កម្មករ​៣នាក់​នៅ​ខេត្តកណ្ដាល​ត្រូវ​ថៅកែ​បញ្ឈប់​ពី​ការងារ​ក្រោយ​បង្កើត​សហជីព​ក្នុង​រោងចក្រ

ថ្នាក់ដឹកនាំ និងភាគីពាក់ព័ន្ធ ប្រជុំសម្រេចបញ្ឈប់កម្មករ៣នាក់ដែលជាបេក្ខជនសហជីពឯករាជ្យប្រចាំរោងចក្រ អេសវ៉ាយអេចជេ ហ្គាមិន ក្នុងខែមេសា ឆ្នាំ២០២២។ (ផ្ដល់ឱ្យ)

កម្មករ-កម្មការិនីចំនួន៣នាក់ បម្រើ​ការ​ងារ​នៅ​រោង​ចក្រកាត់ដេរ​សម្លៀក​បំពាក់​មួយ ស្ថិត​នៅ​ឃុំ​បែក​ចាន ស្រុក​អង្គ​ស្នួល ខេត្ត​កណ្ដាល​ ត្រូវ​បាន​ថៅកែ​បញ្ឈប់​ពី​ការ​ងារ​ក្រោយ​បង្កើត​សហជីព​នៅ​ក្នុង​រោង​ចក្រ។

កម្មការិនី​ជា​ប្រធាន​ផ្នែក​វេច​ខ្ចប់​​ អ្នក​ស្រី ហ៊ុល សុឃីម ប្រាប់​វីអូឌីនៅថ្ងៃពុធនេះថា អ្នកស្រី និង​កម្មករ-កម្មការិនី២នាក់ទៀត គឺអ្នកស្រី ប្រាក់ តុលា និង​លោក នី តុលា ត្រូវ​បាន​ថៅកែ​រោង​ចក្រ​ «អេស​វ៉ាយ​អេចជេ ​ហ្គា​មិន» នៅ​ភូមិ​ស្វាយ​ជ្រុំ​ ឃុំ​បែក​ចាន​ បញ្ឈប់​ពី​ការ​ងារ​ជា​បន្ត​បន្ទាប់ ដោយ​មិន​បាន​ប្រាប់​ពី​មូល​ហេតុ​ច្បាស់​លាស់ និង​ជូន​ដំណឹង​ត្រឹម​ត្រូវ​ទៅ​តាម​ផ្លូវ​ច្បាប់​ឡើយ។

កម្មការិនីរូបនេះបន្តថា កាលពីអំឡុងខែមីនា ឆ្នាំ២០២២ ពួកគាត់ទាំង​៣នាក់នាំគ្នាចងក្រងបង្កើតសហជីព​មួយ​ឈ្មោះ «សហជីពឯករាជ្យ​» នៅក្នុង​រោងចក្រ​ អេស​វ៉ាយ​អេច​ជេ ហ្គាមិន។ អ្នកស្រី​ថា ក្រោយ​ពី​ពួក​គាត់ចេញ​ឈ្មោះប​ង្កើត​សហជីព ខាង​ថៅកែ​មិន​ពេញ​ចិត្ត និង​បាន​បញ្ឈប់ពួកគាត់ជាបន្តបន្ទាប់។

អ្នកស្រីបន្ថែមថា៖ «តាំងពីឈ្មោះរបស់ពួកខ្ញុំ​បញ្ឈប់ទៅដល់រោងចក្រ ខាងថ្នាក់ដឹកនាំរោងចក្រហ្នឹងគេមិនសូវ​រវី​រវល់ មិន​យកចិត្តទុកដាក់ជាមួយយើង គេប្រើពាក្យគំរោះគំរើយ​ដាក់​យើង គេមិ​ន​ឱ្យ​តម្លៃ​យើង​ជា​កម្មករ​នៅ​ក្នុង​រោង​ចក្រ ហើយសហជីពរបស់រោងចក្រ គេកាន់ជើងតែថៅកែចិន។ ពេល​ដែល​ពួក​ខ្ញុំ​ឈរឈ្មោះបង្កើត​សហជីពនៅហ្នឹង មុនដំបូងគេបញ្ឈប់​២នាក់ ហើយកាលពីថ្ងៃអាទិត្យ​​មុននេះ គេបញ្ឈប់ខ្ញុំ»

កម្មការិនីម្នាក់ទៀត អ្នកស្រី ប្រាក់ តុលា ចាត់ទុក​ករណី​​ថៅកែបញ្ឈប់​ពួក​គាត់​ពី​ការ​ងារ​នេះ ថា​ជាការ​រើស​អើង​​សហជីព ខណៈរោងចក្រនេះកំពុងគាប​សង្កត់ កេងប្រវ័ញ្ចកម្លាំង​ពលកម្ម និង​ធ្វើ​សកម្មភាព​ខុស​ច្បាប់​ស្ដីពី​ការ​ងារ។

អ្នកស្រីបន្ថែមថា៖ «គេរើសអើងសហជីព ​គេ​មិន​ចង់​ឱ្យមាន​សហជីពឯករាជ្យចាំជួយដល់​កម្មករដែលរងការ​ជិះជាន់​ពី​ក្រុម​ហ៊ុន គេរើសយកតែគ្នាគេ។ ចង់ឱ្យធ្វើតាមច្បាប់ គេមិនព្រមទេ។ ដោយសារ​តែ​ខ្ញុំមើលឃើញ​ការ​លំបាក និង​ការជិះជាន់មកលើកម្មករ និងរើសអើងមកលើខ្ញុំផង​ ទើប​យើង​បង្កើត​សហជីព។ ខ្ញុំបាន​ខិត​ខំ​ធ្វើការថែមម៉ោង គោរពម៉ោង​ គោរព​ពេលវេលា តែគេបែរជាវាយប្រហារខ្ញុំថាខ្ញុំធ្វើការងារយឺតយ៉ាវ មិន​គោរពពេលវេលា ធ្វើការមិនគ្រប់ចំនួនទៅវិញ»

លោក ពិសិដ្ឋ ដែលកម្មករ​ប្រាប់​ថាជា​ប្រធាន​រដ្ឋ​បាល​រោង​ចក្រ​ អេស​វ៉ាយ​អេចជេ ហ្គាមិន សុំ​មិន​ឆ្លើយ​តប​ពាក់​ព័ន្ធ​ករណី​នេះ។

កាលពីថ្ងៃទី២៦ ខែ​មេសា ឆ្នាំ២០២២​នេះ ក្រុម​កម្មករ​បាន​ដាក់​បណ្ដឹង​មួយ​ទៅ​នាយក​ដ្ឋាន​វិវាទ​ការ​ងារ​នៃក្រសួង​ការងារ ដោយប្ដឹងថៅកែរោងចក្រ អេស​វ៉ាយ​អេច​ជេ ហ្គាមិន ថា​បញ្ឈប់​ពួក​គេ​ពី​ការ​ងារ​ដោយ​ខុសច្បាប់ ក្រោយ​ពួក​គេ​ឈរ​ឈ្មោះជា​បេក្ខជន​សហជីព​ឯក​រាជ្យ​នៅ​ក្នុង​រោង​ចក្រ​មួយ​នេះ។

ក្នុងបណ្ដឹង​ក្រុម​កម្មករបាន​ស្នើ​ដល់​មន្ត្រី​ក្រសួង​ការ​ងារ​ជួយ​ដោះស្រាយ ​ដោយ​ធ្វើ​យ៉ាង​ណាឱ្យ​ថៅកែ​ទទួលយក​ពួក​គេ​ចូល​ធ្វើការងារវិញ និងបើកប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនពួកគេ។

ប្រធានការិយាល័យវិវាទ​ការ​ងា​រ​ទី៣ នៃ​ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ជា ស៊ាង​ហុង មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​ទទួល​បាន​បណ្ដឹងរបស់កម្មករនៅឡើយទេ ដោយរង់ចាំសួរមន្ត្រីសិន។

លោក​ថា៖ «ដោយសារឥលូវខ្ញុំកំពុងជាប់ប្រជុំ ចាំសួរទៅក្រុមការងារខ្ញុំសិន។ ប្រសិនបើពួកខ្ញុំទទួលបានបណ្ដឹង នឹងចុះដោះស្រាយតាមនីតិវិធីហើយ»។

ប្រធានសហព័ន្ធសហជីព​ឯករាជ្យ លោក រី សិទ្ធីណែត មាន​​ប្រសាសន៍​​ថា ថ្នាក់ដឹកនាំរោងចក្រ​ អេស​វ៉ាយអេច​ជេ ហ្គាមិន បាន​មើល​ងាយ​កម្មករ បញ្ឈប់​កម្មករដោយអត់មានមូលហេតុច្បាស់លាស់ និង​ខុស​ច្បាប់។

លោកបន្ថែមថា៖ «រោងចក្រហ្នឹង​ គាត់មើលងាយកម្មករ ហើយគាត់បានបញ្ឈប់កម្មករ​ដោយ​អត់​មាន​ហេតុផល​ច្បាស់​លាស់​អ្វី​ទាំង​អស់។ តាមពិតសកម្មភាពហ្នឹងជាការរើសអើងសហជីព។ ហើយ​នៅក្នុងរោង​ចក្រហ្នឹង ​គេ​បាន​និយាយ​ហើយ​ថា គេមាន​លុយ គេមិន​មានស​ហជីព​ដែល​ឯករាជ្យ​ ហើយការពារផលប្រយោជន៍​របស់​កម្មករ​នៅក្នុងរោងចក្រហ្នឹងទេ។ ហើយជាទូ​ទៅ កម្មករ​នៅ​រោង​ចក្រ​ហ្នឹង​ត្រូវ​បាន​ថៅកែបង្ខំឱ្យធ្វើការថែមម៉ោងរហូតម៉ោង៨ ឬ១០យប់​ក៏មានដែរ»

កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ សម្ព័ន្ធ​សហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (CCAWDU) បានឱ្យ​ដឹងថា មាន​រោង​ចក្រចំនួន២៣ទីតាំង ដែលមានកម្មករសរុប​១ ៤០៨នាក់ បាន​​រងគ្រោះដោយការបញ្ឈប់ពីការងារ បន្ទាប់ពួកគេប្រើប្រាស់សិទ្ធិក្នុងការបង្កើតសហជីព​ក្នុង​សហគ្រាស និងគ្រឹះ​ស្ថាន​​​ដែលពួកគេកំពុង​ធ្វើការ ខណៈ​រោងចក្រខ្លះទៀតត្រូវបាន​បិទ​ទ្វារ ដោយសារ​ថៅកែមិន​បាន​ទូទាត់​​​ប្រាក់​​ជូន​កម្មករតាមច្បាប់ស្តីពីការងារ។ មួយទៀត​​នោះ សំណុំរឿងមួយចំនួន​​ដែល​ក្រុមប្រឹក្សាអាជ្ញាកណ្ដាលបានដោះស្រាយ និងសម្រេចឱ្យកម្មករ​ឈ្នះ​ហើយ គឺមិនត្រូវបានថៅកែ ឬនិយោជកអនុវត្តតាមសេចក្ដី​បង្គាប់​របស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល​ឡើយ ដែលករណីនេះ សហជីពចាត់ទុក​ថា ជា​ការរំលោភសិទ្ធិ​មនុស្ស​​ធ្ងន់​​ធ្ងរ និង​​ជា​ការកេងប្រវ័ញ្ចកម្លាំងពលកម្ម​កម្មករ ដែលត្រូវបានហាមឃាត់ដោយច្បាប់ផងនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ