ក្រសួងមហាផ្ទៃ​ស្នើ​មន្ត្រី​រាជការ​ស៊ីវិល​ហាម​ប្រើប្រាស់​ធនធានរដ្ឋ​ឃោសនា​បោះឆ្នោត​ឃុំ-សង្កាត់

រថយន្តសម្រាប់ឃោសនានិងប្រកាសផ្សេងៗរបស់សាលាសង្កាត់ផ្សារដើមថ្កូវ រាជធានីភ្នំពេញ ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១។ (គួយ ឡង់ឌី)

ក្រសួងមហាផ្ទៃ អំពាវនាវទៅមន្រ្តីរាជការស៊ីវិលហាមប្រើប្រាស់ធនធានរបស់រដ្ឋ រាប់ទាំងមធ្យោ​​បា​​យ​​​ដឹក​​​ជញ្ជូនផង ដើម្បីផល​​​ប្រ​​យោ​​ជ​ន៍ក្នុងហេតុផល​​​នយោបាយ នៅអំឡុងឃោស​​នាស្វែង​​​រក​សំ​​ឡេង​ឆ្នោត ហើយត្រូវរក្សាអព្យាក្រឹត្យភាពក្នុង​ដំណើរការបោះឆ្នោតជ្រើស​​រើស​ក្រុម​​ប្រឹក្សា​​​​ឃុំ-​​សង្កា​​​ត់​ដែល​នឹងប្រព្រឹត្តទៅនាពេលខាងមុខ​។

ក្នុងលិខិតផ្ញើទៅអភិបាលរាជធានី-ខេត្ត​របស់លោក ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២២ ខែមេសា ឱ្យ​​ដឹង​ថា សម្រាប់យុទ្ធនាការនៃការឃោសនាស្វែងរកសំឡេងឆ្នោត ដែលបម្រើឱ្យការបោះឆ្នោតជ្រើ​ស​​​​​​រើស​​ក្រុមប្រឹក្សាឃុំ-សង្កាត់នេះ មន្រ្តីរាជការស៊ីវិលទាំងអស់ត្រូវឈរលើគោលការណ៍ជា​​កណ្ដាល​​។

លិខិតដដែលបន្តថា មន្រ្តីរាជការស៊ីវិលមិនត្រូវយកម៉ោងការងារឬម៉ោងរដ្ឋបាលទៅ​ប​​ម្រើ​​​​ឱ្យគណបក្ស​​ន​​យោ​​​​បាយណាមួយឡើយ នៅអំឡុងពេលនៃយុទ្ធនាការឃោសនាស្វែងរក​​សំ​​ឡេង​​ឆ្នោតនេះ ហើយពួកគេត្រូវមានតែមានអព្យាក្រឹត្យចំពោះការងាររបស់ខ្លួន។

បន្ថែមពីលើនេះទៀត ប្រភពដដែលបញ្ជាក់ថា ក្នុងរយៈពេលយុទ្ធនាការឃោសនាបោះឆ្នោត មន្រ្តី​​​រាជ​ការស៊ីវិលមិន​​ត្រូវ​​ប្រើ​​​​ប្រាស់ថវិកា សម្ភារ ទីកន្លែង និងមធ្យោ​​បាយដឹក​​ជញ្ជូន​​ដែល​​ជាទ្រព្យ​​​សម្បត្តិរបស់រដ្ឋ ដើម្បីធ្វើ​​ស​​ក​​ម្មភាពឃោសនាបោះឆ្នោតឱ្យគណបក្សនយោបាយណាមួយនោះឡើយ។

បើតាមសេចក្ដីអំពាវនាវដែលដាក់ចេញដោយលោក ស ខេង នៅពេលនេះ ក្រសួងមហាផ្ទៃមាន​​សុ​​​​​​ទិដ្ឋិនិយមថា ការ​​បោះ​​ឆ្នោតជ្រើសរើសក្រុម​​ប្រឹក្សា​ឃុំ-សង្កាត់ អាណត្តិទី៥​នេះ នឹង​ប្រ​​ព្រឹ​ត្ត​​​​ទៅដោយសេរី ត្រឹមត្រូវ និង​​មាន​យុត្តិធម៌។

អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក សោម សូរីដា អះ​​អាងថា គ.ជ.ប នឹងចាត់វិធានការប្រឆាំងរាល់ការប្រើប្រាស់ធនធានរបស់រដ្ឋដែលបម្រើឱ្យសកម្មភាព​​គណ​បក្ស​​​នយោបាយណាមួយ ហើយក៏មិនគិតថាអ្នកទាំងនោះចេញ​​ពីប្រ​ភព​បក្ស​​​ន​យោ​បាយ​​ណាមួយនោះដែរ​។

លោកបន្តថា វិធានការដែល​ គ.​ជ.​​​​ប ​​​នឹងត្រូវអនុវត្តនេះ ប្រសិនបើរកឃើញថា ភ្នាក់ងារ ឬគណបក្សនយោបាយមួយណាពិត​​ជា​​​បាន​​​ប្រព្រឹត្ត​​​ផ្ទុយ​​ពីនីតិវិធីនិងបទបញ្ជាដែលចេញ​​ដោ​យ ​​​គ.ជ.ប នៅអំឡុងពេល​យុទ្ធនា​​កា​​រ​​​​​ឃោ​​សនាបោះឆ្នោតខាងមុខ​។

លោកបន្តថា៖ «គ.ជ.ប ធ្វើការផាកពិន័យចំពោះការប្រើប្រាស់​ ប៉ុន្តែការដាក់ឱ្យជាប់ពន្ធនាគារ មិន​​​មែនជាសមត្ថកិច្ចរបស់គ.ជ.ប ទេ។ ករណីជួនកាលអាចជាករណីព្រមានជាលាយលក្ខណ៍អក្សរ ហើ​​​យ​​ជាការពិន័យ​ជាប្រាក់។ ជាទូទៅ គ.ជ.ប ទទួលយកបណ្ដឹង ដូច្នេះ បុគ្គលណា​​ក៏ដោយ បើមានភស្តុ​​តាង​​គ្រប់គ្រាន់បញ្ជាក់ថា ក្នុងសកម្មភាពគណបក្សនយោបាយមានការប្រើប្រាស់​​ទ្រព្យសម្បត្តិ​ដោ​​យ​​​បុគ្គលណា គឺ គ.ជ.ប នឹងអនុវត្ត»។

បើតាមលោក សោម សូរីដា កន្លងទៅ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏ធ្លាប់បាន​​ពិន័យ​​ភ្នាក់​​​ងារគណបក្សនយោបាយ ដែលអនុវត្តផ្ទុយពីស្មារតីនៃច្បាប់​ស្ដីពីជ្រើស​រើសក្រុមប្រឹក្សា​​ឃុំ​​-ស​​ង្កា​​​​ត់​​​​នេះដែរ។ ការពិន័យនេះ ក្រោយពី​រកឃើញថា ភ្នាក់ងារគណបក្សនយោបាយបានប្រើប្រាស់​​ធន​​​ធាន​​​របស់​​រដ្ឋ ហើយបម្រើឱ្យការឃោសនាគណបក្សនយោបាយរហូតដល់៥លាន​​រៀល​​ក៏​​មាន​​ដែរ​​។

បទបញ្ជានិងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមក្រុមប្រឹក្សាឃុំ-សង្កាត់ កំណត់ថា មន្រ្តី​​រាជការស៊ីវិលដែលមានបំណងឈរឈ្មោះជាបេក្ខជនមេឃុំចៅ-សង្កាត់ ត្រូវដាក់ពាក្យសុំ​​​​​ឈប់ពិ​សេស យ៉ាងតិច៧ថ្ងៃ មុនថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងរហូត​​ដល់ថ្ងៃ​​ប្រកាស​លទ្ធ​​ផល​​ឆ្នោត​ជាផ្លូវការ។ ក្នុងន័យនេះ គឺបេក្ខជននោះមិនត្រូវយកម៉ោងរដ្ឋបាលរបស់រដ្ឋទៅប្រើប្រាស់ ដើ​​ម្បី​​​​ផលប្រយោជន៍ក្នុងហេតុផលបក្សនយោបាយណាមួយឡើយ។

យ៉ាងនេះក្ដី អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិ នៃអង្គការខុមហ្វ្រែល (Comfrel) លោក កន សាវាង្ស យល់ឃើញថា អង្គការមិនមែនរដ្ឋាភិបាលពុំដែលទទួលបានព័ត៌មានស្ដីពីការពិន័យ​​ទៅ​​លើភ្នាក់ងារគណបក្សនយោបាយដែលអនុវត្តផ្ទុយពីគោលការណ៍កំណត់ដោយ គ.ជ.ប ​​ម្តង​ណាទេ។ ប៉ុន្តែលោកថា សង្គមស៊ីវិលបានទទួល​ត្រឹមតែព័ត៌មានអំពីមន្រ្តីរាជការស៊ីវិលនៅទី​​តាំង​​​ខ្លះបានប្រើប្រាស់ធនធាននិងម៉ោងការងាររដ្ឋបាលរបស់រដ្ឋ លួចទៅជួយឃោសនាឬ​​ចុះ​​ពង្រឹង​​បក្ស។

លោកបន្តថា៖ «សម្រាប់ខ្ញុំជាអ្នកតាមដានមើលកន្លងមក ដូចជាមិនធ្លាប់ទទួលបាននូវរបាយការណ៍នៃការផាកពិន័យទៅលើអ្នកទាំងនោះទេ ភាគច្រើនត្រឹមការណែនាំ។​​ ហើយកន្លងទៅ បើទោះ​បីថា វា​មានច្បាប់នៃការហាមឃាត់អីយ៉ាងណាក៏ដោយ ប៉ុន្តែករណីនៃការប្រើប្រាស់ហ្នឹងវានៅតែកើតមាន ប៉ុន្តែគ្រាន់តែថាទំហំដែលកើតមានហ្នឹងវាតិចឬក៏ច្រើនទៅតាមទីកន្លែងមួយៗ»។

ការបោះឆ្នោតជ្រើសរើសក្រុមក្រុមប្រឹក្សាឃុំសង្កាត់ សម្រាប់ឆ្នាំ២០២២​ មានគណបក្សនយោ​​បាយ​ចំនួន១៧ ក្នុងចំណោមគណបក្សនយោបាយទាំង៤៥ បានចុះឈ្មោះចូលរួមប្រ​​កួត​​ប្រជែងការបោះឆ្នោតនៅក្នុងនីតិកាល​ទី៥នេះ។ ប៉ុន្តែមានតែគណបក្សនយោបាយ២ប៉ុណ្ណោះដែល​​នាំមុខគេ ក្នុងការដាក់បញ្ជីបេក្ខជនមេឃុំចៅសង្កាត់បានទូទាំងប្រទេស គឺគណបក្សប្រជាជន​​កម្ពុជា និងគណបក្ស​​ភ្លើង​​ទៀន។

គណបក្សកាន់អំណាច ដាក់បញ្ជីបេក្ខភាពបានគ្រប់ឃុំ-សង្កាត់ទាំង១ ៦៥២ឃុំ-សង្កាត់ ក្នុង​​ពេល​​​​​ដែ​​​ល​​គណបក្ស​​ភ្លើងទៀន ដាក់បានស្ទើរគ្រប់ឃុំសង្កាត់ដែរ ប៉ុន្តែត្រូវបាន គ.ជ.ប លុបឈ្មោះ​​ចេញ​​​​​​ពីបោះឆ្នោត​​​ប្រ​​មាណ២៩ឃុំ-សង្កាត់ ទើបធ្វើឱ្យគណបក្សក្រៅរដ្ឋាភិបាលមួយនេះនៅសល់​បញ្ជី​​បេក្ខ​​​ភាព​​​មេ​ឃុំ​​ចៅ​​​​សង្កាត់​ចំនួន១ ៦២៣ ក្នុងក្របខណ្ឌទូទាំងប្រទេស​។

អ្នកជំនាញលើកិច្ចការបោះឆ្នោត លោក កន សាវាង្ស យល់ឃើញថា ដើម្បីធានាថា ការបោះឆ្នោត​​ឃុំ​​​​សង្កាត់ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ខាងមុខនេះ មានភាពសេរី ត្រឹមត្រូវ និង​​យុត្តិ​​ធម៌ទៅបាន លុះត្រាគ្រប់ភាគីដែលចូលរួមអនុវត្តច្បាប់ដែលមានជាមូលដ្ឋាន ដូចជា​ ច្បាប់​​ស្ដីពី​​​រៀប​ចំ​​​និងការប្រព្រឹត្តទៅនៃការបោះ​​ឆ្នោត​​ជ្រើស​​រើសក្រុមប្រឹក្សាឃុំ-សង្កាត់ ព្រមទាំងបទបញ្ជានិងនីតិវិធីដែល​​មាន​​ជាធរមាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ