គ.ជ.ប ទទួលស្គាល់​បេក្ខភាព​នៃ​គណបក្ស​ចំនួន​១៧​ចូលរួម​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំសង្កាត់

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ យុទ្ធនាការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត នៅសាលាសង្កាត់ផ្សារដើមថ្កូវ សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ (គួយ ឡង់ឌី)

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសទទួលស្គាល់ជាផ្លូវការ​នូវការចុះបញ្ជី​បេក្ខ​ភាព​គណបក្ស​ចំនួន​១៧ ដែល​នឹងចូលរួមការ​​បោះ​ឆ្នោ​​តជ្រើ​ស​រើស​ក្រុម​ប្រឹក្សា​​ឃុំ​​សង្កាត់ នៅខែមិថុនា ខាងមុខនេះ។

ក្នុងសេចក្ដីប្រកាសព័ត៌មាន​ចុះ​ថ្ងៃទី២៩ ខែ​មេសា ឆ្នាំ២០២២ គណៈកម្មាធិការជាតិរៀបចំការបោះ​ឆ្នោត (គ.ជ.ប) បាន​​ឱ្យដឹង​ថា ការ​ចុះបញ្ជីបេក្ខជន​នៃ​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​ការបោះឆ្នោតដែលទទួលបានពីគណៈកម្មការរាជធានី​-ខេត្ត​រៀបចំការបោះឆ្នោត គឺមាន​គណបក្សនយោបាយចំនួន​១៧ ​ដែលមានបេក្ខជនចំនួន៨៦ ០៩២​នាក់ ក្នុងនោះមាន​ស្ត្រី ២៧ ៨១៣​នាក់ ត្រូវ​បាន​ចុះ​បញ្ជី​សម្រាប់​ចូលរួមការ​បោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២នេះ។

សេចក្ដីប្រកាសព័ត៌មានដដែលបន្ត​ថា ក្នុង​ចំណោម​ឃុំសង្កាត់ទាំង១ ៦៥២នៅទូទាំងប្រទេស គណបក្សប្រជាជនកម្ពុជា បាន​ដាក់បេក្ខភាព​​ឈរ​ឈ្មោះ​ចំនួន១ ៦៥២ឃុំសង្កាត់ ស្មើនឹង២៨ ០០៨រូប​, គណបក្សភ្លើងទៀន បានដាក់បេក្ខភាព​ចំនួន១ ៦២៣​ឃុំសង្កាត់ ស្មើនឹង២៣ ៩៣៩រូប, គណបក្សហ្វ៊ុនស៊ិនប៉ិច ដាក់បេក្ខភាពចំនួន៦៨០ឃុំសង្កាត់ ស្មើនឹង៩ ៩៥២រូប, គណបក្សខ្មែររួបរួមជាតិ ដាក់បេក្ខភាពចំនួន៥៩៦ឃុំសង្កាត់ ស្មើនឹង៨ ៨១៥រូប, គណបក្សខ្មែរស្រឡាញ់ជាតិ ដាក់បេក្ខភាពចំនួន៣១៥ឃុំសង្កាត់ ស្មើនឹង៥ ០៥០រូប​, គណបក្សសញ្ជាតិកម្ពុជា ដាក់បេក្ខភាពចំនួន២៤៥ឃុំសង្កាត់ ស្មើនឹង៣ ៩៥៦រូប និង​គណបក្ស​យុវជនកម្ពុជា ដាក់បេក្ខភាពចំនួន១១៤ឃុំសង្កាត់ ស្មើនឹង១ ៨២៤រូប។

ដោយឡែក គណបក្សកែទម្រង់កម្ពុជា ដាក់បេក្ខភាពចំនួន៥៩ឃុំសង្កាត់ ស្មើនឹង៩៧៨រូប, គណបក្សឆន្ទៈខ្មែរ ដាក់បេក្ខភាពចំនួន៥៨ឃុំសង្កាត់ ស្មើនឹង១ ០៥០រូប, ​គណបក្សកម្ពុជានិយម ដាក់បេក្ខភាពចំនួន៣៨ឃុំសង្កាត់ ស្មើនឹង៦៥៨រូប, គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដាក់បេក្ខភាពចំនួន៣២ឃុំសង្កាត់ ស្មើនឹង៤៨១រូប, គណបក្សខ្មែរតែមួយ ដាក់បេក្ខភាពចំនួន៣០ឃុំសង្កាត់ ស្មើនឹង៤៥៧រូប, គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ដាក់បេក្ខភាពចំនួន២៣ឃុំសង្កាត់ ស្មើនឹង៣៩២រូប​, គណបក្សជនជាតិដើម​ប្រជាធិបតេយ្យកម្ពុជា ដាក់បេក្ខភាពចំនួន១៩ឃុំសង្កាត់ ស្មើនឹង២០២រូប, គណបក្សឯកភាពជាតិខ្មែរ ដាក់បេក្ខភាពចំនួន១៤ឃុំសង្កាត់ ស្មើនឹង១៧៨រូប, គណបក្សរស្មីខេមរា ដាក់បេក្ខភាពចំនួន៦ឃុំសង្កាត់ ស្មើនឹង៨៨រូប និងគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ដាក់បេក្ខភាពចំនួន៤ឃុំសង្កាត់ ស្មើនឹង៦៤រូប។

បើតាម គ.ជ.ប ការចុះបញ្ជីបេក្ខភាពនៃគណបក្សនយោបាយឈរឈ្មោះ​សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បានបញ្ចប់ជាស្ថានពរ បន្ទាប់ពីឃុំ-សង្កាត់ទាំង១ ៦៥២ឃុំ-សង្កាត់នៅទូទាំងប្រទេស សម្រេចបាននូវ​បញ្ជីបេក្ខជនផ្លូវការ និងបានចាប់ឆ្នោត​កំណត់តាមលំដាប់លេខរៀងបញ្ជីបេក្ខជនលើសន្លឹកឆ្នោតសម្រាប់ឃុំនីមួយៗរួចរាល់។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២​ ខាង​មុខនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ