បក្សភ្លើងទៀន​ស្នើ​ឱ្យ​ក្រសួងយុត្តិធម៌​ពន្យារ​នីតិវិធី​តុលាការ​លើ​សកម្មជន​ក្នុង​អំឡុង​ពេល​បោះឆ្នោត

មន្ត្រីជាន់ខ្ពស់តំណាងក្រសួងយុត្តិធម៌ ជួបពិភាក្សាជាមួយជាមួយលោក សុន ឆៃ អនុប្រធានគណបក្សភ្លើងទៀន នាទីស្តីការក្រសួងយុត្តិធម៌ ពាក់ព័ន្ធនឹងការស្នើសុំកិច្ចអន្តរាគមន៍ពីក្រសួងយុត្តិធម៌ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ ក្រសួងយុត្តិធម៌)

គណបក្សភ្លើងទៀន បានស្នើ​ក្រសួងយុត្តិធម៌​អន្តរាគមន៍ទៅស្ថាប័នតុលាការពន្យារពេលការ​អនុវត្តនីតិវិធីតុលាការលើសកម្មជនរបស់ខ្លួននៅក្នុងអំឡុងពេលបោះឆ្នោតឃុំសង្កាត់​ ប៉ុន្តែមន្ត្រីជាន់ខ្ពស់​ក្រសួងយុត្តិធម៌​ឆ្លើយតបថា ក្រសួងមិនអាចលូកដៃបានឡើយ។

ក្នុងជំនួបរវាងតំណាងគណបក្សភ្លើងទៀន លោក សុន ឆៃ និងតំណាងក្រសួងយុត្តិធម៌ កាល​ពីរសៀលថ្ងៃទី៣ ខែឧសភា ភាគីគណបក្សភ្លើងទៀន​បានដាក់សំណើពីរចំណុច ក្នុងនោះ​រួម​មាន ស្នើ​ឱ្យមានការទម្លាក់បទចោទ និងការដោះលែងឱ្យនៅក្រៅឃុំ ចំពោះសកម្មជនគណបក្សភ្លើងទៀន​ ដែលកំពុងស្ថិតក្នុងដំណើរនីតិវិធី​តុលាការ និងស្នើសុំឱ្យមានការពន្យា​រពេល​នីតិវិធី​តុលាការ​លើ​សកម្មជនគណបក្សភ្លើងទៀន ដែលកំពុងស្ថិតក្នុងចំណាត់ការរបស់​តុលាការ ដោយកុំឱ្យមានការកោះហៅក្នុងអំឡុងពេលរៀបចំការបោះឆ្នោតឃុំ-សង្កាត់នាពេលខាងមុខនេះ។

ប៉ុន្តែលោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឆ្លើយតបថា ក្រសួងមិនអាចលូកដៃចូលអន្តរាគមន៍បានទេ។ លោកបានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោក កាលពីយប់ថ្ងៃទី៣ ខែឧសភា ថាតាមគោលការណ៍ច្បាប់ ការទម្លាក់ចោលបទចោទ ឬការដោះលែងឱ្យនៅក្រៅឃុំ គឺជាសមត្ថកិច្ចរបស់តុលាការដែលជាស្ថាប័នឯករាជ្យ ដោយផ្អែកលើអង្គហេតុនិងអង្គច្បាប់ ហើយក្រសួងយុត្តិធម៌ដែលជាស្ថាប័ននីតិប្រតិបត្តិ ពុំមាន​សមត្ថកិច្ចនិងសិទ្ធិអំណាចក្នុងការជ្រៀតជ្រែកកិច្ចការរបស់តុលាការនោះទេ។

ចំណែកពាក់ព័ន្ធការ​ស្នើសុំឱ្យមាន​ការ​ពន្យារ​នីតិ​វិធី​តុលាការ​លើ​សកម្មជនគណបក្សភ្លើងទៀនដែលកំពុងស្ថិតក្នុងចំណាត់ការរបស់តុលាការវិញ លោក ជិន ម៉ាលីន បញ្ជាក់ថា ក្រសួង​យុត្តិធម៌ ពុំមានសមត្ថកិច្ចក្នុងការបង្គាប់បញ្ជាទៅតុលាការនោះទេ។ លោកថា កន្លងមក ក្រសួង​ពុំដែល​ណែនាំឱ្យមានការពន្យារនីតិវិធីតុលាការនោះទេ គឺមានតែផ្ដល់គោលការណ៍ណែនាំឱ្យពន្លឿនដំណើរការនីតិវិធីលើសំណុំរឿងដោយផ្អែកទៅលើផ្លូវច្បាប់។

លោក ជិន ម៉ាលីន បានថ្លែងបន្ថែមថា ការស្នើសុំឱ្យក្រសួងយុត្តិធម៌អន្តរាគមន៍ក្នុងសំណុំរឿងណាមួយ គឺជាការរំលោភ​រដ្ឋធម្មនុញ្ញ និងក្រមនីតិវិធីព្រហ្មទណ្ឌកម្ពុជា។

លោកថា៖ «[គាត់] សំណូមពរឱ្យ​​ក្រសួងធ្វើអន្តរាគមន៍មក ដើម្បីទម្លាក់ចោលបទចោទ ដើម្បីពន្យារពេលអនុវត្តនីតិវិធី អាហ្នឹងគឺវាខុសពីច្បាប់ ខុសពីរដ្ឋធម្មនុញ្ញ គោលការណ៍បែងចែក​អំណាច ហើយខុសពីក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ។ ហើយគាត់ថា ការលើក​ឡើង​សំណើរបស់​គាត់​ហ្នឹង វាស្របច្បាប់! ពាក់ព័ន្ធក្រសួងយុត្តិធម៌ គាត់ផ្អែកលើច្បាប់អ្វី វាអត់មាន! នៅពេលដែលក្រសួងយុត្តិធម៌ពន្យល់គាត់ពីគ្រប់ទិដ្ឋភាពច្បាប់គ្រប់បែបយ៉ាង គាត់ថាគាត់និយាយពីច្បាប់ គាត់យល់ហើយ តែគាត់ចង់និយាយពីការដោះស្រាយសម្របសម្រួលគ្នា ដោះស្រាយបញ្ហាអ្វី! ហើយយើងខ្ញុំក៏បញ្ជាក់ប្រាប់គាត់វិញទៅ យើងខ្ញុំនៅក្រសួងយុត្តិធម៌ បើមិនឱ្យនិយាយពីច្បាប់ តើនិយាយពីអ្វី?»

អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆៃ បានចាត់ទុកការឆ្លើយតបរបស់ក្រសួងយុត្តិធម៌ថា គ្រាន់តែដើម្បីការពារខ្លួនតែប៉ុណ្ណោះ។

លោកថា៖ «ជាធម្មតា ក្រសួងយុត្តិធម៌គាត់ការពារខ្លួនគាត់អ៊ីចឹង ដែលថាគាត់មិនអាចលូកដៃរឿងការងារតុលាការ ពាក់ព័ន្ធការចាប់និងការកោះហៅអី ប៉ុន្តែជាភារកិច្ចរបស់គាត់ដែរក្នុងការអង្កេតមើល ថាតើការកោះហៅការចាប់ខ្លួនហ្នឹងវាសមស្របទៅតាមច្បាប់ឬអត់? អាហ្នឹងជាការងាររបស់ក្រសួងយុត្តិធម៌ហើយ។ ដូច្នេះ យើងសុំឱ្យគាត់ស្រាវជ្រាវតើ! ក្រោយមក គាត់បានទទួលយកឯកសារហ្នឹង បានន័យថា គាត់នឹងយកទៅពិនិត្យ»។

បើតាមបញ្ជីឈ្មោះ និងករណីដែលគណបក្សភ្លើងទៀន បានស្នើសុំឱ្យក្រសួង​យុត្តិធម៌អន្ត​រា​គមន៍​មាន៣ប្រភេទ។

ប្រភេទទីមួយ គឺពិរុទ្ធជនដែលកំពុងអនុវត្តទោសជាប់ពន្ធនាគារព្រៃស និងពន្ធនាគាររាជធានីភ្នំពេញ (PJ) ចំនួន១៦នាក់។ ប្រភេទទីពីរ គឺសមាជិកដែលកំពុងចាប់​ខ្លួនថ្មីៗចំនួន៧នាក់ និងប្រភេទទីបី គឺករណីចាប់ខ្លួននិងចោទប្រកាន់នៅតាមខេត្ត ដូចជា ខេត្តពោធិ៍សាត់ ៥​ករណីកំពុងឃុំខ្លួននៅក្នុងពន្ធនាគារ, ១ករណី​កំពុងឃុំខ្លួននៅក្នុងពន្ធនា​គារ​ខេត្ត​កំពង់ឆ្នាំង, ២ករណីនៅខេត្តកំពង់ចាម, ១ករណីនៅខេត្តកំពង់ស្ពឺ, ៣ករណីនៅខេត្តព្រៃវែង, ១ករណីនៅខេត្តបន្ទាយមានជ័យ និង១ករណីទៀតនៅខេត្តប៉ៃលិន ដែលតុលាការ​បានចេញដីកាកោះហៅ លោក ខឹម មុនីកុសល ប្រធានក្រុមការងារគណបក្សភ្លើងទៀននៅខេត្តប៉ៃលិន។

អ្នកសម្របសម្រួល​ផ្នែក​អង្កេត​ និង​តស៊ូ​មតិ នៃអង្គការ​ខុមហ្វ្រែល លោក កន សាវាង្ស បានលើកឡើងថា ការចាប់ខ្លួន និងការចោទប្រកាន់ទៅលើសកម្មជននយោបាយនៅក្នុងអំឡុងការបោះឆ្នោត នឹងធ្វើឱ្យប៉ះពាល់ដល់សិទ្ធិនយោបាយរបស់ពួកគេ។

លោកថា៖ «វាអាច! អាចមានផលប៉ះពាល់ទៅលើសិទ្ធិផ្នែកនយោបាយហើយ ថាវាអត់នោះ វាមិនអត់មាននោះទេ ប្រាកដជាមាន មាននៅត្រង់ណា? ឧបមាថា គាត់ជាបេក្ខជន គាត់ជាអ្នកប្រកួតប្រជែងនៅក្នុងឃុំសង្កាត់ណាមួយ ហើយត្រូវបានតុលាការកោះហៅគាត់យកទៅ ខណៈពេលនេះមានន័យថា សិទ្ធិរបស់គាត់នឹងត្រូវបានបាត់បង់»។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នឹងធ្វើឡើងនៅថ្ងៃទី៥ ខែមិថុនា ខាងមុខនេះ ដោយមានគណបក្សនយោបាយចំនួន​១៧ ចូលរួម ក្នុងនោះមានតែគណបក្សពីរប៉ុណ្ណោះ គឺ​គណបក្ស​ប្រជាជនកម្ពុជា និងគណបក្សភ្លើងទៀន ដែលបានដាក់បេក្ខជនប្រកួតប្រជែងនៅទូទាំងប្រទេស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ