គន្ធាមី កត់សម្គាល់ឃើញថា អាជ្ញាធរមិនបានអនុវត្តទៅតាមសេចក្ដីណែនាំរបស់រដ្ឋាភិបាលឡើយ ដោយបានធ្វើទុក្ខបុកម្នេញគណបក្សក្រៅរដ្ឋាភិបាលជាបន្តបន្ទាប់។ ករណីនេះ លោកជំរុញឱ្យរដ្ឋាភិបាល មានវិធានការទៅលើមន្ត្រីទាំងនោះ ជាជាងការអំពាវនាវ។
លោកថា៖ «អាហ្នឹង សំខាន់បំផុត គាត់ដាក់ទោស ដាក់ពិន័យទៅ សម្រាប់អ្នកដែលប្រព្រឹត្តខុសពីសេចក្ដីណែនាំ។ បើនៅតែមានការរើសអើង បំភិតបំភ័យ គំរាមកំហែង ធ្វើម៉េចជាការលើកកម្ពស់ប្រជាធិបតេយ្យកើត បើលើកកម្ពស់ប្រជាធិបតេយ្យ លុះត្រាតែសេរី ស្របតាមច្បាប់ អាហ្នឹងវាយុត្តិធម៌ ហើយយុត្តិធម៌អី បើយើងលំអៀងហើយ។ យើងធ្វើការក្នុងនាមរដ្ឋាភិបាល អាជ្ញាធរតើ មិនមែនគណបក្សណា ដូច្នេះត្រូវអព្យាក្រឹត្យការងារ ដូចមន្ត្រីរាជការអ៊ីចឹង»។
បើតាមប្រតិទិនរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ និងការបោះឆ្នោតជាតិនឹងប្រព្រឹត្តទៅនៅឆ្នាំ២០២៣៕