ប្រធាន​បក្សភ្លើងទៀន​ខេត្តប៉ៃលិន ត្រូវ​បាន​តុលាការ​កោះហៅ​ជា​លើកទី៣ ក្នុង​សំណុំរឿង​«ញុះញង់»

លោក ខឹម មុនីកុសល អតីតមន្ត្រីសុខាភិបាលជាន់ខ្ពស់នៃមន្ទីរសុខាភិបាល​ខេត្តប៉ៃលិន និងបច្ចុប្បន្នជាប្រធានក្រុមការងារគណបក្សភ្លើងទៀនខេត្តប៉ៃលិន។ (ហ្វេសប៊ុក៖ Monykosal Khem)

តុលាការខេត្តប៉ៃលិន បានចេញដីកាកោះហៅប្រធានក្រុមការងារគណបក្សភ្លើងទៀន ១រូប ប្រចាំខេត្តនេះ ជាលើកទី៣ ដើម្បីចូលឆ្លើយបំភ្លឺពាក់ព័ន្ធសំណុំរឿង «ញុះញង់» ប៉ុន្តែមន្ត្រីបក្សក្រៅរដ្ឋាភិបាលមួយនេះបន្តចាត់ទុកការកោះហៅនោះ ថាជារឿងនយោបាយច្រើនជាងការអនុវត្តច្បាប់។

​ក្នុងដីកាកោះហៅជាលើកទី៣ ចុះថ្ងៃទី១១ ខែឧសភា របស់ព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូងខេត្តប៉ៃលិន លោក ជា សា បានតម្រូវឱ្យលោក ខឹម មុនីកុសល ចូលបំភ្លឺនៅតុលាការនាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ ដើម្បីសាកសួររឿង «ញុះញង់ឱ្យមានការរើសអើង» ដែលប្រព្រឹត្តទៅនៅមន្ទីរ ឬស្នាក់ការបក្សខេត្តប៉ៃលិន។

អតីតមន្ត្រីសុខាភិបាលជាន់ខ្ពស់នៃមន្ទីរសុខាភិបាល​ខេត្តប៉ៃលិន និងបច្ចុប្បន្នជាប្រធានក្រុមការងារគណបក្សភ្លើងទៀនខេត្តប៉ៃលិន លោក ខឹម មុនីកុសល បានអះអាងនៅថ្ងៃចន្ទនេះថា ​លោកទើបបានទទួលដីកាកោះហៅ​ជាលើកទី៣ ​នៅព្រឹកថ្ងៃទី២៣ ខែឧសភានេះ។

លោកបញ្ជាក់ថា នឹងពិភាក្សាជាមួយមេធាវីថាតើនឹងត្រូវចូលខ្លួនបំភ្លឺតាមដីកា ឬធ្វើយ៉ាងណាបន្តទៀត។

បែបនេះក្តី លោកបង្ហាញការខកចិត្តដែលតុលាការចេញដីកាឱ្យចូលខ្លួនក្នុងចន្លោះពេលវេលាដ៏មមាញឹកនិងប្រថុចញុច ដែលមិនអាចត្រៀមខ្លួនទាន់ពេលវេលា។

ប្រធានគណបក្សភ្លើងទៀនខេត្តជាប់ព្រំដែនថៃរូបនេះ បន្តចាត់ទុកដីកាកោះជាលើកទី៣នេះ ថាមានចេតនារារាំងមិនឱ្យលោកធ្វើសកម្មភាពនយោបាយច្រើនជាងការអនុវត្តច្បាប់ ដោយសារឃើញសន្ទុះនៃការគាំទ្ររបស់ពលរដ្ឋកាន់តែច្រើនលើបក្សប្រឆាំងមួយនេះ ​ស្របពេលយុទ្ធនាការឃោសនាបោះឆ្នោតឃុំ-សង្កាត់កំពុងដំណើរការ​។

លោក ខឹម មុនីកុសល មានប្រសាសន៍ថា៖ «[ដីកាកោះនេះ] មិនមានអីទេ គ្រាន់តែថា [គេធ្វើ] ក្នុងបំណងមួយរារាំងកុំឱ្យខ្ញុំធ្វើសកម្មភាពនយោបាយតែប៉ុណ្ណឹង ហើយនិងចោទប្រកាន់ដើម្បីទម្លាក់កំហុសដែលមិនសមហេតុផលមកលើខ្ញុំហ្នឹង។ គឺសំខាន់តែនៅលើសកម្មភាពនយោបាយរបស់ខ្ញុំតែម្ដង! គេចង់បន្ទុចបង្អាក់ ឬក៏រារាំងតែម្តង»។

លោក ខឹម មុនីកុសល ​ត្រូវបានអភិបាលខេត្តប៉ៃលិន លោកស្រី បាន ស្រីមុំ បណ្ដេញចេញពីក្របខណ្ឌជាមន្ត្រីសុខាភិបាល​នៃមន្ទីរសុខាភិបាលខេត្តនេះ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ បន្ទាប់ពីលោកបានបង្ហោះសារនៅលើហ្វេសប៊ុករិះគន់មន្ត្រីស្ថាប័នពាក់ព័ន្ធដែលចុះប្រចាំការនៅមណ្ឌលចត្តាឡីស័កក្នុងស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន។

អតីតមន្ត្រីសុខាភិបាលរូបនេះត្រូវបានតុលាការខេត្តប៉ៃលិនកោះហៅឱ្យចូល​​ខ្លួន​​ទៅឆ្លើយបំភ្លឺលើកទី១ ក្នុង​សំ​ណុំ​​រឿង២ផ្សេងគ្នា។ សំណុំរឿងទី១ តុលាការតម្រូវឱ្យលោកចូលឆ្លើយបំភ្លឺនៅថ្ងៃទី៨ ខែ​មេសា ដោយ​​​​​ចោទ​​​​ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» និងបទចោទ​មួយករណី​ទៀត ត្រូវចូល​ខ្លួនឆ្លើយបំភ្លឺ​នៅ​ថ្ងៃទី​២០ ខែ​មេ​សា ពី​បទ «ញុះញង់ឱ្យមានការរើសអើង» ប៉ុន្តែត្រូវបានលោកស្នើសុំពន្យារពេល ក្រោមហេតុផលថាគ្មានពេលវេលាគ្រប់គ្រាន់ និងគ្មានមេធាវី។

ក្រោយមក កាលពីថ្ងៃទី២៦ ខែមេសា ​ព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូងខេត្តប៉ៃលិន លោក ជា សា បានចេញដីកាកោះហៅជាលើកទី២ ដោយតម្រូវឱ្យលោក ខឹម មុនីកុសល ចូលបំភ្លឺនៅតុលាការនាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ដើម្បីសាកសួររឿង «ញុះញង់ឱ្យមានការរើសអើង» ប៉ុន្តែលោកមិនបានចូលបំភ្លឺឡើយ ដោយសារមេធាវីការពារក្តីរបស់ខ្លួនជាប់រវល់ ហើយមេធាវីក៏ស្នើសុំតុលាការពន្យារពេលដោយឯងផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ