គណបក្សមួយចំនួនដាក់ចេញនូវកម្មវិធីនយោបាយដើម្បីប្រកួតប្រជែងឃោសនាបោះឆ្នោត

ក្បួនដង្ហែរបស់គណបក្ស ហ្វ៊ុនស៊ិនប៉ិច នៅព្រឺកថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ​២០១៨​ នៅរាជធានីភ្នំពេញ​។

គណបក្សនយោបាយមួយចំនួន ដែលបានចុះឈ្មោះក្នុង​​ការចូលរួមប្រកួត​​ប្រជែងសម្រាប់​​​ការ​​បោះ​ឆ្នោត ជ្រើស​​​​​រើស​​ក្រុម​​ប្រឹក្សាឃុំសង្កាត់ បានដាក់ចេញនូវផែនការយុទ្ធសាស្រ្ត និងកម្មវិធី​នយោបាយ​​​របស់​​​​ខ្លួន​​រួច​​រាល់ហើយ ដើម្បីត្រៀមយកអាសនៈឃុំសង្កាត់ នាពេលខាងមុខនេះ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បង្ហាញថា គណបក្សនយោបាយ ដែលបានចុះបញ្ជី និង​​​ទទួលស្គាល់ផ្លូវការដោយ គ.ជ.ប សម្រាប់​ការប្រកួតប្រជែងក្នុងការបោះឆ្នោតឃុំសង្កាត់ អាណត្តិទី​​៥​​​នេះ មាន​​​​១៧គណបក្ស។

អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច លោក ញឿន រ៉ាដែន អះអាងថា សម្រាប់គណបក្ស​​រាជា​និយ​​​ម​​មួយ​​​​​​នេះ បានត្រៀមលក្ខណៈ​សម្បត្តិ​រួច​រាល់​ហើយ សម្រាប់ចូលប្រកួតក្នុងការ​បោះឆ្នោត​​នេះ​​។ ​​លោ​​ក​​​​​​​​​បន្ត​ថា កម្មវិធីនយោបាយ​ដែលគណបក្សចាស់វស្សាមួយនេះ យល់​ឃើញ​ថា ជា​កម្ម​វិធី​​ស្នូល​នោះ គឺ​សេវា​សាធារណៈ និងផ្តល់ប័ណ្ណក្រីក្រសម្រាប់ពលរដ្ឋទូទៅ ក្នុង​ចំណោម​កម្ម​វិធី​នយោបាយ អាទិ​​ភាព​​ផ្សេង​ទៀត។

លោកបន្តថា៖ «យើងនឹងព្យាយាមដោះស្រាយជូនប្រជារាស្រ្តជាពិសេសផ្តល់សេវាសាធារណៈ និងការផ្តល់នូវប័ណ្ណក្រក្រី ដោយមិនប្រកាន់និន្នាការនយោបាយ។ ជាងនេះទៀតគឺយើងផ្តោតទៅលើបញ្ហាអនាម័យនៅក្នុងមូលដ្ឋាន និងដោះស្រាយក្តីកង្វល់របស់ប្រជារាស្រ្ត រួមទាំងប្រាក់បំណុល និងប្រាក់ដើមទុនជាដើម»។

ដោយឡែក សម្រាប់គណបក្សកម្ពុជានិយម គឺមានកម្មវិធីនយោបាយចំនួន ៦ចំណុច ដើម្បី​ត្រៀម​​​ជ្រើស​រើសយកទៅប្រកួតប្រជែងសម្រាប់ការបោះឆ្នោត ឃុំសង្កាត់ខាងមុខនេះ។

លោក យ៉ែម បុញ្ញ​​ឬទ្ធិ ប្រធានគណបក្សដែលទើបតែកកើតថ្មីនេះ ឱ្យដឹងថា ថ្វីត្បិត​គណបក្ស​របស់​​លោក ទើប​តែ​​​ប្រ​​សូត្រ​​ក្នុងរយៈពេលដ៏ខ្លីមែន តែគណបក្សនេះមានកម្មវិធីនយោបាយ​ដ៏​មុត​ស្រួច ធ្វើ​យ៉ាង​ណា​​​ត្រូវ​​ឆ្លើយ​​តបទៅនឹងតម្រូវការជាក់ស្តែង​របស់ពលរដ្ឋនៅ​ក្នុង​មូល​ដ្ឋាន។

បើតាមលោក យ៉ែម បុញ្ញឬទ្ធិ កម្មវិធីនយោបាយ ដែលគណបក្សថ្មីថ្មោងមួយនេះ នៅតែ​មើល​ឃើញ​ដែរនោះ​គឺ​​បញ្ហា​​សេវា​​សាធា​​រ​​ណៈ អំពើ​​ពុក​​​​​​រលួយ និងបញ្ហាដីធ្លីជាដើម។

លោកបន្តថា៖ «គោលនយោបាយដែលសំខាន់ដែលជាអាទិភាពខ្ពស់ជាងគេ គឺពាក់ព័ន្ធជាមួយនិងសេវាសាធារណៈនេះតែម្តង ពីព្រោះរឿងនេះជារឿងដដែលហើយជាច្រើនឆ្នាំណាស់មកហើយ ដែលប្រជាពលរដ្ឋនៅតែជួបប្រទះ ដែលយើងឱ្យឈ្មោះថាភាពអសកម្ម និងភាពយឺតយ៉ាវ នេះជាចំណុចទី១។ ចំណុចទី២ គឺភាពរើសអើង ហើយចំណុចទី៣ មិនស្អាតស្អំ មានការគុបគិតប្រព្រឹត្តអំពើពុករលួយជាដើម មុននឹងទទួលបានឯកសារអ្វីមួយ»។

ស្ថាប័នជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បង្ហាញ​ថា មាន​គណបក្សនយោបាយចំនួន៤ ដូចជា​​គណ​​​​បក្សប្រជាជនកម្ពុជា គណបក្សភ្លើងទៀន គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្ស​​ខ្មែររួប​​​រួម​ជា​​តិ ​​​ដែល​​​បានដាក់ពង្រាយបេក្ខជន បានគ្រប់២៥រាជធានីខេត្ត សម្រាប់ការប្រកួត​​ប្រ​​ជែង នៅ​​ក្នុងការ​​បោះ​​​ឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។ ប៉ុន្តែ​គណបក្សដែលមាន​​លទ្ធ​​ភាព និង​ធន​ធាន​មនុស្ស ព្រមទាំងធនធាន​ហិរញ្ញ​វត្ថុ ហើយដាក់បេក្ខជនបានគ្រប់ឃុំសង្កាត់ គឺមាន​​តែ​​២​គណបក្ស​​ប៉ុណ្ណោះ គឺ​​គណបក្សប្រជាជន​​កម្ពុ​​ជា​ និងគណបក្សភ្លើងទៀន។

វិអូឌី មិនអាចស្នើសុំការបញ្ជាក់បន្ថែមពី​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ទេនៅថ្ងៃពុធនេះ។ ប៉ុន្តែ អ្នកនាំពាក្យរូបនេះធ្លាប់​ប្រាប់​វីអូឌី​កន្លង​ទៅ​ថា កម្មវិធី​នយោ​​បាយ​​របស់​​​​គណបក្សកាន់អំណាច គឺកំពុងតែដាក់ឱ្យអនុវត្តដូចដែលមានសព្វថ្ងៃនេះ។ ជាង​នេះ​ទៀត ចំ​​ពោះ​​​បេក្ខជន ឈរជាមេឃុំសង្កាត់ គឺគណបក្សបានដាក់គ្រប់ចំនួន មិនឱ្យ​ខ្វះ​ចន្លោះ​ទេ។  

ចំពោះគណបក្សភ្លើងទៀន ដែលជាគណបក្សធ្លាប់មានប្រវត្តិចូលរួមប្រកួតប្រជែង និងទទួល​បាន​​​អា​​​សនៈកៅអីមេឃុំចៅសង្កាត់ មិនចាញ់គណបក្សប្រជាជនកម្ពុជាដែរនោះ មានជំនឿថា ការបោះ​​ឆ្នោត​ឃុំសង្កាត់លើកនេះ ខ្លួនអាចនឹងទទួលបានអាសនៈ​លើសពីការរំពឹងទុក។

អនុប្រធាន​​គ​​​ណ​​​បក្ស​​នេះ គឺលោក ថាច់ សេដ្ឋា ឱ្យដឹងថា កម្មវិធីនយោបាយ ដែលបានដាក់​ចេញ​​​រួច​​ទៅហើយ​​​នោះ មិនខុសពីកម្មវិធីនយោបាយ ដូចទៅនឹងគណបក្សសង្រ្គោះជាតិ ដែលត្រូវ​​បាន​តុលាកា​​ររំ​​លា​​​យ​​​​នោះទេ។ លោកថា គណបក្សភ្លើងទៀន បានដាក់​ចេញ​នូវ​កម្ម​វិធី​​នយោបាយ និង​​​ផែន​ការជាយុទ្ធសាស្រ្តចំនួន ៧ចំណុច ហើយចំណុចដែលជា​​អាទិភាព​គឺ​បញ្ហា​វិវាទ​​​ដីធ្លី។

​​លោក​​បន្ត​​ថា បើសិនគណបក្សនេះ​ឈ្នះការបោះឆ្នោតឃុំសង្កាត់ នោះ​នឹង​​ដោះ​​ស្រាយ​​​ជូន​ពលរដ្ឋ ដោយ​​តម្លាភាព និង​យុត្តិធម៌។

លោកបន្តថា​៖ «យើងក៏បានរៀបចំគោលនយោបាយក៏មិនខុសគ្នាប៉ុន្មានដែរ ដែលយើងដាក់ចេញនូវគោលនយោ​បាយ​មូលដ្ឋានយើងមាន៧ចំណុច ក្នុងនោះក៏យើងនិយាយពីសេវាសាធារណៈ និយាយពីសិទ្ធិអំណាចប្រជាពលរដ្ឋ និយាយ​ពីការពង្រឹងសន្តិសុខ និយាយពីការអភិវឌ្ឍន៍មូលដ្ឋាន និយាយពីការអប់រំនៅតាមមូលដ្ឋាន រួមទាំងវិស័យសុខាភិបាល​អីហ្នឹងជាដើម»។

ចំណែក អ្នកនាំពាក្យគណបក្សខ្មែររួបរួមជាតិ លោក រុន មេត្រា មានសុទិដ្ឋិនិយមថា គណបក្ស​នេះ​​​​​នឹង​​​ទទួលបានកៅអី​ជាមេឃុំចៅសង្កាត់ច្រើន សម្រាប់​ការបោះឆ្នោតខាងមុខនេះ។ លោក​បន្ត​ថា សម្រាប់​កម្មវិធីនយោបាយស្នូល ដែលគណបក្សបាន​ដាក់ចេញ ដើម្បីត្រៀម​​ប្រកួត​​ប្រជែង​​នោះ ​​មាន ៧ចំណុច ដូចទៅនឹងគ​ណបក្សភ្លើង​ទៀនដែរ ក្នុង​នោះ​កម្មវិធីនយោបាយ​ជា​អាទិភាព​ គឺត្រូវ​រៀបចំ​ធ្វើ​យ៉ាង​ណា ធានាថាភូមិឃុំ​​​មាន​​​​សុវត្ថិ​ភាព បំបាត់អំពើចោរកម្ម ហិង្សាក្នុង​គ្រួសារ អំពើអសីលធម៌សង្គម ឆក់​ប្លន់ និងគ្រឿង​ញៀន​ជាដើម។

លោកបន្តថា៖ «ហើយទី២យើងបង្កើតទៅជាភូមិឃុំស្អាតស្អំ។ ភូមិឃុំស្អាតស្អំនេះ មានន័យថា គ្មានការរើសអើង គ្មានបក្សពួកនិយម គ្រួសារនិយម និងគ្មានអំពើពុករលួយ ព្រមទាំងគ្មានការយកកម្រៃក្រៅផ្លូវការលើសេវាសាធារណៈគ្រប់ប្រភេទ។ ហើយចំណុចទី៣ នៃគោលនយោបាយមូលដ្ឋានរបស់យើងខ្ញុំគឺភូមិឃុំរុងរឿង បង្កើនសេដ្ឋកិច្ចគ្រួសារឱ្យបានធូរធា​តាមរយៈការបង្កើនផលិតភាពកសិកម្ម បែបទំនើប និងបច្ចេកទេសថ្មី ធានាតម្លៃកសិផលស្របតាមទីផ្សារ និងបង្កើនការ​ងារថ្មីនៅក្នុងមូលដ្ឋាន»។

យោងតាម​ប្រតិទិន​ដែលចេញដោយ គ.ជ.ប ឱ្យដឹងថា ការបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ សម្រាប់​​អាណត្តិទី៥នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៥ ខែ​មិថុនា ឆ្នាំ២០២២៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ