គ.ជ.ប ទទួល​ស្គាល់​អ្នក​សង្កេតការណ៍​ជាតិ​ជិត​២៨០០០នាក់​គិត​មក​ដល់​ដើម​សប្ដាហ៍​នេះ

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ពលរដ្ឋមូលដ្ឋាននាំគ្នាទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត នៅសាលាសង្កាត់ផ្សារដើមថ្កូវ ដើម្បីមានឈ្មោះចូលរួមការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ (គួយ ឡង់ឌី)

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គិត​មកដ​ល់​ថ្ងៃអង្គារ​សប្ដាហ៍នេះ បាន​អនុ​ញ្ញាត​ឱ្យ​​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិ​បាល​​ចំនួន​៧ ដែលដាក់អ្នកសង្កេត​ការណ៍ជិត២៨ ០០០នាក់ ​ចូល​រួម​​សង្កេត​​មើល​ដំណើរ​ការ​​បោះ​ឆ្នោ​​តជ្រើ​ស​រើស​ក្រុម​ប្រឹក្សា​​ឃុំ​​សង្កាត់។

សេចក្ដីប្រកាសព័ត៌មានរបស់គ.ជ.ប នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះ បាន​ឱ្យដឹងថា គិត​ត្រឹម​ថ្ងៃទី២៦ ខែមេសា គ.ជ.ប បានអនុញ្ញាតឱ្យសមាគម​ និងអង្គការ​មិនមែនរដ្ឋាភិបាលចំនួន៧ ដែលបានដាក់ពាក្យស្នើសុំ និងមានអ្នកសង្កេត​ការណ៍ចំនួន២៧ ៩២៦រូប​ ដើម្បីចូលរួមសង្កេតមើលដំណើរការបោះឆ្នោតជ្រើស​ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

គ.ជ.ប បញ្ជាក់ថា សមាគម និងអង្គការមិនមែនរដ្ឋាភិបាលទាំង៧ ដែលបានដាក់អ្នកសង្កេត​ការណ៍​នោះ រួមមាន សមាគម​បញ្ញវន្តនិង​យុវជនស្ម័គ្រចិត្ត​ សហភាពសហព័ន្ធយុវជន​កម្ពុជា គណៈកម្មាធិការ​ដើម្បីការបោះឆ្នោត​ដោយ​សេរីនិងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) សមាគម​នារី​កម្ពុជា​ដើម្បីសន្តិភាពនិ​ងអភិវឌ្ឍន៍ អង្គការ​សុខភាពផ្លូវចិត្តបែបបុរាណនិងសម័យ សមាគម​មិត្ត​យើង និង​សមាគម​សហព័ន្ធនិស្សិត​បញ្ញាវ័ន្ត​ប្រជាធិបតេយ្យ​កម្ពុជា។

សេចក្តីប្រកាសព័ត៌មានដដែលបន្តថា បច្ចុប្បន្ន គ.ជ.ប ក៏កំពុងពិនិត្យ​លើសំណើរបស់សមាគម​អង្គការ​ចំនួន៤ទៀតដែលបានស្នើ​ដាក់អ្នកសង្កេតការណ៍ចំនួន៤ ៧០៦រូប​ផងដែរ។

បើតាម គ.ជ.ប ការដាក់និងការទទួលពាក្យ​សុំចុះឈ្មោះ​អ្នកសង្កេត​ការណ៍​ជាតិ ប្រព្រឹត្តទៅពីថ្ងៃទី១៥ ខែ​កុម្ភៈ ដល់​ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ