គ.ជ.ប បញ្ចប់​ការ​ចុះ​បញ្ជី​បេក្ខជន​បក្សនយោបាយ​ដែល​ឈរឈ្មោះ​បោះឆ្នោត​ក្រុមប្រឹក្សាឃុំ-សង្កាត់

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ យុទ្ធនាការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត នៅសាលាសង្កាត់ផ្សារដើមថ្កូវ សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ (គួយ ឡង់ឌី)

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចេញសេចក្ដីសម្រេចបញ្ចប់ការចុះបញ្ជីបេក្ខជនគណបក្សនយោបាយដែលឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដោយមានគណបក្សនយោបាយចំនួន១៧ បានចូលរួមប្រកួតប្រជែង​។

សេចក្ដីជូនដំណឹងរបស់ គ.ជ.ប កាលពីថ្ងៃសៅរ៍បញ្ជាក់ថា ផ្អែកលើបញ្ជីបេក្ខជនផ្លូវការ គណកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត (ច.ប.ឃ.ស) ដែលមានចំនួន១ ៦៥២ ឃុំ-សង្កាត់ ក្នុង២៥រាជធានី-ខេត្ត បានធ្វើការចាប់ឆ្នោត ដើម្បីកំណត់លំដាប់លេខរៀងបញ្ជីបេក្ខជនដែលត្រូវដាក់លើសន្លឹកឆ្នោតរួចរាល់ជាស្រេច។

គ.ជ.ប បន្តថា គណបក្សនយោបាយចុះឈ្មោះផ្លូវការទាំងអស់អាចធ្វើការឃោសនាបោះឆ្នោតមានរយៈពេល១៤ថ្ងៃ គឺជាប់ផ្ដើមពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ហើយរាល់គ្រប់សកម្មភាពឃោសនា ត្រូវបញ្ឈប់១ថ្ងៃ ឬ២៤ម៉ោង មុនថ្ងៃបោះឆ្នោត។

យ៉ាងណាមិញ មានគណបក្សនយោបាយចំនួន ១៧ បានចូលរួមក្នុងការប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នេះ ហើយនឹងប្រព្រឹត្តទៅនៅថ្ងៃ​អាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ​បញ្ជាក់ថា បានអនុវត្តចប់សព្វគ្រប់រាល់ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្ដឹងនៅក្នុងដំណើរការនៃការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយអស់ហើយ។

គ.ជ.ប​ បានកំណត់​ថា គណបក្សនយោបាយទាំងអស់មិនត្រូវធ្វើសកម្មភាពនយោបាយដែលនាំឱ្យអាចកំណត់បានថាជាការឃោសនាបោះឆ្នោតមុនពេលកំណត់ ដូចមានចែងក្នុងមាត្រា៦៨ និងមាត្រា៧០ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ (ច.ប.ឃ.ស) ហើយរាល់ការធ្វើសកម្មភាពឃោសនាបោះឆ្នោតដែលផ្ទុយពីមាត្រា៧០ ត្រូវទទួលទោសតាមមាត្រា១៨៤ នៃ ច.ប.ឃ.ស ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ