បក្សភ្លើងទៀន​មាន​គម្រោង​ហែក្បួនធំ​នៅ​ភ្នំពេញ​នៅ​ថ្ងៃ​ឃោសនា​បោះឆ្នោត​ដំបូង

ក្រុមការងារគណបក្សភ្លើងទៀនលើកផ្លាកគណបក្សនៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ គណបក្សភ្លើងទៀន រាជធានីភ្នំពេញ)

គណបក្សភ្លើងទៀន គ្រោង​​ហែក្បួនឃោស​នា​បោះ​ឆ្នោត​ក្នុងទ្រង់ទ្រាយធំនៅរាជធានីភ្នំពេញ នៅ​ថ្ងៃសៅរ៍ ទី​២១ ខែ​ឧសភា ដែល​​ជាថ្ងៃ​ដំបូងនៃការបើកយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ។

យោងតាមលិខិតអំពាវនាវរបស់គណបក្សភ្លើងទៀន ចេញផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២នេះ បាន​ឱ្យដឹងថា គណបក្សនេះមានគម្រោងជួបជុំអ្នកគាំទ្រហែក្បួនពេញមួយថ្ងៃ នៅទីតាំងចំនួន​២ផ្សេងគ្នា ក្នុងនោះ​​ នឹងជួបជុំគ្នានៅម៉ោង៧ព្រឹក នៅចំណុចបណ្ដោយផ្លូវ៣០​ម៉ែត្រ ស្ថិតនៅភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងនៅវេលាម៉ោង២រសៀល គណបក្សនេះគ្រោងនឹងបន្តជួបជុំគ្នានៅមហាវិថីអង្គរ ជិតរង្វង់មូលកាំកូស៊ីធី ក្នុងខណ្ឌទួលគោក។

លិខិត​អំពាវនាវដដែលបន្ត​ថា៖ «គណបក្សភ្លើងទៀន រាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែររស់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញទាំងអស់ ដែលមានគោលជំហរ​ស្រឡាញ់​គាំទ្រនូវគោលនយោបាយរបស់គណបក្សភ្លើងទៀន ចង់ឃើញប្រទេសកម្ពុជា​មានការគោរពសិទ្ធិមនុស្សពេញលេញ លើកតម្កើងលទ្ធិប្រជាធិបតេយ្យសេរី និងយុត្តិធម៌សង្គមដោយពិតប្រាកដ ចូលរួមហែក្បួនជាមួយនឹងក្បួនដង្ហែរបស់គណបក្សភ្លើងទៀននៅរាជធានីភ្នំពេញឱ្យបានច្រើនកុះករ»

យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មាន​រយៈ​ពេល​១៤​ថ្ងៃ ដោយ​ចាប់​ផ្តើម​ពីថ្ងៃ​ទី​២១ ខែ​ឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២។

ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥នេះ មាន​គណបក្ស​នយោបាយចំនួន១៧ចូលរួម ហើយក្នុងនោះមានតែគណបក្សប្រជាជនកម្ពុជាមួយប៉ុណ្ណោះ ដែលបានដាក់បេក្ខជនឈរឈ្មោះនៅគ្រប់ឃុំសង្កាត់ទាំង១ ៦៥២ ខណៈគណបក្សភ្លើងទៀនបានដាក់បេក្ខជនឈរឈ្មោះស្ទើរតែគ្រប់ឃុំសង្កាត់គឺ ១ ៦២៣ឃុំសង្កាត់ ដែលសល់ពី គ.ជ.ប លុបឈ្មោះចេញ។

ពាក់ព័ន្ធនឹងយុទ្ធនាការឃោសនាបោះឆ្នោត​ដែលនឹងចាប់ផ្តើមនៅចុងសប្តាហ៍នេះដែរ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីអំពាវនាវមួយដល់គណបក្សនយោបាយ បេក្ខជន និងអ្នកគាំទ្រគណបក្សនយោបាយទាំងអស់ ត្រូវគោរពតាមវិធាន បទប្បញ្ញត្តិ និងគោលការណ៍ដែលមានចែងក្នុងច្បាប់ស្តីពីការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដើម្បីឱ្យការឃោសនាបោះឆ្នោតប្រព្រឹត្តទៅដោយសន្តិវិធី សន្តិសុខ សុវត្ថិភាព និងអហិង្សា។

ជាមួយគ្នានោះដែរ គ.ជ.ប ក៏បានអំពាវនាវដល់អាជ្ញាធរដែនដី ត្រូវប្រកាន់ជំហរអព្យាក្រឹត្យ ឥតលម្អៀងក្នុងសកម្មភាពការងាររបស់ខ្លួន និងត្រូវសម្របសម្រួលទីកន្លែង ផ្លូវ ពេលវេលា ដើម្បីឱ្យគណបក្សនយោបាយនីមួយៗអាចអនុវត្តកម្មវិធីឃោសនាបោះឆ្នោត និងការហែក្បួនឃោសនាបោះឆ្នោតរបស់ខ្លួនប្រព្រឹត្តទៅដោយស្មើភាពគ្នា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ