គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អំពាវនាវដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតទាំងអស់ត្រៀមខ្លួននិងឯកសារពាក់ព័ន្ធ ដើម្បីចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅខែមិថុនាខាងមុខ។
សេចក្តីអំពាវនាវរបស់ គ.ជ.ប នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២នេះ បានលើកឡើងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ ដោយចាប់ផ្តើមពីម៉ោង៧ព្រឹក ដល់ម៉ោង៣រសៀល។
គ.ជ.ប បន្តថា ដោយសារការបោះឆ្នោតកាន់តែខិតជិតមកដល់ គណៈកម្មាធិការនេះបានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២១ទាំងអស់ ត្រៀមខ្លួន និងត្រៀមអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដែលមានសុពលភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត ដើម្បីចូលរួមបោះឆ្នោត។
គ.ជ.ប បញ្ជាក់ថា៖ «ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២១ ដែលបានប្រើឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត ហើយមិនទាន់មាន អ.ខ [អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ] ឬ អ.ខ អស់សុពលភាព ឬមិនទាន់បានទទួល ឬបាត់ ឬខូច ឬកែតម្រូវ សូមប្រញាប់រួសរាន់ទៅស្នើសុំ ឯ.អ. [ឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត] ពីគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត និងអាជ្ញាធរឃុំសង្កាត់នៃឃុំសង្កាត់ដែលខ្លួនត្រូវទៅបោះឆ្នោត ឱ្យបានទាន់ពេលវេលា»។
ការចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត ចាប់ផ្តើមពីថ្ងៃទី៥ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ នេះបើតាមការបញ្ជាក់របស់ គ.ជ.ប។ ស្ថាប័នរៀបចំការបោះឆ្នោតនេះក៏បានណែនាំដល់ប្រធានគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត មេឃុំចៅសង្កាត់ និងមេភូមិ ត្រូវធ្វើការផ្សព្វផ្សាយសេចក្តីអំពាវនាវនេះឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ ដើម្បីជំរុញឱ្យប្រជាពលរដ្ឋទៅស្នើសុំឯកសារឱ្យបានទាន់ពេលវេលានិងដោយឥតបង់ថ្លៃ៕