ប្រធាន​ក្រុមការងារ​គណបក្ស​ភ្លើងទៀន​ប្រចាំ​ខេត្តប៉ៃលិន​ពន្យារពេល​ចូលឆ្លើយ​បំភ្លឺ​នៅ​តុលាការ

លោក ខឹម មុនីកុសល ទៅយកដីការបណ្តេញចេញពីក្របខ័ណ្ឌមន្រ្តីរាជការ នៅការិយាល័យរដ្ឋបាលមន្ទីរសុខាភិបាលខេត្តប៉ៃលិន ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ Khem Monykosal)

អតីតគ្រូពេទ្យ និងជាប្រធានក្រុមការងារគណបក្សភ្លើងទៀនប្រចាំខេត្តប៉ៃលិន លោក ខឹម មុនីកុសល បានដាក់ពាក្យស្នើសុំពន្យារពេលចូលខ្លួនទៅឆ្លើយបំភ្លឺនៅចំពោះមុខតុលាការខេត្តប៉ៃលិន នៅថ្ងៃពុធនេះ ទាក់ទងបណ្ដឹង «ញុះញង់ឱ្យមានការរើសអើង»។

ប្រធានក្រុមការងារគណបក្សភ្លើងទៀនប្រចាំខេត្តប៉ៃលិន លោក ខឹម មុនីកុសល បានបញ្ជាក់ពីមូលហេតុនៃការស្នើសុំពន្យារពេលនេះថា គឺដោយសារតែលោកមិនទាន់មានពេលវេលាគ្រប់គ្រាន់ ​ម្យ៉ាងទៀតដោយសារលោកនៅមិនទាន់បានពិភាក្សាជាមួយមេធាវីនៅឡើយ។ បើតាមការឱ្យដឹងពីលោក ខឹម មុនីកុសល ខាងតុលាការបានយល់ព្រមតាមសំណើរបស់លោករួចហើយ។

លោក ខឹម មុនីកុសល ប្រធានក្រុមការងារគណបក្សភ្លើងទៀនប្រចាំខេត្តប៉ៃលិន កំពុងជាប់បណ្ដឹងចំនួនពីរនៅឯតុលាការ។ បណ្ដឹងទីមួយទាក់ទង «បណ្ដឹង​បរិហាកេរ្តិ៍» របស់លោក ចេង តូ ដោយតុលាការបានកោះហៅលោកឱ្យចូលទៅបំភ្លឺកាលពីថ្ងៃទី៨ ខែមេសា ប៉ុន្តែលោកបានដាក់ពាក្យស្នើសុំពន្យារពេលម្តងរួចមកហើយ។

ចំណែកពាក្យបណ្តឹងមួយទៀត ទាក់ទងបទ «ញុះញង់ឱ្យមាន​ការរើសអើង» ដែលប្រព្រឹត្តនៅស្នាក់​ការ​​គណបក្សប្រជាជនកម្ពុជា​ខេត្តប៉ៃលិន ស្ថិតនៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ដោយតុលាការបានតម្រូវឱ្យលោកចូលខ្លួនទៅឆ្លើយបំភ្លឺនៅថ្ងៃទី២០ ខែមេសានេះ។

លោក ខឹម មុនីកុសល គឺជាអតីតមន្ត្រីរាជការនៅខេត្តប៉ៃលិន ត្រូវបានអភិបាលខេត្តប៉ៃលិន លោកស្រី បាន ស្រីមុំ បណ្ដេញចេញពីក្របខណ្ឌជាមន្ត្រីសុខាភិបាលជាន់ខ្ពស់នៃមន្ទីរសុខាភិបាលខេត្តនេះ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ បន្ទាប់ពីលោកបានបង្ហោះសារនៅលើហ្វេសប៊ុករិះគន់មន្ត្រីស្ថាប័នពាក់ព័ន្ធដែលចុះប្រចាំការនៅមណ្ឌលចត្តាឡីស័កក្នុងស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ