គ.ជ.ប អំពាវនាវ​ដល់​បក្ស​នយោបាយ​គោរព​បទប្បញត្តិ​និង​គោលកាណ៍​ច្បាប់​អំឡុង​ពេល​ឃោសនា​បោះឆ្នោត

មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ថ្លែងអំឡុងពេលដំណើការដាក់ឱ្យ​​សាកល្បង​​​ធ្វើ​​​តេស្ត​​ទឹក​ថ្នាំជ្រលក់​​​ដៃលុ​ប​មិន​ជ្រះ ជា​លើក​ដំបូង សម្រាប់បម្រើឱ្យការបោះឆ្នោតឃុំសង្កាត់ខាងមុខ នៅ​ទីស្តីកា​រ គ.ជ.ប នៅ​ព្រឹកថ្ងៃទី​១៣ ខែឧសភា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

គណៈកម្មាធិការ​ជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អំពាវនាវ​ដល់គណបក្សនយោបាយ បេក្ខ​ជន និងអ្នកគាំទ្រ​គណបក្ស​នយោបាយ​ទាំងអស់ ត្រូវគោរព​តាមវិធាន​ បទប្បញ្ញត្តិ និងគោលការណ៍​ដែលមានចែងក្នុងច្បាប់ស្ដីពីការ​បោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដើម្បីឱ្យ​ការ​ឃោ​សនា​បោះឆ្នោត​របស់គណបក្សនយោបាយ​ប្រព្រឹត្តទៅដោយសន្តិវិធី សុវត្ថិភាព និងអហិង្សា។

សេចក្ដីអំពាវនាវរបស់ គ.ជ.ប ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ បាន​លើកឡើង​ថា អនុលោម​តាមច្បាប់ស្តីពីការបោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សាឃុំសង្កាត់ ការឃោស​នា​បោះឆ្នោ​តមាន​បំណង​ឱ្យគណបក្សនយោបាយ​ដែលបានចុះបញ្ជីបេក្ខជន​ឈរឈ្មោះបោះឆ្នោត និង​បេក្ខជន​ ធ្វើការ​ផ្សព្វផ្សាយពីគោលនយោបាយនិង​កម្មវិធីនយោបាយ​របស់​ខ្លួន​ក្នុងការ​អភិវឌ្ឍ​ឃុំ​សង្កាត់ ដល់អ្នកបោះឆ្នោត។

គ.ជ.ប ពន្យល់ថា ការ​ឃោសនា​បោះឆ្នោត​ គឺជាសកម្មភាព​មួយចំនួន​ដែលត្រូវ​ធ្វើជាសាធារណៈ ដើម្បីបញ្ចុះបញ្ចូល​អ្នកបោះឆ្នោត​ឱ្យ​បោះឆ្នោត​គាំទ្របេក្ខជនឬគណបក្ស​នយោបាយ​ណាមួយ។

​ក្នុងន័យ​នេះ គ.ជ.ប បាន​អំពាវនាវ​​ដល់គណបក្សនយោបាយ បេក្ខ​ជន និងអ្នកគាំទ្រ​គណបក្ស​នយោបាយ​ទាំងអស់ ត្រូវគោរព​តាមវិធាន​និង​បទប្បញ្ញត្តិ​ដែល​មាន​ចែង​ក្នុង​ច្បាប់ ព្រម​ទាំងគោរព​បទ​បញ្ជា នីតិវិធី ក្រមសីលធម៌ និងគោលការណ៍នានាដែលបានកំណត់ដោយ​ គ.ជ.ប ដើម្បី​ឱ្យ​​ការ​ឃោ​សនា​បោះឆ្នោត​របស់គណបក្សនយោបាយ​ប្រព្រឹត្តទៅដោយសន្តិវិធី សន្តិសុខ​ ​សុវត្ថិ​ភាព និង​អហិង្សា។

ជាមួយគ្នានោះដែរ គ.ជ.ប ក៏បានអំពាវនាវ​ដល់អាជ្ញាធរដែនដី​ ត្រូវប្រកាន់ជំហរ​អព្យាក្រឹត្យ​ ឥត​លម្អៀង ក្នុងសកម្មភាពការងាររបស់ខ្លួន និងត្រូវសម្របសម្រួលទីកន្លែង ផ្លូវ ពេលវេលា ដើម្បីឱ្យ​គណបក្ស​នយោបាយ​នីមួយៗអាចអនុវត្ត​កម្មវិធីឃោស​នា​បោះឆ្នោត និងការ​ហែក្បួន​ឃោស​នា​បោះឆ្នោត​របស់​ខ្លួនប្រព្រឹត្តទៅដោយ​ស្មើ​ភាពគ្នា។

ការឃោស​នា​បោះឆ្នោត​ជ្រើស​រើសក្រុមប្រឹក្សា​ឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ ខណៈការ​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សាឃុំសង្កាត់ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ