សមត្ថកិច្ចកោះហៅមន្ត្រីសិទ្ធិមនុស្ស៤នាក់ឱ្យចូលបំភ្លឺពាក់ព័ន្ធបទចម្រៀងរ៉េប «ឈាមបាតុករ»

លោក អំ សំអាត នាយកកិច្ចការទូទៅ​អង្គការលីកាដូ ក្នុងថ្ងៃចូលបំភ្លឺនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ពាក់ព័ន្ធនឹងរឿងបង្ហោះគាំទ្របទចម្រៀងរ៉េបថ្មីរបស់យុវជន​ គា សុគន្ធ ដែល​មាន​ចំណង​ជើង​ថា «ឈាម​បាតុករ» នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣។ (ហ៊ាន រង្សី)

សមត្ថកិច្ចបានកោះហៅមន្ត្រីសិទ្ធិមនុស្សចំនួន៤នាក់ ឱ្យចូលបំភ្លឺ ចាប់ពីថ្ងៃទី៩ ខែមករា ​រហូតដល់ថ្ងៃទី១១ ខែមករា​ ពាក់ព័ន្ធនឹង​ករណីបង្ហោះគាំទ្របទចម្រៀងរ៉េបថ្មីរបស់យុវជន​ គា សុគន្ធ ដែល​មាន​ចំណង​ជើង​ថា «ឈាម​បាតុករ» ដោយសមត្ថកិច្ចសំអាង​​ហេ​​​តុថា បទ​ចម្រៀង​​នេះអាចនឹងបង្កអសន្តិសុខ​ស​ណ្ដាប់ធ្នាប់សង្គម។

ការកោះហៅនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី​​ ភឿង សកុណា ស្នើទៅអគ្គស្នងការនគរបាលជាតិ នៃក្រសួងមហាផ្ទៃ ចាត់​​វិធាន​ការ​ទប់ស្កាត់​​​បណ្ដាញប្រព័ន្ធព័ត៌មានសង្គម ដែលបានយ​​​​ក​​បទចម្រៀងរ៉េបថ្មីរបស់យុវជន​ គា សុគន្ធ ដែល​មាន​ចំណង​ជើង​ថា «ឈាម​បាតុករ» ដែលជាបទចម្រៀងរម្លឹកពីព្រឹត្តិការណ៍បង្ក្រាបដោយហិង្សាពីសំណាក់សមត្ថកិច្ចទៅលើក្រុមបាតុករដែលធ្វើបាតុកម្មដោយអហិង្សាលើផ្លូវវេងស្រេង កាលពីដើមឆ្នាំ២០១៤ ដោយសំអាង​​ហេ​​​តុថា បទ​ចម្រៀង​​នេះអាចនឹងបង្កអសន្តិសុខ​ស​ណ្ដាប់ធ្នាប់សង្គម។

ក្នុងលិខិតកោះហៅរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលវីអូឌីទើប​ទទួលបាននៅថ្ងៃចន្ទនេះ បានឱ្យដឹងថា សមត្ថកិច្ចបានកោះហៅមន្ត្រីសិទ្ធិមនុស្សចំនួន ៤នាក់ ឱ្យចូលបំភ្លឺនៅអគ្គស្នងការដ្ឋាន រួមមាន លោក អំ សំអាត នាយកកិច្ចការទូទៅ​អង្គការលីកាដូ ដែលបានចូលបំភ្លឺនៅថ្ងៃទី៩ ខែមករា។ បន្ថែមពីនេះ កោះហៅលោក មឿន តុលា នាយកប្រតិបត្តិ នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ រួមទាំង លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលត្រូវចូលបំភ្លឺនៅថ្ងៃទី១០ ខែមករា ខណៈលោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធ​សហគមន៍កសិករកម្ពុជា (CCFC) ត្រូវចូលបំភ្លឺនៅថ្ងៃទី១១ ខែមករា។ ការកោះហៅមន្ត្រីសង្គមស៊ីវិលទាំង៤រូបនេះ ​ពាក់ព័ន្ធនឹងរឿងបង្ហោះគាំទ្របទចម្រៀងរ៉េបថ្មីរបស់យុវជន​ គា សុគន្ធ ដែល​មាន​ចំណង​ជើង​ថា «ឈាម​បាតុករ» ​។

លោក អំ សំអាត បានថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីសមត្ថកិច្ចសាកសួរចប់នៅរសៀលថ្ងៃចន្ទ​ថា គោលបំណងនៃការបង្ហោះបទចម្រៀងដែល​មាន​ចំណង​ជើង​ថា «ឈាម​បាតុករ» មានបីចំណុច ដែលចំណុចទី១ រម្លឹកខួប ៩ឆ្នាំ នៃព្រឹត្តិការណ៍អំពើហិង្សាលើផ្លូវវេងស្រេង​ និងទី២ ស្នើសុំឱ្យមានការស៊ើបអង្កេតបន្ត ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងសង្គមជាតិ ហើយចំណុចទី៣ រួមគ្នាទប់ស្កាត់កុំឱ្យមានអំពើហិង្សានេះកើតឡើងបន្តទៀត។

ករណីនេះ លោកច្រានចោលការចោទប្រកាន់របស់ក្រសួងវប្បធម៌មកលើរូបគាត់ និងមន្ត្រីសង្គមស៊ីវិលផ្សេងៗទៀត ដែលថា បង្ហោះចម្រៀងនេះអាចនឹងបង្កអសន្តិសុខ​ស​ណ្ដាប់ធ្នាប់សង្គម។

លោកមានប្រសាសន៍ថា«ក្រៅពីគោលបំណងទាំងបីហ្នឹង យើងអត់មានគោលបំណងអ្វីផ្សេងទេ មិនមានអ្វីដូចក្រសួងលើកឡើងថាគេអាចញុះញង់ គឺយើងមិនគិតដល់ យើងមិនមានបំណងដូចអ៊ីចឹងទេ»។

ចំណែកមន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៅសមាគមអាដហុក លោក ស៊ឹង សែនករុណា ចាត់ទុកការកោះហៅមន្ត្រីសិទ្ធិមនុស្សឱ្យចូលបំភ្លឺជាបន្តបន្ទាប់នេះ ជាការគំរាមកំហែង និងរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិ ផ្ទុយពីគោលការណ៍ច្បាប់ជាតិ និងអន្តរជាតិ។

លោកបន្តថា រដ្ឋាភិបាលគួរតែដោះស្រាយពីទុកកង្វល់របស់ប្រជាពលរដ្ឋដែលជួបប្រទះ និងបញ្ហាប្រឈម ជាពិសេសសំណុំរឿងនៅផ្លូវវេងស្រេង ជាជាងកោះហៅមន្ត្រីសិទ្ធិមនុស្សសាកសួរ នាំឱ្យប៉ះពាល់ដល់ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

លោកមានប្រសាសន៍ថា៖ «បញ្ហាទាំងអស់នេះ គប្បីគួរតែមានការពិនិត្យ និងទទួលយកនូវអ្វីដែលជាការលើកឡើង ហើយរកចាត់វិធានការតាមផ្លូវច្បាប់លើ [ជនល្មើសវិញ] ដើម្បីជាការឆ្លើយតបជាមួយនឹងអ្វីដែលជាការលើកឡើង ជាជាងទៅជាការចាត់វិធានការទៅលើអ្នកដែលស្នើសុំ អ្នកដែលផលិតវីដេអូដែលកើតឡើងព្រឹត្តិការណ៍នៅផ្លូវវេងស្រេងពិតប្រាកដ។ អ៊ីចឹង វាមិនមែនជាដំណោះស្រាយទេ»។

អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ​លោក ឆាយ គឹមខឿន មានប្រសាសន៍ថា ដើមចមដែលសមត្ថកិច្ចកោះហៅមន្ត្រីសិទ្ធិមនុស្សចំនួន៤នាក់ឱ្យចូលបំភ្លឺ​ ដោយសារពាក់ព័ន្ធការបង្ហោះគាំទ្របទចម្រៀងរ៉េបថ្មីរបស់យុវជន​ គា សុគន្ធ ដែល​មាន​ចំណង​ជើង​ថា «ឈាម​បាតុករ» ដែលបទចម្រៀងនេះអាចនឹងបង្កអសន្តិសុខ​ស​ណ្ដាប់ធ្នាប់សង្គម។

លោកបន្តថា ការកោះហៅមន្ត្រីសិទ្ធិមនុស្សទាំងនោះមកសាកសួរ ដើម្បីអនុវត្តវិធានការរដ្ឋបាលលើពួកគេ ដើម្បីកុំឱ្យបន្តគាំទ្រចម្រៀងបែបនេះទៀត ដែលអាចបង្កអសន្តិសុខ​ស​ណ្ដាប់ធ្នាប់សង្គម។

លោកមានប្រសាសន៍ថា៖ «នេះយើងអនុវ​ត្តវិធានការរដ្ឋបាល ដើម្បីអប់រំ ធ្វើកិច្ចសន្យាឈប់បង្ហោះអ៊ីចឹងទៅ ព្រោះខ្លឹមសារ វាមានឥទ្ធិពលជះទៅលើបរិយាកាសសន្តិសុខសង្គម តែបើសិនជាអនុវត្តវិធានការរដ្ឋបាលនៅតែគ្មានប្រសិទ្ធភាព អាហ្នឹងយើងនឹងពិចារណារៀបចំនីតិវិធីតាមផ្លូវច្បាប់ អនុវត្តវិធានការច្បាប់វិញ»។

នាយិកាប្រតិបត្តិ​មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព ​លើកឡើងប្រហាក់ប្រហែលលោក ​ករុណា ដែរ ប៉ុន្តែលោកស្រីថា បើរដ្ឋាភិបាលនៅតែប្រើរូបភាពគំរាមកំហែងមន្ត្រីសិទ្ធិមនុស្ស និងសកម្មជននយោបាយបែបនេះ នឹងធ្វើឱ្យកម្ពុជាទទួលរងនូវការរិះគន់ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ព្រមទាំងធ្វើឱ្យខាតបង់នូវផលប្រយោជន៍ថែមមួយកម្រិតទៀតពីសហគមន៍អឺរ៉ុបផងដែរ ។

លោកស្រីមានប្រសាសន៍ថា៖ «ការរឹតបន្តឹង ឬការគំរាមកំហែងទៅដល់គោលការណ៍សិទ្ធិមនុស្ស វានឹងមានផលជះទៅលើទំនាក់ទំនងទាំងអស់ហ្នឹង។ យើងឃើញកន្លងមក កើតឡើងរួចមកហើយ សម្រាប់សហភាពអឺរ៉ុប ដែលបានដកចេញនូវការផ្តល់អនុគ្រោះពន្ធផ្នែកខ្លះ ជិត ២០% ដល់កម្ពុជាយើង។ អ៊ីចឹងយើងបានខាតបង់នូវឱកាសការទទួលបានផលចំណេញពីទំនាក់ទំនងពាណិជ្ជកម្មហ្នឹង។ ហើយក៏មានការលើកឡើងកន្លងមកដែរថា ការបន្តធ្លាក់ចុះនេះ វាអាចឈានឱ្យមានធ្លាក់ចុះបន្ថែមទៀត»។

សម្រាប់នាយកប្រតិបត្តិ នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា វិញ អះអាងថា លោកនឹងចូលទៅបំភ្លឺតាមការកោះហៅ នៅព្រឹកថ្ងៃទី១០ ខែមករា។

យុវជន គា សុគន្ធ ជា​តារា​ចម្រៀង​រ៉េប មាន​ស្រុក​កំណើត​នៅ​ខេត្ត​សៀមរាប ​ត្រូវ​បាន​សមត្ថកិច្ចចាប់​ខ្លួន​កាល​​ពី​ខែ​កញ្ញា ​ឆ្នាំ​២០២០ ពាក់ព័ន្ធ​នឹង​ទំនុក​ច្រៀង​រិះ​គន់​បញ្ហាអយុត្តិធម៌សង្គម និងបញ្ហា​ព្រំដែន ជាដើម​។

ប៉ុន្តែ​យុវជនវ័យ​២៤ឆ្នាំរូបនេះ ត្រូវបាន​ដោះលែង​វិញកាល​ពី​ខែ​កញ្ញា ឆ្នាំ២០២១ ក្រោយ​​ពី​បាន​​​អនុវត្ត​ទោស​​​ជាប់​​ពន្ធនាគារ​​អស់​​រយៈពេល​១​ឆ្នាំ ក្នុងចំណោមទោស ១ឆ្នាំ ៨ខែ ដែល​តុលាការ​ខេត្តសៀមរាប​បាន​កា​ត់​​ទោស​​យុវជន​រូប​នេះ​ពីបទ «ញុះញង់»។

ដោយឡែក ព្រឹត្តិការណ៍បង្ក្រាបកម្មករតវ៉ានៅតាមបណ្តោយផ្លូវវេងស្រេង​ ដោយប្រើ​​កាំភ្លើងពិត បាន​បណ្ដាល​ឱ្យ​​កម្មករ ៤នាក់ស្លាប់ ហើយម្នាក់​បាត់ខ្លួនរហូតមកទល់ពេលបច្ចុប្បន្ន និង​ជិត​៤០នាក់រងរបួស ខណៈមនុស្ស២៣នាក់ត្រូវចាប់ខ្លួន ហើយតុលាការចោទប្រកាន់ពួកគេពីបទ «បង្កហិង្សា និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិដោយចេតនា» ប៉ុន្តែមកដល់ពេលនេះ រដ្ឋាភិបាលនៅមិន​ទាន់ផ្តល់យុត្តិធម៌ដល់ជនរងគ្រោះក្នុងព្រឹត្តិការណ៍នោះនៅឡើយទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ