គ.ជ.ប អំពាវនាវ​ឱ្យ​ពង្រឹង​សន្ដិសុខ​សុវត្ថិភាព​អំឡុង​ពេល​ឃោសនា​និង​ការ​បោះឆ្នោត​ឃុំសង្កាត់

មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ថ្លែងអំឡុងពេលដំណើការដាក់ឱ្យ​​សាកល្បង​​​ធ្វើ​​​តេស្ត​​ទឹក​ថ្នាំជ្រលក់​​​ដៃលុ​ប​មិន​ជ្រះ ជា​លើក​ដំបូង សម្រាប់បម្រើឱ្យការបោះឆ្នោតឃុំសង្កាត់ខាងមុខ នៅ​ទីស្តីកា​រ គ.ជ.ប នៅ​ព្រឹកថ្ងៃទី​១៣ ខែឧសភា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

គណៈ​កម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានណែនាំដល់គណបក្សនយោបាយ​ បេក្ខជន និងប្រជាពលរដ្ឋ​ ចូលរួមរក្សា​សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់ សម្រាប់យុទ្ធនាការ​ឃោសនា និងកា​របោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សាឃុំសង្កាត់ ដោយមិនត្រូវកៀរគរនិងប្រមូល​កម្លាំងចល័តដែលបង្កចលាចល​ណាមួយឡើយ។

ក្នុង​សេចក្ដីណែនាំ​របស់​គណៈ​កម្មាធិការជាតិរៀបចំការបោះឆ្នោត ​ចុះថ្ងៃទី​១ ខែ​មិថុនា ​ឆ្នាំ២០២២​​ បានលើកឡើងថា ​ដើម្បី​ធានា​​ឱ្យ​ដំណើរ​​ការ​​​​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​​ ប្រព្រឹត្ត​ទៅ​ដោយ​រលូន ​គ្មានអំពើហិង្សា និង​គ្មានការគំរាមកំហែងនោះ គ.ជ.ប ណែនាំ​ដល់​គណបក្សនយោបាយ ឬ/និង​បេក្ខជន ​មិន​ត្រូវ​ធ្វើសកម្មភាព​កៀរ​គរ​ ​ប្រមូលកម្លាំង​ពីរាជធានីខេត្ត​ណា​មួយទៅ​ធ្វើសកម្មភាព​នៅ​រាជធានីឬខេត្ត​ផ្សេង ​ក្នុង​ចេតនា​បង្ក​ចលាចល ​អសន្ដិសុខសង្គម ​ដើម្បីបំផ្លាញយុទ្ធនាការឃោសនាបោះឆ្នោតនិងការបោះឆ្នោតនោះឡើយ។

គ.ជ.ប បន្ដថា៖​ «​គណបក្សនយោបាយ​​ ឬ/និង​បេក្ខជន ​និង​ប្រជាពល​រដ្ឋ ​ត្រូវ​ចូល​រួម​ក្នុង​កិច្ច​ការ​​ពារ ថែ​រក្សាបរិយា​កាស​សន្ដិសុខ​ សម្រាប់យុទ្ធនាការឃោសនា និងការបោះឆ្នោតឱ្យបានល្អប្រសើរ ដោយ​​មិនត្រូវធ្វើសកម្មភាពណាមួយ​ដែល​​ផ្ទុយពី​គោលការណ៍​នៃ​ច្បាប់បោះឆ្នោត បទបញ្ជា ​និងនីតិវិធីនៃការ​បោះឆ្នោត ក្រមសីលធម៌សម្រាប់គណបក្សនយោបាយ និងបេក្ខជន​ក្នុងដំណើរការ​បោះឆ្នោត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗជាធរមាន»។

បើតាម​សេចក្ដីណែនាំ​នេះ ​គ.​ជ.​ប ​សង្ឃឹម​ថា គណបក្សនយោបាយ បេក្ខជន ប្រជាពលរដ្ឋ អាជ្ញាធរ​មានសមត្ថកិច្ច​ និងគណៈកម្មការ​រៀបចំការបោះឆ្នោត​គ្រប់លំដាប់ថ្នាក់ ​នឹងមាន​ការចូលរួម​សហការល្អ​ ​ដើម្បីបង្ក​បរិយាកាស​​ស្ងប់​ស្ងាត់ គ្មាន​អំពើ​ហិង្សា ​គ្មានការ​គំរាម​កំហែង​ និង​មាន​សុវត្ថិភាព​ ​សម្រាប់​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំសង្កាត់​នេះ។

គួរម្លឹកផង​ដែរថា​ ការ​ឃោសនា​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំសង្កាត់ ប្រព្រឹត្តទៅចាប់​ពីថ្ងៃទី​២១ ខែឧសភា ដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ ខណៈការបោះ​ឆ្នោត​នឹងប្រព្រឹត្ត​ទៅនៅ​ថ្ងៃ​ទី​៥​ ខែ​មិថុនា ចុងសប្តាហ៍នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ