គណបក្សភ្លើងទៀន​ថ្កោលទោស​ចំពោះ​អាជ្ញាធរ​ក្រុងភ្នំពេញ​ក្នុង​ករណី​ចាប់​និង​ឃុំខ្លួន​លោក អៀ ចាន់ណា

លោក អៀ ចាន់ណា ជា​អ្នកឃ្លាំមើល​បញ្ហា​ព្រំដែន និង​តំណាង​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវបានតុលាការរំលាយ ប្រចាំនៅ​ប្រទេស​​ន័រ​វែស (Norway)។ (ហ្វេសប៊ុក៖ Ir Channa)

គណបក្សភ្លើងទៀន យល់ឃើញថា ការចាប់និងឃុំខ្លួនលោក អៀ ចាន់ណា គឺជារឿងនយោបាយសុទ្ធសាធ ដោយសារការចាប់ខ្លួននេះបានធ្វើឡើងក្នុងអំឡុងពេលដែលលោកកំពុងចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥នេះ។

សេចក្ដីថ្លែងការណ៍របស់គណបក្សភ្លើងទៀន កាលពីថ្ងៃពុធ ទី០១ ខែមិថុនា ឆ្នាំ២០២២ បានថ្កោលទោសចំពោះកងកម្លាំងប្រដាប់អាវុធនៃអាជ្ញាធរក្រុងភ្នំពេញ ដែលបានចាប់និងឃុំខ្លួនលោក អៀ ចាន់ណា យ៉ាងអយុត្តិធម៌។

លោក អៀ ចាន់ណា គឺជាអតីតមន្ត្រីគណបក្សសង្គ្រោះជាតិ ប៉ុន្តែលោកបានលាលែងពីគណបក្សសង្គ្រោះជាតិជាយូរមកហើយ ដោយពុំមានទំនាក់ទំនងទាល់តែសោះជាមួយអតីតគណបក្សសង្គ្រោះជាតិ និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេស ហើយបច្ចុប្បន្ននេះ លោកគឺជាអនុប្រធានក្រុមការងារបណ្ដោះអាសន្នគណបក្សភ្លើងទៀនខេត្តតាកែវ។

ជាមួយគ្នានេះ គណបក្សភ្លើងទៀន បានអំពាវនាវដល់រាជរដ្ឋាភិបាលឱ្យបញ្ឈប់ការចាប់ខ្លួន ការឃុំខ្លួន ការគំរាមកំហែង និងធ្វើទុក្ខបុកម្នេញតាមគ្រប់រូបភាព ដល់សមាជិក-សមាជិកាគណបក្សភ្លើងទៀន ដើម្បីធានាលំហប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា និងធានាដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥នេះ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។

គួរបញ្ជាក់ថា មកទល់ពេលនេះ អនុប្រធានក្រុមការ​ងារ​បណ្ដោះអាសន្នគណបក្សភ្លើងទៀន​ លោក អៀ ចាន់ណា ពុំទាន់ទទួលបានលិខិតឱ្យនៅក្រៅឃុំឡើយ។

លោក អៀ ចាន់ណា បានធ្វើដំណើរមកកម្ពុជាកាលពីថ្ងៃទី២៧ ខែឧសភា និងបានចូលរួមយុទ្ធនាការឃោសនាបោះឆ្នោតគណបក្សភ្លើងទៀននៅខេត្តតាកែវ កាលពីថ្ងៃទី២៩ ខែឧសភា ហើយបន្ទាប់មក លោកត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ ក្នុងបរិវេណផ្សារទំនើបអ៊ីអន២ រាជធានីភ្នំពេញ នៅពេលលោកកំពុងទៅធ្វើលិខិតឆ្លងដែនខ្មែរ។ លោកត្រូវបានចោទប្រកាន់ពីបទ «រួមគំនិតក្បត់» ជាអង្គហេតុចាស់ ពាក់ព័ន្ធដំណើរមាតុភូមិនិវត្តន៍របស់លោកស្រី មូ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ កាលពីឆ្នាំ២០២០។

កាលពីថ្ងៃទី០១ ខែមិថុនា ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាដែលមានមូលដ្ឋាននៅប្រទេសន័រវែស ក៏បានចេញសេចក្តីថ្លែងការណ៍អំពាវនាវដល់តុលាការរាជធានីភ្នំពេញ និងរដ្ឋាភិបាលកម្ពុជា ដោះលែងលោក អៀ ចាន់ណា ដោយឥតលក្ខខណ្ឌ។ សេចក្ដីថ្លែងការណ៍បានចាត់ទុកថា ការចាប់ឃុំខ្លួនលោក អៀ ចាន់ណា គឺធ្វើឡើងក្រោមហេតុផលនយោបាយ ខណៈលោកទៅចូលរួមយុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់ជាមួយគណបក្សភ្លើងទៀន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ