តុលាការ​នឹង​បើក​សវនាការ​សំណុំ​រឿង​មន្ត្រី​និង​អតីត​មន្ត្រី​អាដហុក​៥នាក់​នៅ​ចុង​ខែមេសា

មន្ត្រីជាន់ខ្ពស់នៃសមាគមអាដហុក (ADHOC) លោក យី សុខសាន្ត (ម៉ាស់ស អាវខៀវ) និងលោក នី សុខា (ម៉ាស់ស អាវពណ៌ផ្ទៃមេឃ) ផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានពាក់ព័ន្ធករណី «សូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សី» នៅក្រៅសាលាឧទ្ធរណ៍រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២។ (ជន ចាន់រ៉ែន)

សាលាឧទ្ធរណ៍រាជធានី​ភ្នំពេញ​ នឹង​បើក​សវនាការ​សំណុំរឿង​មន្ត្រី និងអតីតមន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុកចំនួន៥​នាក់​​ ​នៅចុងខែមេសានេះ ក្រោមបទចោទ «សូកប៉ាន់សាក្សី និង​សមគំនិត​សូកប៉ាន់​សាក្សី​»

កាលពីថ្ងៃ​​ទី​​២៦​ ខែ​កញ្ញា ​ឆ្នាំ​២០១៨​ ​​សា​លា​ដំ​បូង​រាជ​ធានី​ភ្នំពេញ​ ​បាន​សម្រេច​ផ្ដន្ទា​ទោស​អ្នកទាំង៥រូប​ដាក់​​ពន្ធ​នា​គារ​​ម្នាក់ៗ​​ចំនួន៥​​ឆ្នាំ​ ក្រោមបទចោទ​ប្រកាន់​​ «សូកប៉ាន់​​សាក្សី និង​​សមគំនិត​សូកប៉ាន់​សាក្សី​»។

ទោស៥ឆ្នាំនេះ តុលាការសម្រេចឱ្យពួកគាត់អនុ​វត្ត​ក្នុង​ពន្ធ​នា​គារ​រយៈ​ពេល​​១៤​​ខែ ​និង​ទោសនៅ​សល់​ត្រូវ​​ព្យួរ​។ ប៉ុន្តែដោយមិនពេញចិត្តចំពោះការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញពេលនោះ កាល​ពី​ថ្ងៃ​ទី​​២៣ ​ខែ​តុ​លា ​ឆ្នាំ​២០១៨​ ពួកគាត់ទាំង៥រូបក៏បានប្ដឹង​សាទុក្ខទៅ​សាលា​ឧទ្ធរណ៍ ប៉ុន្តែចាប់តាំងពីឆ្នាំ២០១៨ ដល់ខែមេសា ឆ្នាំ២០២២ សំណុំរឿងបានអូសបន្លាយរយៈពេលប្រមាណ៥ឆ្នាំមកហើយ។

ក្នុងដីកាដាច់ដោយឡែកពីគ្នា ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ចេញដោយព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍រាជធានីភ្នំពេញ លោក អ៊ឹម សុផាន បានកោះហៅមន្ត្រីសមាគមអាដហុក៣រូប រួមមាន លោក យី សុខសាន្ត និងលោក នី សុខា និងលោកស្រី លឹម មុនី ព្រមទាំងអតីតមន្រ្តីសមាគមអាដហុក២រូបទៀត រួមមាន​ លោក ណៃ វ៉ងដា និងលោក នី ចរិយា ដើម្បីចូលរួមសវនាការនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ខាងមុខនេះ។

ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា ប្រាប់វីអូឌីនៅថ្ងៃព្រហស្បតិ៍នេះថា រូបគាត់និងអ្នកទាំង៤រូបផ្សេងទៀត នឹងចូលរួមសវនាការ​តាមការកោះហៅរបស់សាលាឧទ្ធរណ៍។ ​

ការកោះហៅអ្នកការពារសិទ្ធិមនុស្ស ៤នាក់ និង​មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ម្នាក់នេះ ធ្វើឡើងបន្ទាប់ពីតុលាការបានលើកពេលសវនាការសំណុំរឿងនេះម្ដងរួចមកហើយ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ដោយសារមេធាវីរបស់លោក នី ចរិយា ប៉ះពាល់ផ្ទាល់ជាអ្នកជំងឺកូវីដ-១៩។

កាលពីខែមេសា ​ឆ្នាំ​២០១៦ មន្ត្រីនិងអតីតមន្រ្តីសមាគមការពារ​សិទ្ធិមនុស្ស​​​អាដហុកទាំង៥​រូប ត្រូវបានចាប់ខ្លួនដោយ​ចោទ​​ប្រកាន់​​​ពី​​បទ​ «សូកប៉ាន់​សាក្សី និង​សមគំនិត​សូកប៉ាន់​សាក្សី​» ក្នុង​សំណុំរឿងផ្ដល់ប្រាក់ជាង២០០ដុល្លារទៅឱ្យស្ត្រីម្នាក់​ឈ្មោះ​ ខុម ចាន់តា​រា​ទី ហៅ ស្រីមុំ ក្នុងនាមជនរងគ្រោះដែលរត់មករកអាដហុក​ឱ្យ​ជួយ​​ពេល​នោះ។

​ស្ត្រីឈ្មោះ ខុម​ ចាន់តារាទី នៅពេលនោះ ត្រូវបាន​គេ​ចោទថាជាស្រីកំណាន់របស់​លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ​​ដែល​ត្រូវបានតុលាការ​រំលាយ។ ពួកគេទាំង៥នាក់ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធ​នា​គារ​ព្រៃ​ស ​កាលពី​ថ្ងៃ​ទី​១​ ខែ​ឧសភា ​ឆ្នាំ​២០១៦​ រហូត​ដល់​ថ្ងៃ​ទី​២៩ ​ខែ​មិ​ថុ​នា ឆ្នាំ​២០១៧​​ ទើបត្រូវបានតុលាការសម្រេចដោះលែងឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្នវិញ។

យ៉ាងណាក៏ដោយ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ គណៈកម្មការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ (UN) ​បានបង្ហាញក្ដីបារម្ភយ៉ាងខ្លាំងចំពោះកម្ពុជា ក្នុងការប្រើប្រាស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ជា​ឧបករណ៍​យាយី​និងធ្វើទុក្ខបុកម្នេញលើអ្នកការពារសិទ្ធិមនុស្ស គណបក្សប្រឆាំងនានា និង​អ្នកដែលហ៊ាន​លើក​ឡើង​​ពី​អំពើពុករលួយ តាម​រយៈ​ការចោទប្រកាន់​ដែលខុសពីការពិត​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ