ប្រធាន​បក្សភ្លើងទៀន​ខេត្តប៉ៃលិន​ពន្យារពេល​ចូលបំភ្លឺ​តុលាការ​ជាលើក​ទី៣ ពាក់ព័ន្ធ​សំណុំរឿង​«ញុះញង់»

លោក ខឹម មុនីកុសល អតីតមន្ត្រីសុខាភិបាលជាន់ខ្ពស់នៃមន្ទីរសុខាភិបាល​ខេត្តប៉ៃលិន និងបច្ចុប្បន្នជាប្រធានក្រុមការងារគណបក្សភ្លើងទៀនខេត្តប៉ៃលិន។ (ហ្វេសប៊ុក៖ Monykosal Khem)

ប្រធានគណ​បក្សភ្លើងទៀនប្រចាំ​ខេត្តប៉ៃលិន បានដាក់ពាក្យស្នើសុំពន្យារពេលចូលខ្លួនឆ្លើយបំភ្លឺនៅចំពោះមុខតុលាការខេត្តប៉ៃលិនជាលើកទី៣ ពាក់ព័ន្ធ​បណ្ដឹង «ញុះញង់ឱ្យមានការរើសអើង» ក្រោមហេតុផលថា មេធាវីការពារក្ដីរបស់គាត់មិនបានទទួលឯកសារនិងលិខិតអញ្ជើញពីតុលាការ។

ការស្នើពន្យារពេលនេះធ្វើឡើងក្រោយពីតុលាការខេត្តនេះបានចេញដីកាកោះហៅឱ្យលោកចូលឆ្លើយបំភ្លឺ៣លើករួចមកហើយ និងបន្ទាប់ពីលោកបានបង្ហោះសារនៅលើហ្វេសប៊ុករិះគន់មន្ត្រីស្ថាប័នពាក់ព័ន្ធដែលចុះប្រចាំការនៅមណ្ឌលចត្តាឡីស័កក្នុងស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន។

អតីតមន្ត្រីសុខាភិបាលជាន់ខ្ពស់នៃមន្ទីរសុខាភិបាល​ខេត្តប៉ៃលិន និងបច្ចុប្បន្នជាប្រធានក្រុមការងារគណបក្សភ្លើងទៀនខេត្តប៉ៃលិន លោក ខឹម មុនីកុសល ប្រាប់ វីអូឌី នៅថ្ងៃព្រហស្បតិ៍នេះថា លោកបានសុំពន្យារពេលចូលបំភ្លឺជាលើកទី៣ កាលពីរសៀលថ្ងៃទី២៥ ខែឧសភា ម្សិលមិញ ពាក់ព័ន្ធសំណុំរឿង «ញុះញង់»។

ប្រធានគណបក្សភ្លើងទៀនខេត្តជាប់ព្រំដែនថៃរូបនេះ អះអាងថា លោកបានដាក់ពាក្យពឹងពាក់មេធាវីជាផ្លូវការ និងបានដាក់ឯកសារគ្រប់យ៉ាងទៅតុលាការអស់ហើយ។ យ៉ាងណា លោកថា មកទល់ថ្ងៃទី២៥ ខែឧសភានេះ មេធាវីរបស់លោកនៅពុំទាន់បានទទួលលិខិតអញ្ជើញពីតុលាការនៅឡើយ ខណៈកាលបរិច្ឆេទត្រូវចូលខ្លួនឆ្លើយបំភ្លឺ គឺនៅព្រឹកថ្ងៃទី២៦ ខែឧសភា។

លោក ខឹម មុនីកុសល ថា៖ «មិនដឹងគិតយ៉ាងម៉េចទេ មានតែតាមហ្នឹងទៅ ខ្ញុំអត់មានមេធាវីផង ឱ្យខ្ញុំចូលទៅម៉េចកើត! ដោយសារខាងតុលាការអត់បានអញ្ជើញលិខិតគាត់ [មេធាវី]។ […] ខ្ញុំបានពិភាក្សាជាមួយលោកមេធាវីដែរ ដោយសារគាត់ថា គាត់មកអត់ទាន់ អ៊ីចឹងឱ្យខ្ញុំសុំពន្យារពេលគេតិចទៅ ពីព្រោះដល់ថ្ងៃទី២៥ [ខែឧសភា] ហើយ ខាងគាត់ [មេធាវី] អត់ទាន់បានមានឯកសារ អត់ទាន់មានលិខិតអញ្ជើញអី [ពីតុលាការ] លោកមេធាវីគាត់ថាអ៊ីចឹង! ហើយយើងនៅឆ្ងាយពីគ្នា ខ្ញុំនៅប៉ៃលិន គាត់ [មេធាវី] នៅភ្នំពេញឯណោះ»។

បើតាមលោក ខឹម មុនីកុសល ខាងតុលាការបានទទួលនិងបានបោះត្រាលើលិខិតសុំពន្យារពេលរបស់លោករួចហើយ ប៉ុន្តែលោកពុំដឹងទេថា តុលាការនឹងយល់ព្រមឬយ៉ាងណានោះទេ។

ព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូងខេត្តប៉ៃលិន លោក ជា សា អះអាងប្រាប់វីអូឌីថា តុលាការមានចំណាត់ការទៅតាមនីតិវិធីច្បាប់អស់ហើយ។យ៉ាងណា លោកថា ប្រធានបក្សភ្លើងទៀនប្រចាំខេត្តប៉ៃលិន ឈ្មោះ ខឹម មុនីកុសល មានសិទ្ធិចូល ឬមិនចូលបំភ្លឺ។ ប៉ុន្តែលោកថា តំណាងអយ្យការនឹងធ្វើទៅតាមនីតិវិធី ។

បែបនេះក្ដី ព្រះរាជអាជ្ញារងខេត្តប៉ៃលិនរូបនេះថា បើទោះលោក មុនីកុសល មិនបានចូលបំភ្លឺក៏ដោយ ចំណាត់ការបន្ទាប់ទៀតរបស់តុលាការ គឺកំពុងស្ថិតក្នុងការពិចារណា។

លោកថា៖ «យើងបានកោះបុគ្គលពាក់ព័ន្ធឱ្យគាត់ចូលមកដោយស្ម័គ្រចិត្ត! តែបើគាត់មិនព្រមចូលមកដោយស្ម័គ្រចិត្តទៀត អាហ្នឹងយើងមានតែប្រើប្រាស់សិទ្ធិអំណាចរបស់យើងតាមផ្លូវច្បាប់។ តែបើ[សួរ]ថាតើយើងសម្រេចចេញដីកាបញ្ជាឱ្យចូលខ្លួនឬអត់ អាហ្នឹងស្ថិតក្នុងការពិចារណា»។

យ៉ាងណា លោក ជា សា ថាលោកមិនទាន់អាចនិយាយបានទេថានឹងចេញដីកានាំខ្លួនលោក មុនីកុសល ឬយ៉ាងណានោះ។

លោក ខឹម មុនីកុសល ​ត្រូវបានអភិបាលខេត្តប៉ៃលិន លោកស្រី បាន ស្រីមុំ បណ្ដេញចេញពីក្របខណ្ឌជាមន្ត្រីសុខាភិបាល​នៃមន្ទីរសុខាភិបាលខេត្តនេះកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ បន្ទាប់ពីលោកបានបង្ហោះសារនៅលើហ្វេសប៊ុករិះគន់មន្ត្រីស្ថាប័នពាក់ព័ន្ធដែលចុះប្រចាំការនៅមណ្ឌលចត្តាឡីស័កក្នុងស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន។

អតីតមន្ត្រីសុខាភិបាលរូបនេះត្រូវបានតុលាការខេត្តប៉ៃលិនកោះហៅឱ្យចូល​​ខ្លួន​​ទៅឆ្លើយបំភ្លឺលើកទី១ ក្នុង​សំ​ណុំ​​រឿង២ផ្សេងគ្នា។ សំណុំរឿងទី១ តុលាការតម្រូវឱ្យលោកចូលឆ្លើយបំភ្លឺនៅថ្ងៃទី៨ ខែ​មេសា ដោយ​​​​​ចោទ​​​​ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» និងបទចោទ​មួយករណី​ទៀត ត្រូវចូល​ខ្លួនឆ្លើយបំភ្លឺ​នៅ​ថ្ងៃទី​២០ ខែ​មេ​សា ពី​បទ «ញុះញង់ឱ្យមានការរើសអើង» ប៉ុន្តែត្រូវបានលោកស្នើសុំពន្យារពេល ក្រោមហេតុផលថា គ្មានពេលវេលាគ្រប់គ្រាន់ និងគ្មានមេធាវី។

ក្រោយមក កាលពីថ្ងៃទី២៦ ខែមេសា ​ព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូងខេត្តប៉ៃលិន លោក ជា សា បានចេញដីកាកោះហៅជាលើកទី២ ដោយតម្រូវឱ្យលោក ខឹម មុនីកុសល ចូលបំភ្លឺនៅតុលាការនាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ដើម្បីសាកសួររឿង «ញុះញង់ឱ្យមានការរើសអើង» ប៉ុន្តែលោកមិនបានចូលបំភ្លឺឡើយ ដោយសារមេធាវីការពារក្តីរបស់ខ្លួនជាប់រវល់ ហើយមេធាវីក៏ស្នើសុំតុលាការពន្យារពេលផងដែរ។

ដោយឡែក ក្នុងដីកាកោះហៅជាលើកទី៣ ចុះថ្ងៃទី១១ ខែឧសភា របស់ព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូងខេត្តប៉ៃលិន លោក ជា សា បានតម្រូវឱ្យលោក ខឹម មុនីកុសល ចូលបំភ្លឺនៅតុលាការនាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ ដើម្បីសាកសួររឿង «ញុះញង់ឱ្យមានការរើសអើង» ដែលប្រព្រឹត្តទៅនៅមន្ទីរឬស្នាក់ការបក្សខេត្តប៉ៃលិន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ