កម្មករ​ម្នាក់​ទៀត​របស់​រោងចក្រ អេសវ៉ាយអេចជេ ត្រូវ​ថៅកែ​បញ្ឈប់​ពី​ការងារ​ក្រោយ​ចូល​ជា​សមាជិក​សហជីព

ថ្នាក់ដឹកនាំ និងភាគីពាក់ព័ន្ធ ប្រជុំសម្រេចបញ្ឈប់កម្មករ៣នាក់ដែលជាបេក្ខជនសហជីពឯករាជ្យប្រចាំរោងចក្រ អេសវ៉ាយអេចជេ ហ្គាមិន ក្នុងខែមេសា ឆ្នាំ២០២២។ (ផ្ដល់ឱ្យ)

កម្មករម្នាក់ទៀត បម្រើ​ការ​ងារ​នៅ​រោង​ចក្រកាត់ដេរ​សម្លៀក​បំពាក់ «អេសវ៉ាយអេចជេ ហ្គាមិន» ស្ថិត​នៅ​ឃុំ​បែក​ចាន ស្រុក​អង្គ​ស្នួល ខេត្ត​កណ្ដាល​ ត្រូវ​បាន​ថៅកែ​បញ្ឈប់​ពី​ការ​ងារ​ ក្រោយ​ចូលជាមាជិកសហជីព​នៅ​ក្នុង​រោង​​ចក្រ។

កាលពីសប្ដាហ៍មុននេះ កម្មករ-កម្មការិនីចំនួន៣នាក់ធ្វើការនៅរោងចក្រ​​ អេសវ៉ាយអេចជេ រួម​មាន អ្នកស្រី ហ៊ុល សុឃីម, អ្នកស្រី ប្រាក់ តុលា និងលោក នី តុលា ត្រូវបានថៅកែបញ្ឈប់ពីការងារ ក្រោយពួកគេឈរឈ្មោះជាបេក្ខជនសហព័ន្ធសហជីព​ឯករាជ្យប្រចាំរោងចក្រនេះ។

លោក ម៉ាន់ សុខមុំ ជាកម្មករធ្វើការនៅរោងចក្រ​ អេស​វ៉ាយ​អេច​ជេ ប្រាប់វីអូឌីនៅថ្ងៃសុក្រនេះថា រូបលោកត្រូវ​បាន​ថៅកែ​បញ្ឈប់​ពី​ការងារកាលពីថ្ងៃ​ម្សិលមិញនេះ ក្រោមហេតុផលថា លោកធ្វើការងារមិនល្អ ខណៈលោក​បាន​ខិតខំធ្វើការងារ និងថែមម៉ោងដល់ម៉ោង៨យប់ជារៀងរាល់ថ្ងៃ។

កម្មករផ្នែកវេច​ខ្ចប់​រូប​នេះ​បន្ត​ថា ថៅកែបញ្ឈប់​រូប​លោក​ពី​ការ​ងារ ក្រោយដឹងថាលោកជាសមាជិក​សហជីព​ដែល​គ្រោង​បង្កើត​ថ្មី​នៅ​ក្នុង​រោង​ចក្រ​នោះ។

លោកបន្ថែមថា៖ «មេខ្ញុំគាត់ចូលជាតំណាងសហជីពឯករាជ្យ ហើយដល់ពេលគេបញ្ឈប់គាត់ទៅ ហើយខ្ញុំដែលគាត់ជាអ្នកនាំចូលហ្នឹង​ គេមកបញ្ឈប់ខ្ញុំដែរ។ ​គេថាខ្ញុំធ្វើការ​អត់​ល្អ ប៉ុន្តែខ្ញុំ​ធ្វើការ​ថែមម៉ោង៨​រហូត ​មិនដែល​ឈប់​ផង។ ដល់ហៅខ្ញុំទៅបើកលុយ គេថាខ្ញុំធ្វើអត់ល្អ»

កម្មការិនី​ជា​ប្រធាន​ផ្នែក​វេ​ច​​ខ្ចប់​​ អ្នក​ស្រី ហ៊ុល សុឃីម មានប្រសាសន៍​ថា ជុំវិញ​​វិវាទ​ការ​ងារ​​នេះ​ អ្នកស្រី និងកម្មករ​ផ្សេង​ទៀត ​បាន​ដាក់​​បណ្ដឹង​ទៅ​នាយក​​ដ្ឋាន​​​វិវាទ​​ការ​​ងារ​​នៃ​ក្រសួង​​ការ​ងារ ដោយប្ដឹងថៅកែរោង​ចក្រ អេស​​វ៉ាយ​អេច​ជេ កាលពីថ្ងៃទី២៦ ខែមេសានេះ​ ដោយ​ថា ថៅកែ​​បញ្ឈប់​​ពួក​​គេ​​ពី​​ការ​​ងារ​​ដោយ​​ខុស​ច្បាប់ និងទាមទារឱ្យថៅកែទទួលយកពួកគេចូលធ្វើការងារវិញផងដែរ។

អ្នកស្រីបន្ថែមថា៖ «ខ្ញុំចង់ឱ្យក្រសួងការងារមានចំណាត់ការលើរឿងពួកខ្ញុំនេះ​ឱ្យបានឆាប់ ព្រោះអី​វាអយុត្តិ​ធម៌​ណាស់​ គ្រាន់តែយើង​បង្កើត​សហជីព​ដើម្បី​ការ​ពារ​ផល​ប្រយោជន៍​កម្មករ​សោះ គេ​រើស​អើង គេបញ្ឈប់យើង​ពីកា​រ​ងារ​វិញ»។

វីអូឌី មិន​អាច​សុំការឆ្លើយតប​ពីលោក ពិសិដ្ឋ ដែលកម្មករប្រាប់​ថាជាប្រ​ធាន​រដ្ឋបាលរោ​ងច​ក្រ ​អេសវ៉ាយអេចជេ និងអ្នក​នាំពាក្យ​ក្រសួង​ការ​ងារ និង​បណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ រួមនឹង​ប្រធាន​នាយកដ្ឋាន​វិវាទ​ការ​ងារ​ លោក អាំង សេងលី បានទេ ពាក់ព័ន្ធករណី​នេះ។

ប៉ុន្តែនាយកដ្ឋានវិវាទ​ការងារ​នៃក្រសួងការងារ​ នៅទី២៩ ខែមេសា ឆ្នាំ២០២២​នេះ បាន​ចេញ​លិខិត​មួយ​ឱ្យ​អ្នក​​ស្រី ហ៊ុល សុឃីម ចូលខ្លួនទៅផ្តល់ព័ត៌មាន​នៅថ្ងៃទី៣​ ខែឧសភា ឆ្នាំ២០២២​នេះ ពាក់ព័ន្ធបណ្ដឹងដែលអ្នកស្រីប្ដឹង​រោងចក្ររឿងបញ្ឈប់អ្នកស្រីនិងកម្មករផ្សេងទៀតពីការងារ។

ប្រធានសហព័ន្ធសហជីព​ឯករាជ្យ លោក រី សិទ្ធីណែត ចាត់ទុកករណីថៅកែបញ្ឈប់កម្មករ​ពី​ការងារនេះ​ថា ជា​ការ​រើស​អើង​សហជីព និង​រំលោភលើសិទ្ធិកម្មករធ្ងន់ធ្ងរ។ លោកថា ថ្នាក់ដឹកនាំរោងចក្រ​​ អេស​វ៉ាយអេច​ជេ បាន​​មើល​​ងាយ​​កម្មករ​ បញ្ឈប់​កម្មករ​ដោយ​អត់​មាន​មូល​ហេតុច្បាស់​លាស់។

ប្រធាន​សហព័ន្ធ​សហជីព​រូប​នេះ​ ឱ្យដឹង​ថា សហជីព​របស់​លោក​បាន​ទទួល​លិខិត​អញ្ជើញ​មួយ​ពី​នាយកដ្ឋាន​វិវាទ​ការ​ងារ​ ឱ្យ​ទៅ​ឆ្លើយ​បំភ្លឺ​ ឬ​ផ្ដល់ព័ត៌​មាន​ ជុំវិញ​ករណី​ថៅកែបញ្ឈប់​កម្មករ​ពី​ការ​ងារ​នេះ នៅថ្ងៃ​ទី​៣ ខែ​ឧសភា​ ខាង​មុខ​នេះ។

លោកបន្ថែមថា៖ «យើងកំពុងរង់ចាំសេចក្ដីសម្រេច​ពីខាងក្រសួង​ការ​ងារ​សិន​ ថាគាត់​សម្រេចឱ្យថៅកែយកកម្មករចូលធ្វើការងារវិញ ឬយ៉ាងណា។ បើខាង​[ក្រសួង]សម្រេច​ឱ្យ​ចូល​ធ្វើកា​រ​ងារ​វិញ យើង​នឹង​តេ​ទៅ​ខាង​រោង​ចក្រឱ្យយក​កម្មករ​ចូល​ធ្វើការ​ងារ​វិញ។ ហើយ​ករណី​បន្ត​ ប្រសិន​បើ​រោងចក្រអត់ព្រមទទួលយក​ពួក​គាត់​ចូល​ធ្វើការ​ងារ​វិញ​ទេ គឺ​មួយ​ខែ​ក្រោយ​នៃ​ការ​ចេញ​សេចក្ដីបង្គាប់​របស់​អធិការការងារ​ គឺយើងនឹងប្ដឹងទៅអ្នកបញ្ជាទិញតែ​ម្ដង»

បើតាមកម្មកររោងចក្រ «អេសវ៉ាយអេចជេ ហ្គាមិន» ជារោងចក្រផលិតសម្លៀកបំពាក់មានកម្មករជិត១ ០០០នាក់ និងមានថៅកែជាជនជាតិចិន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ