សង្គមស៊ីវិល​ជំរុញ​រដ្ឋាភិបាល​អនុវត្ត​គោល​នយោបាយ​ដើម្បី​លើក​កម្ពស់​ការចូលរួម​របស់​ពលរដ្ឋ​ក្នុង​កិច្ចការពារ​បរិស្ថាន

សកម្មភាពជិះកង់ក្នុងយុទ្ធនាការជិះកង់រយៈពេល១១​ថ្ងៃ ចាប់ពីថ្ងៃទី១០ ខែឧសភានេះ​ ដើម្បីប្រារព្ធទិវា​បរិស្ថាន​​ពិភព​លោក​ នៅ​ឆ្នាំ២០២២​។ (Heng Kimhong/ CYN)

ក្រុមអង្គការសង្គមស៊ីវិល ជំរុញ​រដ្ឋាភិបាល​អនុវត្តគោលនយោបាយដែលមានស្រាប់​ឱ្យបាន​ពេញ​លេញ ដើម្បី​លើក​កម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋប្រកបដោយបរិយាបន្ន ក្នុងកិច្ចការពារបរិស្ថាន ធនធានធម្មជាតិ និងបញ្ហាបម្រែបម្រួលអាកាសធាតុ។

ការជំរុញ​នេះធ្វើឡើងក្នុងយុទ្ធនាការជិះកង់រយៈពេល១១​ថ្ងៃ ចាប់ពីថ្ងៃទី១០ ខែឧសភានេះ​ ដើម្បីប្រារព្ធទិវា​បរិស្ថាន​​ពិភព​លោក​ នៅ​ឆ្នាំ២០២២​នេះ។

ប្រធាន​កម្មវិធី​ផ្នែក​ស្រាវ​ជ្រាវ និង​តស៊ូមតិ នៃសមាគមបណ្ដាញយុវជន​កម្ពុជា លោក ហេង គឹមហុង ប្រាប់ ​វីអូឌី ​នៅថ្ងៃ​នេះថា ការធ្វើយុទ្ធនាការជិះកង់របស់ក្រុមអង្គការសង្គមស៊ីវិលនេះ បែងចែកជាពីរក្រុម ដោយ​ក្នុងមួយ​ក្រុមមានគ្នាចំនួន២៥នាក់ ក្នុងនោះ ក្រុមទី១ ជិះកង់នៅរាជធានីភ្នំពេញ ជុំវិញបឹងតាមោក ដោយមានរយៈពេលតែ១ថ្ងៃប៉ុណ្ណោះ។

ចំណែកក្រុមទី២ លោកថា ជិះកង់រយៈពេល១១ថ្ងៃ ចាប់ផ្ដើមចេញដំណើរពីទីរួមខេត្តកំពង់ធំ ឆ្ពោះទៅកាន់ខេត្តព្រះវិហារ ស្ទឹង​ត្រែង ក្រចេះ និង​បញ្ចប់នៅខេត្តកំពង់ធំវិញ ដែលចម្ងាយប្រមាណ៦០០គីឡូម៉ែត្រ។

លោក ហេង គឹមហុង បន្តថា យុទ្ធនាការជិះកង់នេះធ្វើឡើងក្នុងគោលបំណងលើក​កម្ពស់​ការ​យល់​ដឹង និង​ការចូល​រួម​របស់​យុវជន ក្នុងកិច្ចថែរក្សាបរិស្ថាន ធនធានធម្មជាតិ និង​បញ្ហា​បម្រែ​បម្រួល​អាកាស​ធាតុ តាម​​រយៈ​​សកម្មភាពជំរុញឱ្យមានការឈ្វេង​យល់​អំពី​ផលប៉ះ​ពាល់​នៃការបំផ្លាញព្រៃឈើ ការលុបបឹងធម្មជាតិ ការប្រើប្រាស់ប្លាស្ទិក និងប្រេង​​ឥន្ធនៈ​ ជាដើម។

ចំណែក​គោលបំណង​​មួយទៀត លោកថា ជំរុញឱ្យរដ្ឋាភិបាល និងមន្ត្រីសាធារណៈអនុវត្តគោល​​​នយោ​បាយដែលមានស្រាប់ឱ្យ​បានពេញ​លេញ​ ដើម្បីលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋប្រកបដោយបរិយាបន្ន ក្នុង​កិច្ចការពារបរិស្ថាន ធនធានធម្មជាតិ និងបញ្ហាបម្រែបម្រួលអាកាសធាតុ។ ក្រៅពីនោះ ក៏​​ជំរុញឱ្យប្រជាពលរដ្ឋអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួន និងចូលរួមលើក​ឡើងពីបញ្ហាទាក់ទិន​នឹងកិច្ចការពារបរិស្ថាន ធនធានធម្មជាតិ និងបម្រែបម្រួលអាកាសធាតុ​​ ទៅកាន់អ្នកធ្វើសេចក្ដីសម្រេចចិត្ត ដើម្បីស្វែងរកដំណោះស្រាយ។

លោក ហេង គឹមហុង បន្តថា មូលហេតុដែលក្រុមអង្គការសង្គមស៊ីវិលធ្វើយុទ្ធនាការនេះ ដោយ​សារ​តែ​រដ្ឋាភិបាល​មិន​បាន​អនុវត្ត​ទៅ​តាម​នយោបាយ​ដែល​មាន​ស្រាប់ ក្នុង​នោះ បាន​រឹត​ត្បិតមិន​ឱ្យ​មានការ​​ចុះល្បាតព្រៃ និងបំបិទសិទ្ធិសេរីភាពផ្សេងៗ​របស់​ប្រជាពលរដ្ឋ ជាដើម។

លោកថា៖ «តាមរយៈគោលនយោបាយនានា យើងឃើញថាមានភាពល្អច្រើន ​ដែលជាគោលនយោបាយក្នុងការលើកទឹកចិត្ត ជំរុញឱ្យមានការអនុវត្ត ប៉ុន្តែទាក់ទងការអនុវត្តជាក់ស្ដែង យើងឃើញថា នៅមានចន្លោះខ្វះ​ខាត គួរ​តែ​មាន​ការ​កែ​លម្អ ឬបើកលំហ។ យើងខ្ញុំ​មិនដឹងថាជាឆន្ទៈនៃការអនុវត្ត ឬក៏មានការបញ្ជាឱ្យមានការអនុវត្តបែប​នេះ​ទេ។  យើងខ្ញុំស្នើសុំឱ្យមានការអនុវត្ត​ឱ្យបានពេញលេញស្របតាមបញ្ញត្តិច្បាប់មាត្រា​២១ ​នៃច្បាប់ស្ដីពីតំបន់​ការពារធម្មជាតិ ហើយនិងបញ្ញត្តិ​ផ្សេង​ទៀត ស្ដីពីការលើកទឹកចិត្តឱ្យមានការចូលរួមពីប្រជាពលរដ្ឋទូទៅ»។

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ចាត់ទុកសកម្មភាពនៃយុទ្ធនាការជិះកង់របស់ក្រុមអង្គការសង្គមស៊ីវិល និងយុវជននេះថា ធ្វើឡើងគ្រាន់តែឱ្យល្អមើលតែប៉ុណ្ណោះ ដោយថា កន្លង​មក ក្រុមអង្គការសង្គមស៊ីវិល​មិនដែលមើលឃើញពីចំណុចវិជ្ជមានរបស់រដ្ឋាភិបាលឡើយ។

លោកថា៖ «ចំពោះអ្វីដែលគាត់ទាមទារ វាគ្រាន់តែជាការទាមទារឱ្យតែល្អមើល ហើយប្រហែលជាគាត់មិនដែលតាម​ដាន​​ឬមិនបានចំណាយពេលវេលាក្នុងការតាមដានទេ ព្រោះគាត់គិតតែ​រក​អ្វី​ដែល​អាក្រក់ ដើម្បីនិយាយ និងធ្វើរបាយការណ៍ ដើម្បីរកជំនួយតែប៉ុណ្ណឹង។ អ្វីដែលខ្ញុំអាចជម្រាបជូន គឺរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន យើងបានរៀបចំគោលនយោបាយ​ ហើយអ្វីដែលគាត់បានលើកឡើង គឺក្នុងការអនុវត្តនៅក្នុងគោលនយោ​បាយទាក់ទងនឹងកិច្ចគាំពារបរិស្ថាន ទាក់ទងជាមួយការគ្រប់គ្រង​អភិរក្សធនធានធម្មជាតិ។ ហើយអ្វីដែលសំខាន់ យើងកំពុងជំរុញ​ទៅការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន»។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមអង្គការសង្គមស៊ីវិល និង​យុវជន ចេញផ្សាយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ឱ្យដឹង​ថា យុទ្ធនាការជិះកង់នេះធ្វើឡើង​​​ក្រោម​​មូល​​បទ​​ស្ដីពី​ «លើក​កម្ពស់​កិច្ច​ការ​ពារ​បរិស្ថាន ​ដើម្បី​ចីរភាព​ធន​ធាន​ធម្មជាតិ និងសុខុមាលភាព​មនុស្ស​​ជាតិ» ដោយ​មាន​​អង្គការសង្គមស៊ីវិលចូលរួមចំនួន១៥ស្ថាប័ន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ