បក្សភ្លើងទៀន​ថា​ការ​ចុះចូល​របស់​បេក្ខជនខ្លួន​ជាមួយ​បក្សកាន់អំណាច​ដោយសារ​រង​ការគំរាម​និង​ទិញទឹកចិត្ត

គណបក្សភ្លើងទៀនហែក្បួនឃោសនាបោះឆ្នោត កាត់​វេទិកា​គណបក្ស​ប្រជាជន​កម្ពុជា​ តាម​បណ្ដោយ​ផ្លូវវេង​ស្រេង រាជធានីភ្នំពេញ កាលពី​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

មន្រ្តីជាន់ខ្ពស់គណបក្សភ្លើងទៀន ទទួលស្គាល់ថា បេក្ខជនរបស់ខ្លួនមួយចំនួនពិតជាបានចុះចូលជាមួយបក្សកាន់អំណាចប្រាកដមែន ដោយសារតែពួកគេរងនូវការគំរាមកំហែងនិងទិញទឹកចិត្តតាមរូបភាពផ្សេងៗ ដោយឡែកអ្នកមួយចំនួនទៀតគ្រាន់តែជាពលរដ្ឋដែលគេរៀបចំឱ្យសម្ដែងជាឈុតឆាកចុះចូលតាមនយោបាយប្រជាភិថុតិប៉ុណ្ណោះ។

ការអះអាងនេះធ្វើឡើងបន្ទាប់ពីមួយរយៈពេលចុងក្រោយ ជាពិសេសក្នុងរដូវកាលឃោសនាបោះឆ្នោតនេះ មានបុគ្គលមួយចំនួនដែលអះអាងថាជាបេក្ខជនឈរឈ្មោះបោះឆ្នោតមកពីគណបក្សភ្លើងទៀន និងសកម្មជនមួយចំនួន បាននាំគ្នាដោះឯកសណ្ឋានបក្ស កាត់ស្លាកគណបក្ស ហើយផ្ដល់បទសម្ភាសន៍ជាមួយសារព័ត៌មានដែលស្និទ្ធនឹងរដ្ឋាភិបាលពីការចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ស្របពេលថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ កាន់តែខិតចូលមកដល់។

អនុប្រធាន ​​និង​ជាអ្នកនាំពាក្យ​គណបក្ស​ភ្លើងទៀន លោក ថាច់ សេដ្ឋា ទទួលស្គាល់ថា បេក្ខជនរបស់បក្សភ្លើងទៀនមួយចំនួនពិតជាបានចាកចេញពីបក្សនេះ ហើយទៅចុះចូលជាមួយបក្សកាន់អំណាចប្រាកដមែន ប៉ុន្តែលោកអះអាងថា ពួកគេចាកចេញដោយសារតែរងនូវការគាបសង្កត់ គំរាមកំហែង និងទិញទឹកចិត្ត។

លោកថា៖ «ហ្នឹងហើយ! មួយចំនួនគាត់ជាបេក្ខជនយើងពិតប្រាកដមែន ដែលគេសម្លុត គេគំរាមអ៊ីចឹងទៅ គាត់ក៏ទៅតាមគេអ៊ីចឹងទៅ។ […] ខ្លះទៀត វាពាក់ព័ន្ធដល់អារឿងដីធ្លីអីហ្នឹង អ៊ីចឹងទៅនិយាយគំរាមថាគេមិនដោះស្រាយអ៊ីចឹងទៅ។ ហើយខ្លះហ្នឹងក៏យកអំណោយមកទាក់ទាញអ៊ីចឹងទៅ សន្យានេះសន្យានោះ អ៊ីចឹងទៅអាហ្នឹងវាច្រើនរូបភាព»។

បែបនេះក្ដី លោក ថាច់ សេដ្ឋា ចាត់ទុកសកម្មភាពរបស់បុគ្គលមួយចំនួនដែលគ្រាន់តែធ្វើឡើងតាមរយៈការដោះឯកសណ្ឋាននិងដោះស្លាកបក្សភ្លើងទៀនចេញ រួចអះអាងពីការចុះចូលជាមួយបក្សកាន់អំណាច ថាគ្រាន់តែជាយុទ្ធសាស្ត្រដដែលៗរបស់គណបក្សប្រជាជនកម្ពុជាមុនការបោះឆ្នោត ខណៈសកម្មភាពនេះក៏ធ្លាប់កើតឡើងលើគណបក្សសង្គ្រោះជាតិដូចគ្នា។

យ៉ាងណា អនុប្រធាន​បក្ស​ភ្លើងទៀនរូបនេះបញ្ជាក់ថា មិនមែនឱ្យតែជនដែលពាក់ឯកសណ្ឋានបក្សភ្លើងទៀន សុទ្ធតែជាបេក្ខភាពនិងសកម្មជនភ្លើងទៀនទាំងអស់នោះដែរ និងថាបុគ្គលមួយចំនួនគ្រាន់ជាជនបន្លំ គប់គិតជាមួយបក្សកាន់អំណាច សម្ដែងជាឈុតឆាកដើម្បីទទួលបានផលប្រយោជន៍ប៉ុណ្ណោះ។

លោក ថាច់ សេដ្ឋា ថា៖ «ចំណែកខ្លះក៏គេរៀបចំសម្ដែងអ៊ីចឹងដែរ ព្រោះប្រជាពលរដ្ឋលោកមិនមានការយល់ដឹងទាំងអស់គ្នាដូចគ្នាអីណា! ខ្លះគាត់បានលុយកាក់អីបន្តិចបន្តួច ក៏គាត់ធ្វើទៅតាមគេទៅជារូបភាព»។

យ៉ាងណា លោក ថាច់ សេដ្ឋា បង្ហាញសុទិដ្ឋិនិយមថា បក្សភ្លើងទៀនពុំមានការបារម្ភពីសកម្មភាពទាំងនេះឡើយ ដោយសម្អាងថា នេះគ្រាន់តែជានយោបាយប្រជាភិថុតិបែបចិត្តសាស្ត្របំបាក់ស្មារតីរាស្ត្រ តែគ្មានប្រសិទ្ធភាពលើការសម្រេចចិត្តរបស់រាស្ត្រជាទូទៅឡើយ។

វីអូឌី ពុំទាន់អាចសុំការបញ្ជាក់ពីបេក្ខភាពកូតាពីបក្សភ្លើងទៀនដែលសុំចុះចូលជាមួយបក្សកាន់អំណាចបានទេ នាថ្ងៃចន្ទនេះ។

យ៉ាងណា តាមរយៈវីដេអូជាង៦នាទី កាលពីថ្ងៃទី២៨ ខែឧសភា ពួកគេមួយចំនួនដែលអះអាងថាជាបេក្ខភាពមកពីបក្សប្រឆាំងមួយនេះ បានប្រាប់សារព័ត៌មានដែលស្និទ្ធនឹងរដ្ឋាភិបាលថា ពួកគេបានរួមរស់ជាមួយបក្សប្រឆាំង អស់រយៈពេលប្រមាណ២០ឆ្នាំមកហើយ។ ដោយឡែក ការសម្រេចចិត្តចាកចេញពីបក្សភ្លើងទៀន ហើយសុំចុះចូលជាមួយបក្សប្រជាជនកម្ពុជានៅពេលនេះ គឺដោយសារអស់ជំនឿនិងបាត់បង់ទំនុកចិត្តលើគណបក្សភ្លើងទៀន ហើយគិតថាមិនមានគណបក្សនយោបាយណាល្អជាងគណបក្សប្រជាជនកម្ពុជានោះឡើយ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថ្លែងថា បើបក្សភ្លើងទៀនចាត់ទុកសកម្មភាពនៃការចាកចេញរបស់បេក្ខភាពទាំងនោះថាជាការរៀបចំឈុតឆាកសម្តែង លុះត្រាអ្នកឈរឈ្មោះឱ្យភ្លើងទៀនទាំងនោះកន្លងមកជាអ្នកសម្ដែងដែរ។

លោកប្រតិកម្មថា នោះជារឿងផ្ទៃក្នុងរបស់បក្សនីមួយៗ ដោយពុំមានការពាក់ព័ន្ធជាមួយបក្សប្រជាជនទេ។ យ៉ាងណា លោកថា បើបក្សភ្លើងទៀនរងការគំរាមកំហែងពីបក្សកាន់អំណាចមែន អាចប្តឹងទៅ គ.ជ.ប បាន។

លោក សុខ ឥសាន ថា៖ «បើថាគណបក្សប្រជាជនមានការគំរាមកំហែងទៅលើបងប្អូនណាមួយឬសមាជិកខ្លួន អាហ្នឹងខ្លួនគួរដាក់ពាក្យប្ដឹងតាមនីតិវិធី។ គេបើកសិទ្ធិឱ្យយើងតើ! ហើយអត់ប្ដឹង ឮតែស្រែក! មានន័យថា រឿងហ្នឹងវាអត់មាន។ ច្បាប់បោះឆ្នោតគេហាមដាច់ខាតអត់ឱ្យមានការទិញទឹកចិត្ត មានជាសម្ភារ ជាលុយកាក់។ [មានការលើកឡើងថា យូរហើយមិនចុះចូល ដល់កៀកបោះឆ្នោតទើបមានការចុះចូល?] សិទ្ធិនយោបាយរបស់គេមានគ្រប់ពេលវេលាគ្រប់កាលៈទេសៈ ពីមុនមកគេមិនទាន់ចូល ហើយដល់បោះឆ្នោតគេចូល អាហ្នឹងហើយគេឈរឈ្មោះជាបេក្ខជនឱ្យយើង ដល់គេមិនពេញចិត្តយើង គេចេញពីបេក្ខជននោះមកចូលគណបក្សប្រជាជន»។

មន្ត្រីបក្សកាន់អំណាចរូបនេះចាត់ទុកការលើកឡើងរបស់បក្សភ្លើងទៀន ពាក់ព័ន្ធការគំរាមកំហែង ទិញទឹកចិត្តបេក្ខភាពបក្ស ថាជាល្បិចឡាំប៉ាមុនការបោះឆ្នោត ពោលគឺជាការបដិសេធលទ្ធផលមុនការបោះឆ្នោតមកដល់ ឬការត្រៀមចាញ់មុនការប្រកួត។

​អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិ នៃអង្គការខុមហ្វ្រែល (Comfrel) លោក កន សាវាង្ស យល់ថា ជាទូទៅ បេក្ខជនឬសកម្មជននៃបក្សនយោបាយមានសិទ្ធិសម្រេចចិត្តតាមការយល់ឃើញរបស់ខ្លួន។ យ៉ាងណា លោកថា ការសម្រេចចិត្តណាមួយដែលតក់ក្រហល់ខ្លាំងពេក វាជារឿងគួរឱ្យសង្ស័យនិងគួរឱ្យព្រួយបារម្ភដែរ ពីព្រោះភាពមិនប្រក្រតីបង្កើតឱ្យមានមន្ទិល។ ក្នុងនោះ លោកថា ការសង្ស័យតែងតែកើតមានលើជនដែលរងគ្រោះ ខណៈគណបក្សភ្លើងទៀនអាចជាជនរងគ្រោះនៃដំណើរការចាកចេញនេះ។

លោកចោទជាសំណួរថា ហេតុអី្វក៏ពួកគេមកចាកចេញនៅពេលនេះ? ក្រៅពីនោះ លោកអះអាងថា តាមបទពិសោធន៍ដែលលោកបានតាមដានដំណើរការកន្លងមក បុគ្គលខ្លះបានលាឈប់ទាំងដែលរកហេតុផលពុំចង់ឃើញ។

លោក កន សាវាង្ស ថា៖ «ខ្ញុំមិនវិនិច្ឆយដំណើរណាមួយទេ ប៉ុន្តែការដាក់ការសង្ស័យនេះ គឺត្រូវតែមានការកើតឡើងហើយ ពីព្រោះរយៈពេលកន្លងមក ហេតុអីក៏មិនចាកចេញ? ហើយតើការចាកចេញនេះ គឺមានមូលហេតុអី? មានស្អីដែលជាបញ្ហាដែលមិនអាចនៅរួមរស់ [ជាមួយបក្សដែលរួមរស់តាំងពីយូរ] ហើយត្រូវទៅរួមរស់កន្លែងផ្សេងវិញ? អានេះគឺជាសំណួរដែលត្រូវសួរបន្ត»។

យ៉ាងណា មន្ត្រីសង្គមស៊ីវិលរូបនេះថា ដើម្បីធានាឱ្យដំណើរការនៃការប្រកួតប្រជែងការបោះឆ្នោតមានភាពត្រឹមត្រូវ សេរី និងយុត្តិធម៌ លុះត្រាតែផ្លូវច្បាប់ពាក់ព័ន្ធដំណើរការនៃការចូលរួមរបស់បក្សនយោបាយមានភាពត្រឹមត្រូវ ស្ថាប័ន គ.ជ.ប មានតម្លាភាពហើយឯករាជ្យ ហើយបក្សនយោបាយត្រូវដើរលើផ្លូវច្បាប់ដោយមិនធ្វេសប្រហែស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ