តុលាការ​សម្រេច​ឃុំខ្លួន​ស្ថាបនិក​គណបក្ស​បេះដូងជាតិ លោក សៀម ភ្លុក

លោក សៀម ភ្លុក តំណាងស្ថាបនិកគណបក្សបេះដូងជាតិ។ (ហ្វេសប៊ុក៖ Seam Pluk)

ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេច​ឃុំខ្លួនស្ថាបនិកគណបក្ស​បេះដូង​ជាតិ លោក សៀម ភ្លុក នៅពន្ធនាគារ​ព្រៃ​ស បន្ទាប់​ពីបាន​ឃាត់​ខ្លួនកាលពីថ្ងៃ​ម្សិល​មិញ ក្រោម​បទចោទ​ប្រកាន់​ «ក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង»

ក្នុងដីកាបង្គាប់ឱ្យឃុំខ្លួន​ចុះថ្ងៃទី​២៧ ខែ​មេសា ឆ្នាំ២​០២២ ចេញ​ដោយ​ចៅក្រម​ស៊ើប​សួរ​សាលាដំបូង​រាជធានីភ្នំពេញ លោក លិ សុខា បានបង្គាប់​​ឱ្យ​សមត្ថកិច្ចនាំខ្លួន​ស្ថាបនិកគណបក្សបេះដូងជាតិ លោក សៀម ភ្លុក ទៅឃុំខ្លួននៅពន្ធនាគារព្រៃស ពាក់​ព័ន្ធនឹងករណីក្លែងបន្លំ និងប្រើប្រាស់​លិខិត​ក្លែង។ ដីកាដដែលថា ប្រធានមណ្ឌលអប់រំកែប្រែទី១ (១) ទទួល និងឃុំខ្លួនជននេះ រហូតដល់មាន​បទបញ្ជាថ្មីសម្រេច​ផ្សេង​ពីនេះ។

លោក លិ សុខា បញ្ជាក់​ក្នុង​ដីកាបង្គាប់ឱ្យឃុំខ្លួននោះ ដោយ​​ឱ្យ​គ្រប់​ភ្នាក់​ងារ​នៃកង​កម្លាំង​សាធារណៈ​ទាំង​អស់សហការអនុវត្តឱ្យបានល្អនៅពេលដីកានេះត្រូវបានបង្ហាញក្នុង​ករណីចាំបាច់។

លោក សាន សុខសីហា អ្នកនាំពាក្យស្នងការ​ដ្ឋាន​​នគរបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅថ្ងៃទី២៨​ ខែមេសានេះថា លោក សៀម ភ្លុក ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពីព្រឹកថ្ងៃពុធម្សិលមិញ នៅរាជធានីភ្នំពេញ ហើយ​ការ​ចាប់​ខ្លួន​នេះធ្វើឡើងតាមដីកានាំខ្លួនរបស់ចៅក្រម​ស៊ើប​សួរ​សាលាដំបូងរាជធានីភ្នំពេញ។ លោកបន្ត​ថា ក្រោយការ​ចាប់ខ្លួន សមត្ថកិច្ច​បាន​បញ្ជូនលោក​ សៀម ភ្លុក ទៅតុលាការភ្លាមៗផងដែរ។

នៅពេលសួរថា តើអាជ្ញាធរកំពុងស្វែងរកអ្នកពាក់ព័ន្ធផ្សេងទៀតឬយ៉ាងណានោះ លោក សាន សុខសីហា បានមានប្រសាសន៍ថា៖ «រហូតមកដល់ពេលនេះ​មានតែគាត់ [លោក ​សៀម ភ្លុក​]​ ម្នាក់​​គត់ ដែល​យើ​ង​អនុវត្តដីការបស់​តុលាការ។ ក្នុងនាមនគរបាលយុត្តិធម៌ និងសមត្ថកិច្ច យើងអនុវត្តតាមនីតិវិធីច្បាប់។ នៅពេលដែលមានដីកាណាមួយពាក់ព័ន្ធនឹងបទល្មើសផ្សេងៗ យើងនឹងអនុវត្តតាមនីតិវិធីច្បាប់។ ប្រសិនបើគ្មានទេ យើងនឹងមិនចាប់ខ្លួនឡើយ»។

លោក ជូង ជូងី មេធាវីការ​ពារក្ដីឱ្យ​លោក សៀម ភ្លុក មានប្រសាសន៍ថា៖ «ខ្ញុំអត់ដឹងថា​​តើសមត្ថកិច្ច​ដែលទៅឃាត់ខ្លួន​​បញ្ជូនមកតុលាការនោះ សម្អាងទៅលើ​អ្វី។ កន្លងមក​ ចៅក្រមស៊ើបសួរ​ចេញដីកា​បង្គាប់ឱ្យនាំខ្លួនឱ្យ​បានមុនថ្ងៃទី២៥​ អ៊ីចឹងត្រឹមថ្ងៃទី២៥ ដីកានោះអស់សុពលភាពហើយ។​ ហើយ​​ម្សិលមិញ ថ្ងៃទី២៧ អ៊ីចឹងថាតើ​ចៅក្រម​ស៊ើបសួរ​មានចេញដីកាថ្មីអត់? បើចៅក្រមស៊ើប​សួរមិនមាន​ចេញដីកាថ្មីទេ បែរជានគរ​បាលគាត់យក​ដីកា​ចាស់​ដែលអស់សុពលភាព នៅ​ថ្ងៃ​ទី២៥ ​យក​ទៅអនុវត្ត អាហ្នឹង​ខ្ញុំយល់ឃើញថា ជាការអនុវត្តដែល​ខុសនីតិវិធី ដែលអត់មានអ្វីសម្អាង ពីព្រោះដីកាបង្គាប់ឱ្យ​នាំខ្លួនហ្នឹង ​នាំឱ្យបាន​មុន​ថ្ងៃទី២៥ អ៊ីចឹងត្រឹមថ្ងៃទី២៥ហ្នឹង ​អស់​សុពលភាពហើយ​ ជាស្មារតីច្បាប់​នោះ។ អ៊ីចឹងបើ​នាំខ្លួន​បាន ទាល់តែចៅក្រម​ស៊ើបសួរ​​ចេញដីកា​ថ្មីទៀត នោះទើបយកទៅអនុវត្តទៅត្រឹមត្រូវ»។

លោក ជូង ជូងី បញ្ជាក់ថា មកដល់ពេលនេះ​ លោកនៅមិនទាន់ទទួលដីកា​ថ្មី ឬការសម្រេចថ្មីណាមួយ​ពីតុលាការ​ទេ ហើយ​បែរជាមានការ​ឃុំខ្លួន​កូនក្តីរបស់លោក​ទៅវិញ។ លោក​បន្តថា លោក​នឹង​ជួបជាមួយកូនក្ដីរបស់លោក​នៅថ្ងៃស្អែក ដើម្បី​ពិភាក្សា​នីតិវិធី​បន្ត​ក្នុងការ​តតាំងក្ដីក្នុង​សំណុំរឿងនេះ។​

នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត មានប្រសាសន៍​ថា បើ​សិន​ជាតុលាការមិនបញ្ជូនដីកាឱ្យដល់ដៃ​ជន​​ដែល​ត្រូវ​បាន​ចោទទេ តុលាការ​មិន​អាច​ចោទ​ប្រកាន់​ថាបុគ្គលរូបនោះ​គេច​វេះ​ក្នុង​ការ​ចូល​បំភ្លឺ​បាន​ឡើយ។ ប៉ុន្តែក្នុងករណីបើជន​ត្រូវបានចោទ បានទ​ទួល​ដីកាដោ​យ​ផ្ទាល់​ដៃ​ហើយ តែមិន​ចូល​ខ្លួន​បំភ្លឺ​នោះ លោកថា តុលាការអាចអនុវត្តនីតិវិធីបន្តទៀត។

តែយ៉ាងណា លោក អំ សំអាត យល់ថា ករណីនេះអាច​ជាប់​ពាក់​ព័ន្ធ​រឿង​នយោបាយ ដោយ​សារ​កន្លង​មក លោក​ សៀម ភ្លុក មាន​បញ្ហាចម្រូងចម្រាសតាំងពីនៅក្រសួងមហាផ្ទៃ ពាក់ព័ន្ធរឿង​ចុះបញ្ជីគណបក្ស ដោយមានការប្ដឹងទៅតុលាការជាដើម។

លោកថា៖ «ការបង្កើតគណបក្សបេះដូង​​ជាតិនេះ មានការចម្រូងចម្រាសរហូតដល់មានមតិខ្លះ ដែលមានមន្ត្រីជាន់ខ្ពស់មួយចំនួ​នក៏លើកឡើងថា មានការពាក់ព័ន្ធជាមួយនឹងអតីតមេដឹកនាំគណបក្ស​សង្គ្រោះជាតិ ជាដើម។ ទិដ្ឋភាពទាំងអស់ហ្នឹង ដែលគេមើលឃើញថា ជាស្ថានភាពនយោ​បាយ ហើយ​ជា​លើក​ទី​១​ហើយ​ដែលគណបក្សដែលចុះបញ្ជី ត្រូវ​ក្រសួង​មហា​ផ្ទៃបដិសេធ និង​លុប​ឈ្មោះ​ចេញ​ពីបញ្ជី ហើយប្ដឹងទៅតុលាការមានការចោទប្រកាន់»។

លោក អំ សំអាត បន្តថា បើសិនជាការចាប់ខ្លួន និងការគំរាមកំហែងសកម្មជននយោបាយបក្សប្រឆាំងកន្លងមក ត្រូវបានគេមើលឃើញថាជារឿងនយោបាយច្រើនជាងការអនុវត្តច្បាប់ ហើយករណីនេះ គំរាមកំហែងនិងចាប់ខ្លួននៅតែបន្តកើតឡើង នោះ​កម្ពុជានឹង​រង​ការ​រិះគ​ន់​ពី​សហគមន៍ជាតិ និងអន្តរជាតិ ដែលធ្វើឱ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោតនា​ពេល​ខាងមុខ។

កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានព្រមាន​ស្ថាបនិកគណបក្សបេះដូងជាតិ លោក សៀម ភ្លុក ថា​នឹង​មិន​អាច​គេច​ចេញ​ពី​សំណាញ់ច្បាប់​កម្ពុជា​បាន​ឡើយ បើទោះជាលោកបានព្យាយាមដល់​ទៅ​២លើក មិនចូលទៅបំ​ភ្លឺ​នៅតុលាការ​តាម​បណ្ដឹងរបស់ក្រសួងក៏ដោយ។

លោក សៀម ភ្លុក ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ​​ ចេញដីកាកោះហៅឱ្យចូលខ្លួនទៅឆ្លើយបំភ្លឺ​ម្ដងរួចមកហើយ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ពាក់ព័ន្ធនឹងរឿងក្លែងបន្លំស្នាមមេដៃសមាជិកដើម្បីបង្កើតគណបក្សនយោបាយ។ ប៉ុន្តែនៅថ្ងៃទី២២ ខែមីនានោះ លោកមិនបានចូលទៅបំភ្លឺទេ ដោយថាមិនបានទទួលដីកាពីតុលាការ។

ក្រោយពីលោក សៀម ភ្លុក មិនបានចូលបំភ្លឺនោះ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ ក៏បានចេញដីកាបង្គាប់ឱ្យសមត្ថកិច្ចនាំខ្លួនលោក សៀម ភ្លុក ទៅបំភ្លឺនៅតុលាការឱ្យបានមុនថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ដើម្បីធានាដល់ការស៊ើបសួរឱ្យបានពេញលេញនៅចំពោះមុខចៅក្រមស៊ើបសួរ ប៉ុន្តែលោក សៀម ភ្លុក នៅតែពុំបានចូលខ្លួន​ទៅតាមដីកា ខណៈលោកអះអាងថា មិនទទួលបានដីកា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ