បេក្ខភាព​ចៅសង្កាត់​បក្សភ្លើងទៀន​ខេត្តកោះកុង ដាក់​លិខិត​ពន្យារពេល​សវនាការ​ដោយ​រក​មេធាវី​មិន​ទាន់​បាន

លោក ប៉ាល់ កែប ជាលេខាធិការគណបក្សភ្លើងទៀនប្រចាំខេត្តកោះកុង និងជា​បេក្ខភាពចៅសង្កាត់​ស្ទឹងវែង ក្រុងខេមរភូមិន្ទ។ (ផ្ដល់ឱ្យ)

បេក្ខភាព​​ចៅ​សង្កាត់គណ​​បក្ស​ភ្លើង​ទៀន​​ខេត្ត​កោះ​កុងមួយរូប បានដាក់លិខិតទៅតុលាការដើម្បីស្នើសុំពន្យារពេលចូលរួមសវនាការ ជុំវិញបណ្ដឹងរបស់តំណាងគណបក្សប្រជាជនកម្ពុជា ដោយថា ពេលវេលាខ្លីពេក និងមិនទាន់មានមេធាវីការពារក្ដីនោះទេ។

ការដាក់លិខិតពន្យារនេះធ្វើឡើងនៅថ្ងៃទី៩ ខែឧសភា បន្ទាប់ពីតំណាងអយ្យការអមសាលាដំបូងខេត្តកោះកុង តាមរយៈដីកាកោះចុះថ្ងៃទី៦ ខែឧសភា ដែលលោកទទួលបាននៅថ្ងៃទី៧ ខែដដែល បានហៅគាត់ឱ្យចូលទៅបំភ្លឺនៅថ្ងៃពុធនេះ។

​ការចេញដីកាកោះហៅនេះ ក្រោយមេធាវីចំនួន៦រូប តំណាងឱ្យគណបក្សប្រជាជនកម្ពុជាខេត្តកោះកុង បានប្ដឹងលោក ប៉ាល់ កែប ជាលេខាធិការគណបក្សភ្លើងទៀនប្រចាំខេត្តកោះកុង និងជា​បេក្ខភាពចៅសង្កាត់​ស្ទឹងវែង ក្រុងខេមរភូមិន្ទ និងគូកន ក្រោមបទចោទរួមមាន ក្លែងឯកសារសាធារណៈ​ បង្កភាពវឹកវរធ្ងន់ធ្ងរ​ដល់សន្តិសុខជាតិ បទបរិហារកេរ្តិ៍ជាសាធារណៈ និងការឃោសនាបោះឆ្នោតផ្ទុយនឹងច្បាប់។​

បេក្ខភាព​​ចៅ​សង្កាត់ស្ទឹងវែង មកពីគណ​​បក្ស​ភ្លើង​ទៀន ​​ខេត្ត​កោះ​កុង លោក ប៉ាល់ កែប អះអាងបន្ថែមថា ការដាក់ស្នើសុំតុលាការពន្យារនេះ ដោយសារលោកមានពេលតិចពេក ម្យ៉ាង​មិនទាន់មានមេធាវីការពារក្ដីនៅឡើយ។

លោក ប៉ាល់ កែប ថា៖ «ខ្ញុំបានដាក់លិខិតពន្យារពេល ព្រោះតុលាការ ខាងអយ្យការ បានកោះហៅឱ្យចូលទៅឆ្លើយបំភ្លឺនៅថ្ងៃទី១១ ខែឧសភា ត្រូវថ្ងៃហ្នឹង! តែដោយខ្ញុំទទួលបានដីកានៅថ្ងៃទី៧ ហើយគេកោះហៅឱ្យចូលថ្ងៃទី១១ ពេលវេលាវាខ្លី ហើយខ្ញុំអត់ទាន់រកមេធាវីបាន។ អ៊ីចឹងកាលពីថ្ងៃទី៩នោះ​ ខ្ញុំបានដាក់សំបុត្រចូលទៅអយ្យការហើយ សុំពន្យារពេល ដើម្បីមានពេលរកមេធាវី ក្នុងការចូលឆ្លើយបំភ្លឺនូវពាក្យបណ្ដឹងរបស់គណបក្សប្រជាជនកម្ពុជាខេត្តកោះកុងហ្នឹង»។

បើតាមលោក ប៉ាល់ កែប មន្ត្រីតុលាការបានទទួលលិខិតរបស់លោក​ ដោយបានចុះលេខនិងបោះត្រារួចហើយ ខណៈលោកថា ​ការស្នើពន្យារពេលចូលរួមសវនាការនេះ គឺរហូតទាល់តែលោករកពឹងពាក់មេធាវីការពារក្តី​តាមច្បាប់បាន។ ​

សកម្មជនបក្សភ្លើងទៀននៅខេត្តកោះកុង វ័យ៣០ឆ្នាំរូបនេះ នៅតែចាត់ទុកការចោទប្រកាន់របស់តំណាងបក្សកាន់អំណាច ថាជាចេតនានយោបាយ ដោយបារម្ភពីប្រជាប្រិយភាពរបស់លោក ទើបធ្វើទុក្ខបុកម្នេញ មិនឱ្យលោកប្រកួតប្រជែងជាមួយពួកគេបាន។ ​លោកនៅតែអះអាងថាមិនបានធ្វើខុសដូចការចោទប្រកាន់ឡើយ ខណៈលោកគ្រាន់តែចុះជួបសួរសុខទុក្ខពលរដ្ឋនៅមូលដ្ឋាន ដើម្បីដឹងពីទុក្ខលំបាកប៉ុណ្ណោះ។
យ៉ាងណា លោកបង្ហាញសុទិដ្ឋិនិយមថា នឹងបន្តការងារជាធម្មតា មិនរត់គេច និងមិនភិតភ័យឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ