លោក គង់ រ៉ៃយ៉ា ប្ដឹងទៅ គ.ជ.ប ជំទាស់​ការសម្រេច​ពិន័យ​៥លានរៀល​ពាក់ព័ន្ធ​បណ្ដឹង​បក្សកាន់អំណាច

(កណ្ដាល) លោក គង់ រ៉ៃយ៉ា បេក្ខភាពគណបក្សភ្លើងទៀនឃុំស្ដៅ ស្រុកកងមាស ខេត្តកំពង់ចាម។ (រួន រី)

បេក្ខភាពមេឃុំគណបក្សភ្លើងទៀនមួយរូបនៅខេត្តកំពង់ចាម បានប្ដឹងទៅកាន់គណៈកម្មាធិការជាតិ​រៀបចំការ​បោះឆ្នោត (គ.ជ.ប) ​ក្រោយគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាមសម្រេច​ពិន័យរូបលោកចំនួន៥លានរៀល ពាក់ព័ន្ធនឹងបណ្ដឹងរបស់តំណាងគណបក្សប្រជាជនកម្ពុជា។

តាមរយៈពាក្យបណ្ដឹងរបស់បេក្ខភាពបក្សប្រឆាំង លោក គង់ រ៉ៃយ៉ា ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ ឱ្យដឹងថា ការប្ដឹងទាស់នេះ ក្រោមហេតុផលថាលោកមិនសុខចិត្តនឹងសេចក្ដីសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម។

បេក្ខភាពគណបក្សភ្លើងទៀនឃុំស្ដៅ ស្រុកកងមាស ខេត្តកំពង់ចាម និងជាអតីតអ្នកជាប់ឃុំមនសិការ លោក គង់ រ៉ៃយ៉ា ប្រាប់វីអូឌីថា វាជារឿងអយុត្តិធម៌ ដែលលោកគ្រាន់តែចែកថវិកា សម្ភារ អាវ មួក ជាដើម ដល់បេក្ខជនបក្សភ្លើងទៀនតំណាងឃុំក្នុងស្រុករបស់លោក ដើម្បីឱ្យពួកគាត់យកទៅប្រើប្រាស់ក្នុងការឃោសនារកសំឡេងឆ្នោតសោះ បែរជារងការផាកពិន័យដល់ទៅ៥លានរៀលទៅវិញ។

លោកថា បណ្តឹងរបស់តំណាងបក្សកាន់អំណាចបានរំខានដល់លោកនិងបេក្ខជនរបស់បក្សភ្លើងទៀនទាំង១១ឃុំ ខកខានការឃោសនាជាច្រើនថ្ងៃ។

លោកថា៖ «ការដាក់បណ្ដឹងនេះ ខ្ញុំមិនត្រូវការចាញ់-ឈ្នះអីទេ! ប៉ុន្តែខ្ញុំគ្រាន់តែចង់ឱ្យគណៈកម្មាធិការជាតិ​រៀបចំការ​បោះឆ្នោតលុបនូវការផាកពិន័យលើរូបខ្ញុំចំនួន៥លានរៀលហ្នឹង»។

គណៈកម្មការរៀបចំការ​បោះឆ្នោត​ខេត្តកំពង់ចាម​ បាន​សម្រេច​ផាកពិន័យលោក គង់ រ៉ៃយ៉ា ប្រធាន​គណបក្ស​ភ្លើងទៀន​ឃុំស្ដៅ​ ចំនួន៥លានរៀល ស្រប​តាម​មាត្រា១៧១ និងមាត្រា១៨១ ស្ដីពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំសង្កាត់។

សេចក្តីសម្រេចនេះបានធ្វើឡើងនៅថ្ងៃទី២៨ ខែឧសភា តាមបណ្តឹងរបស់លោក នៅ រក្សា មេធាវីតំណាងដោយអាណត្តិរបស់គណបក្សប្រជាជនកម្ពុជា ដែលប្តឹងជំទាស់សកម្មភាពចែកថវិកានិងអំណោយរបស់លោក គង់ រ៉ៃយ៉ា ទៅដល់បេក្ខជនទាំង១១ឃុំ ក្នុងស្រុកកងមាស ខេត្តកំពង់ចាម។

ពាក្យបណ្តឹងនេះក៏ប្តឹងទាមទារឱ្យដកបេក្ខភាពពីគណបក្សភ្លើងទៀនទាំង១១ឃុំ ក្នុងស្រុកកងមាស ចេញបញ្ជីបោះឆ្នោតផងដែរ។ ក៏ប៉ុន្តែសេចក្តីសម្រេច​របស់​គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម មិនបានសម្រេចតាមការទាមទារនេះទេ ដោយរក្សាសិទ្ធិបោះឆ្នោត និងរក្សាឈ្មោះក្នុងបញ្ជីរបស់បេក្ខជន​គណបក្ស​ភ្លើងទៀន ចំនួន១៥នាក់ ឱ្យនៅ​ដដែល។ សេចក្តីសម្រេចនេះបានបើកផ្លូវឱ្យលោក គង់ រ៉ៃយ៉ា ប្តឹងជំទាស់ទៅកាន់គណៈកម្មាធិការជាតិរៀបចំការ​បោះឆ្នោត (គ.ជ.ប) តាមកំណត់នៃច្បាប់។

លោក គង់ រ៉ៃយ៉ា ដែលជាប្រធានក្រុមទ្រទ្រង់​ស្រុកកងមាស និងជាប្រធានគណបក្សភ្លើងទៀនឃុំស្ដៅ ត្រូវបានតំណាងគណបក្សប្រជាជនកម្ពុជា អ្នកស្រី ជឹន ដាវី ប្ដឹងពាក់ព័ន្ធនឹងការបង្ហោះវីដេអូចែកថវិកាទៅឱ្យបេក្ខភាពជាមេឃុំ ក្នុងស្រុកកងមាស ទាំង១១ឃុំ ដោយក្នុងមួយឃុំចំនួន១០០ដុល្លារ។

លោក គង់ រ៉ៃយ៉ា អះអាងថា ការចែកថវិកាកាលពីថ្ងៃទី២១ ខែឧសភា ទៅបេក្ខភាពគណបក្សភ្លើងទៀន ក្នុងឃុំនីមួយៗ ចំនួន១០០ដុល្លារ មិនមែនជាការទិញ​ទឹកចិត្តអ្នកគាំទ្រនោះទេ ប៉ុន្តែថវិកានេះសម្រាប់ការ​ចំណាយអំឡុងពេលឃោសនាបោះឆ្នោតរបស់គណបក្សតាមឃុំនីមួយៗតែប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ