គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឱ្យដឹងថា ពលរដ្ឋជាង៧លាននាក់ ឬស្មើនឹងជិត៧៨ភាគរយ ក្នុងចំណោមអ្នកមានឈ្មោះក្នុងបញ្ជីជាង៩លាន២សែននាក់ បានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅថ្ងៃអាទិត្យនេះ ខណៈលទ្ធផលបោះឆ្នោតផ្លូវការគ្រោងប្រកាសនៅចុងខែមិថុនានេះ។
ប្រធាន គ.ជ.ប លោក ប្រាជ្ញ ចន្ទ បានថ្លែងក្នុងកិច្ចប្រជុំភាគីពាក់ព័ន្ធ ស្ដីពីការបូកសរុបព្រឹត្តិការណ៍ទូទៅនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅរសៀលថ្ងៃអាទិត្យនេះថា តាមរបាយការណ៍បឋម ពលរដ្ឋដែលបានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ មានចំនួន៧ ១៧២ ៤៤៨នាក់ ឬស្មើនឹង៧៧,៩១ភាគរយ នៃចំនួនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបចំនួន៩ ២០៥ ៦៨១នាក់។
លោកចាត់ទុកអត្រាអ្នកបោះឆ្នោតដែលមានចំនួន៧៧,៩១ភាគរយនេះថាជាអត្រាមួយខ្ពស់ បើទោះជាអ្នកមានឈ្មោះក្នុងបញ្ជីដែលមិនបានទៅបោះឆ្នោតខ្លះកំពុងស្ថិតនៅក្រៅប្រទេស និងស្របពេលមានបញ្ហាអាកាសធាតុដែលធ្វើឱ្យពលរដ្ឋខ្លះមិនបានទៅបោះឆ្នោត។
លោក ប្រាជ្ញ ចន្ទ បន្តថា ចំពោះដំណើរការបោះឆ្នោតគិតចាប់ពីម៉ោង៧ព្រឹកដល់ម៉ោង៣រសៀលនេះបានប្រព្រឹត្តទៅជាធម្មតា ដោយពុំមានអំពើហិង្សា និងការគំរាមកំហែងណាមួយឡើយ។
លោកបានថ្លែងថា៖ «ដំណើរការបោះឆ្នោតរបស់យើងប្រព្រឹត្តទៅដោយជោគជ័យ និងក្នុងបរិយាកាសស្ងប់ស្ងាត់ មានសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង»។
បើតាមប្រធាន គ.ជ.ប រូបនេះ ការប្រកាសលទ្ធផលបោះឆ្នោតបឋម គ្រោងនឹងប្រព្រឹត្តទៅចាប់ពីម៉ោង៦ល្ងាចថ្ងៃអាទិត្យនេះ ខណៈការប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ៕
គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥នេះ មានគណបក្សនយោបាយចំនួន១៧បានចូលរួមប្រកួតប្រជែង ដោយបានដាក់បេក្ខជនក្រុមប្រឹក្សាឃុំ/សង្កាត់សរុប ៨៦ ០៩២នាក់ (ស្ត្រី ២៧ ៨១៣នាក់)។
ដោយឡែក ឃុំ/សង្កាត់ ក្នុងអាណត្តិទី៥នេះ មានចំនួន១ ៦៥២ ហើយចំនួនក្រុមប្រឹក្សាឃុំ/សង្កាត់ដែលនឹងត្រូវជ្រើសរើសមកបម្រើការងារក្នុងឃុំ/សង្កាត់ទាំងអស់នេះ មានចំនួន១១ ៦២២រូប។
យោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឱ្យដឹងថា ដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥នេះ មានការិយាល័យបោះឆ្នោតសរុបចំនួន២៣ ៦០២ការិយាល័យ៕