គ.ជ.ប ប្រាប់​បក្សនយោបាយ​និង​បេក្ខជន​ចៀសវាង​សកម្មភាព​ឃោសនា​មួយចំនួន​ដែល​បំពាន​ច្បាប់

មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ថ្លែងអំឡុងពេលដំណើការដាក់ឱ្យ​​សាកល្បង​​​ធ្វើ​​​តេស្ត​​ទឹក​ថ្នាំជ្រលក់​​​ដៃលុ​ប​មិន​ជ្រះ ជា​លើក​ដំបូង សម្រាប់បម្រើឱ្យការបោះឆ្នោតឃុំសង្កាត់ខាងមុខ នៅ​ទីស្តីកា​រ គ.ជ.ប នៅ​ព្រឹកថ្ងៃទី​១៣ ខែឧសភា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ណែនាំគណបក្សនយោបាយ​ និង​បេក្ខជន​ដែលកំពុងធ្វើយុទ្ធនាការ​​ឃោស​នា​បោះឆ្នោត មិនត្រូវធ្វើសកម្មភាពទិញទឹកចិត្ត​អ្នកបោះឆ្នោត​ តាមរយៈការផ្ដល់ជាថវិកា សម្ភារ ឬមធ្យោបាយ​ផ្សេងៗ រួម​នឹង​ការចៀសវាងនូវសកម្មភាពមួយ​ចំនួនទៀតដែលផ្ទុយនឹងបទ​ប្បញ្ញតិ្តនៃច្បាប់។

សេចក្ដីណែនាំរបស់ គ.ជ.ប ស្ដីពី «ការ​ធ្វើសកម្មភាពឃោសនារបស់គណបក្សនយោបាយ​ ឬ/និងបេក្ខជន​ឈរឈ្មោះ​សម្រាប់ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំសង្កាត់» នៅថ្ងៃពុធនេះ បាន​លើកឡើង​ថា ក្នុងរយៈ​ពេល​ប៉ុន្មាន​ថ្ងៃដំបូងនៃការ​ចាប់​ផ្ដើម​យុទ្ធនាការ​បោះឆ្នោត​ គណបក្ស​នយោបាយ​ដែលបានចុះបញ្ជីបេក្ខជនឈរឈ្មោះ​បោះឆ្នោត​ទាំងអស់បានធ្វើសកម្មភាព​ឃោស​នា​តាមមណ្ឌលបោះឆ្នោត​រៀងៗខ្លួន​តាមលទ្ធភាព ស្របតាមកម្មវិធី​ដែលបានកំណត់ និងក្នុងបរិយាកាស​​មានសន្តិសុខ​ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ គ្មានអំពើហិង្សា និងគ្មានការ​គំរាមកំហែង។

តែយ៉ាងណា គ.ជ.ប បានកត់សម្គាល់ឃើញ​នូវសកម្មភាពមិនត្រឹមត្រូវមួយចំនួនរបស់គណបក្ស​នយោបាយ​ ដែលអាចនាំឱ្យបំពានលើបទប្បញ្ញត្តិ​នៃច្បាប់ស្ដីពីការបោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សាឃុំសង្កាត់ និង​បទបញ្ជានិងនីតិវិធីសម្រាប់ការបោះឆ្នោត​ជ្រើ​សរើស​ក្រុមប្រឹក្សា​ឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

ករណីនេះ គ.ជ.ប បាន​ណែនាំដល់គណបក្សនយោបាយ និងបេក្ខជនទាំងអស់ មិនត្រូវធ្វើការ​ឃោស​នា ឬផ្សព្វផ្សាយរូបភាព ឬវីដេអូ ឬសំឡេង ឬសារនយោបាយ​ដែលមានលក្ខណៈជេរ​ប្រមាថជាសាធារណៈចំពោះគណបក្សនយោបាយណាមួយ​ ឬបេក្ខជន​ឈរឈ្មោះ ឬញុះញង់​ឱ្យ​មានការ​រើស​អើង ឬបញ្ឆេះកំហឹង ឬធ្វើឱ្យមានការ​ភ័​ន្តច្រឡំនាំឱ្យ​បាត់ទំនុកចិត្ត​លើការ​បោះឆ្នោត​គ្រប់មធ្យោបាយ។ ជនណា​ ឬគណបក្សណាដែលបានបំពាន​បទប្បញ្ញត្តិទាំងនេះ នឹងត្រូវ​ទទួលពិន័យ​តាម​ច្បាប់។

គ.ជ.ប បានណែនាំទៀតថា៖ «មិនត្រូវធ្វើសកម្មភាពទិញទឹកចិត្ត​​អ្នកបោះឆ្នោត តាមរយៈការផ្ដល់​មធ្យោបាយ​ជាថវិកា​ សម្ភារ បរិក្ខារ ឬមធ្យោបាយ​ផ្សេងៗ»។

ក្រៅពីនេះ គ.ជ.ប ក៏ណែនាំមិនឱ្យ​លើកស្លាកឬបដាកាត់ទទឹងថ្នល់ ឬប្រើប្រាស់សម្ភារឯកសារ​ដែលផ្ទុយនឹងស្មារតីច្បាប់ ដែលត្រូវបាន​ហាមឃាត់ដោយ​គ.ជ.ប និងត្រូវជូនដំណឹងយ៉ាងតិច​៣ថ្ងៃទៅគណៈកម្មការ​ឃុំសង្កាត់រៀបចំការបោះឆ្នោតមុនថ្ងៃធ្វើការហែក្បួន​ឃោស​នា និងត្រូវគោរពតាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងត្រូវគោរពឱ្យបានខ្ជាប់ខ្ជួន​នូវ​ច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត​។

ការឃោសនាបោះឆ្នោតជ្រើស​រើស​ក្រុមប្រឹក្សាឃុំសង្កាត់មានរយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី០៣ ខែមិថុនា​ ឆ្នាំ២០២២​ ហើយគ្រប់សកម្មភាពឃោស​នាត្រូវ​បញ្ឈប់​ត្រឹម២៤ម៉ោង​ មុនថ្ងៃបោះឆ្នោត។ ចំណែកការបោះឆ្នោត​នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា​ ឆ្នាំ២០២២៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ