បក្សភ្លើងទៀន​ប្រតិកម្ម​សារនយោបាយ​បក្សកាន់អំណាច​ដែល​ចោទថា​បក្សនេះ​នឹង​រលត់​មុន​ការបោះឆ្នោត​ឃុំ-សង្កាត់

លោក ថាច់ សេដ្ឋា អ្នកនាំពាក្យគណបក្សភ្លើងទៀន។ (ហេង វិចិត្រ)

មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន ប្រតិកម្មប្រឆាំងសារនយោបាយរបស់គណបក្សប្រជាជនកម្ពុជាដែលលើកឡើងថា គណបក្សក្រៅរដ្ឋាភិបាលមួយនេះនឹងរលត់ពន្លឺទៅវិញនៅមុនការបោះឆ្នោតជ្រើស​​រើ​​ស​​​​​ក្រុមប្រឹក្សាឃុំ-សង្កាត់មកដល់​​ទៅទៀត។

ការឆ្លើយតបរបស់អនុប្រធានគណបក្សភ្លើងទៀន នៅបន្ទាប់ពីអ្នកនាំពាក្យ​​គណបក្ស​​គ្រប់​​​​​​​គ្រង​​អំណាចចំអកឱ្យនៅក្នុងបណ្ដាញ​តេឡេក្រាមរបស់ខ្លួន ហើយត្រូវបានកាសែតចុះផ្សាយកាល​ពី​ថ្ងៃទី២ ខែឧសភា ថាគណបក្ស​​ចា​​ស់​​​​វស្សា​​​មួយនេះ នឹងលែងមានពន្លឺតទៅមុខទៀត យ៉ាងយូរ​​ណា​​​ស់​​​​​នៅ​​មុន​​ការ​​​បោះ​ឆ្នោតឃុំ​​-សង្កា​​​ត់​​​​​ចូល​​​មក​​ដល់។

លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ប្រតិកម្មក្រោយ១ថ្ងៃ គឺនៅថ្ងៃនេះ ដោយចាត់ទុក​​សារ​​​នយោបាយរបស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ថាវាមិនបានឆ្លុះបញ្ចាំងនូវការ​​ពិត​​ឡើ​យ​​​​​​។ អនុប្រធានរូបនេះបានចំអកឱ្យលោក សុខ ឥសាន វិញថា ពន្លឺភ្លើងទៀនដែលកើត​​ចេញ​​ពី​​កា​រ​​គាំទ្រនៅតាមមូលដ្ឋាននេះ ​វានឹងឆេះឋានទេវតាទៅវិញច្រើនជាងការទស្សន៍ទាយទុកមុនរបស់គណបក្សប្រជាជនកម្ពុជា។

លោកបន្តថា៖ «ដូចគេថា វាអត់ស៊ីសង្វាក់គ្នា។ បើជិតដល់បោះឆ្នោតហើយហ្នឹង! ១ខែប្លាយហើយហ្នឹង​​! ហើយរលត់ម៉េច? បើវាកាន់តែឆេះខ្លាំងហើយហ្នឹង! តិចទៀតឆេះដល់សារុងទេវតាឥលូវហើយ ជិតឆេះដល់សារុងទេវតាបានភ័យខ្លាំងហ្នឹង»។

សារនយោបាយរបស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ត្រូវបានអ្នកកាសែត​​យកមក​​ចុះ​​ផ្សា​​យជាសាធារណៈ ក្រោយពេលលោកបានបង្ហោះនៅលើបណ្ដាញតេឡេក្រាម កាលពីថ្ងៃទី២ ខែឧស​​ភា​​។

តាមរយៈសារនយោបាយនេះ លោក សុខ ឥសាន លើកឡើងថា៖ «គណបក្សភ្លើងទៀន​​នឹង​​រ​​ល​​ត់​​​​នៅមុនការបោះឆ្នោត»។

ក្នុងន័យនេះ លោក សុខ ឥសាន  មើលឃើញថា គណបក្សនយោបាយ​​ដែល​​​​​ទើបតែចាប់កំណើតបានប៉ុន្មានខែ ក្រោយពីអ្នកនយោបាយជើងចាស់មួយចំនួន ដូចជាលោក សុន ឆ័យ ជាដើម ចេញពីគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ មកជ្រកក្រោម​​ទ្រ​​នំ «គណបក្សភ្លើងទៀន» ហើយក៏មានសកម្មជនរាប់ពាន់នាក់នៅមូលដ្ឋានបានចុះចូលជាបន្តបន្ទាប់ជាមួយ​​គ​​ណ​​បក្ស​​​​កាន់អំណាច។ ក្រៅពីនេះ នៅ​មានបញ្ជីបេក្ខជនផ្សេងទៀតរបស់គណបក្សក្រៅ​​រដ្ឋា​​ភិបាលមួយនេះ ត្រូវ​​បាន​​​​​​រំ​​លាយ​​​​ចេញពីបញ្ជីបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់សម្រាប់អាណត្តិទី៥នេះ។

បើតាមលោក សុខ ឥសាន ឈរលើហេតុផលទាំងនេះហើយ ដែលលោកមើលឃើញថា គណបក្ស​​ភ្លើង​​​ទៀន នឹងរលត់នៅមុនការបោះឆ្នោតមកដល់។ លោកបន្តថា អ្វីដែលរឹតតែធ្វើឱ្យគ​​ណបក្ស​​មួយ​​នេះមិនអាចមានលទ្ធផលល្អ ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតនៅពេលខាងមុខនេះបាន គឺ​​កម្លាំងអ្នក​​គាំ​​ទ្រ ជើងក្រោមក្នុងមូលដ្ឋាន របស់គណបក្សភ្លើងទៀន បានសម្រេចចូលរួមក្នុង​​​ស​កម្ម​​ភាព​​​​ន​យោ​​បាយជាមួយគណបក្សកាន់អំណាចជាហូរហែ។

លោកបន្តថា៖ «សមាជិក វាចេះតែកើនឡើង ហើយការគាំទ្ររបស់ប្រជាពលរដ្ឋ វាចេះតែកើនឡើង អា​ហ្នឹ​​​ង​​វាមានការគាំទ្រ។ ហើយចុះបើគេចេះតែចេញចោល អាហ្នឹងវាមិនមែនឆ្លុះបញ្ចាំង​​អំពីការគាំ​​ទ្រ​​ទេ​​​​ វាបាត់​​បង់ការគាំទ្រ។ ហើយបើបាត់បង់ការគាំទ្រ តែភ្លើងទៀនដុតពីមុនវាឆេះធ្លោមក ប៉ុន្តែ​​ក្រោ​​យ​​​​មកបាត់ការគាំទ្រភ្លើងទៀន វាចេះតែអ៊ីវទៅៗ [ពន្លឺព្រឹមៗ]»។

របាយការណ៍ស្ដីពីការប្រមើលមើលចំពោះការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ឆ្នាំ២០១៣ ដែ​​ល​​​​​​​ចេញដោយអង្គការខុមហ្វ្រែល កាលពីខែវិច្ឆិកា ឆ្នាំ២០១២ បង្ហាញថា «គណបក្ស សម រង្ស៊ី» ដែ​​ល​​​​បច្ចុប្បន្នជា «គណបក្សភ្លើងទៀន» ធ្លាប់ទទួលបានអាសនៈជាមេឃុំ​ចៅ-សង្កាត់ ចំនួន២៦អា​​ស​​នៈ ក្នុងឆ្នាំ២០០៨ មុននឹងបូកបញ្ចូលគ្នាជាមួយគណបក្សសិទ្ធិមនុស្ស ដែលបង្កើត​​​បាន​​ជា​​ «​​គ​​ណ​​ប​​ក្សសង្គ្រោះជា​​តិ​​​​ »​។

នាយកប្រតិបត្តិនៃអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក សេក សុជាតិ យល់ឃើញថា នេះជា​របៀប ឬ​​ជា​​​​​​សង្គ្រាមចិត្តសាស្រ្តនៃការ​​លេ​​ងវោហារសាស្ត្ររបស់អ្នកនយោបាយ នៅមុនការបោះ​​ឆ្នោត​​មក​​ដល់​​​​​។ បើតាម​​លោ​​ក សេក សុជាតិ អ្នកដែលចំណេញពីការប្រើយុទ្ធសាស្រ្តនយោបាយ ដែល​​លោក​​ហៅថា ការ​​​​ធ្វើ​​​​​​នយោបាយបែបប្រជាភិថុតិនេះ គឺជាអ្នកនយោបាយផ្ទាល់។

បើទោះជាអ្នកវិភាគរូបនេះមើល​​ឃើញ​​ថា ពលរដ្ឋម្ចាស់ឆ្នោតនឹងមិនបានទទួលផលចំណេញក្ដី លោ​​​ក​​​នៅតែចាត់ទុកថា សម្រាប់​​បរិ​​ប​​ទចុងក្រោយនេះ អង្គបោះឆ្នោតហាក់ទទួលបាន​​ព័ត៌មាន​​ច្រើ​​នពីអ្នកនយោបាយឬគណបក្សនយោបាយណាមួយ ដែលមិនងាយនឹងធ្វើឱ្យពួកគេឆាប់ជឿ​​ទុក​​ចិត្ត​​ដូចមុនទៀតឡើយ។

លោកបន្តថា៖ «ខ្ញុំយល់ថា ប្រជាពលរដ្ឋលោកមានភាពឆ្លាតវៃច្រើនជាងការបោះឆ្នោតលើកមុនៗ។ យើងឃើញប្រជាពលរដ្ឋមិនចាប់អារម្មណ៍ជាមួយនឹងសារនយោបាយបែបប្រជាភិថុតិរបស់គណបក្សនយោបាយមុនការបោះឆ្នោតដូចរាល់អាណត្តិទេ»។

សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅក្នុងអាណត្តិទី៥ ឆ្នាំ២០២២នេះ គណ​​បក្ស​​ភ្លើងទៀន បានដាក់បញ្ជីបេក្ខជនឈរឈ្មោះក្នុងលំដាប់លេខរៀងទី២ បន្ទាប់ពីគណបក្ស​​​ប្រជាជន​កម្ពុជា​​​​។ ប៉ុន្តែដោយសារបញ្ជីបេក្ខជនត្រូវបានគេរកឃើញថាមានកំហុសលើនីតិវិធីមួយចំនួន ដែ​​ល​​​​​​​គណបក្សនេះចាត់ទុកថា កំហុសដែលត្រូវគេរកឃើញនោះ វាជារឿងនយោបាយ ហើយនៅ​​នា​ទី​​ចុងក្រោយ ​​ត្រូវ​​បាន​​​​ស្ថា​​ប័​​ន​​ជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សម្រេច​​លុបចេញពីបញ្ជី​​បោះឆ្នោ​​ត​​ចំ​​នួន២៩ឃុំសង្កាត់។

គិតមកដល់ពេលនេះ គណបក្សភ្លើងទៀន នៅសល់បញ្ជីបេក្ខជនដែលឈរជាមេឃុំ-ចៅសង្កាត់​​​ចំនួ​ន១៦ ២៣ឃុំ-សង្កាត់​​ប៉ុ​​ណ្ណោះ​​ ក្នុងចំណោមឃុំ-សង្កាត់សរុប១ ៦៥២ នៅទូទាំង​​ប្រទេស​​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ