សង្គមស៊ីវិល​ថា​ការ​បោះឆ្នោត​ឃុំសង្កាត់​មាន​ភាព​ស្ងប់ស្ងាត់ បើ​ទោះ​មាន​ភាព​មិន​ប្រក្រតី​មួយ​ចំនួន

សកម្មភាពនៃការរាប់សន្លឹក​ឆ្នោត​នៅ​មណ្ឌលបោះឆ្នោតផ្សារអូរឫស្សី រាជធានីភ្នំពេញ ក្នុងថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

សង្គមស៊ីវិលដែលឃ្លាំមើលការបោះឆ្នោត​មួយចំនួន លើកឡើងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥នេះ មានភាពស្ងប់ស្ងាត់ និងគ្មានអំពើហិង្សានោះទេ បើទោះបីជាភាពមិនប្រក្រតីមួយចំនួននៅតែបន្តកើតមាន​។

នាយកប្រតិបត្តិអង្គការ​និកហ្វិច លោក សំ គន្ធាមី មានប្រសាសន៍នៅថ្ងៃទី០៦ ខែមិថុនានេះ​ថា ការបោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់អាណត្តិទី៥នេះ មានភាព​ស្ងប់​ស្ងាត់ គ្មាន​អំពើ​ហិង្សា និង​​មិន​​មាន​​អ្នក​​ប្ដឹង​រឿង​បាត់ឈ្មោះ ជាដើម​។ តែយ៉ាងណា លោកកត់សម្គាល់ឃើញថា ក្នុងដំណើរ​ការ​បោះឆ្នោត​នោះក៏មានភាពមិនប្រក្រតីមួយចំនួនដែរ ដោយសារតែ​ពេលរាប់សន្លឹកឆ្នោត មានការិយាល័យខ្លះបាន​​​បិទ​ទ្វារនិងបង្អួច ដោយ​មិនអនុញ្ញាតឱ្យ​អ្នកបោះឆ្នោត​បាន​តាមដាន​ពី​ដំណើរ​ការ​​រាប់សន្លឹកឆ្នោតនោះទេ។

មន្ត្រីអាជ្ញាធរមានសមត្ថកិច្ចឈរយាមនៅមុខច្រកចូលមណ្ឌលបោះឆ្នោតសាលាបឋមសិក្សាស្ទឹងមានជ័យ ខណៈពេលដែលអាជ្ញាធរហាមឃាត់អ្នកកាសែតចូលទៅតាមដានការរាប់សន្លឹកឆ្នោតក្រោយបញ្ចប់ការបោះឆ្នោតឃុំសង្កាត់ អាណត្តិទី៥ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។
មន្ត្រីអាជ្ញាធរមានសមត្ថកិច្ចឈរយាមនៅមុខច្រកចូលមណ្ឌលបោះឆ្នោតសាលាបឋមសិក្សាស្ទឹងមានជ័យ ខណៈពេលដែលអាជ្ញាធរហាមឃាត់អ្នកកាសែតចូលទៅតាមដានការរាប់សន្លឹកឆ្នោតក្រោយបញ្ចប់ការបោះឆ្នោតឃុំសង្កាត់ អាណត្តិទី៥ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

លោក សំ គន្ធាមី មានប្រសាសន៍ថា៖ «នីតិវិធីរាប់សន្លឹកឆ្នោត គេឱ្យបើកបង្អួចតើ! គ្រាន់តែគេមិនឱ្យប្រជាពលរដ្ឋចូលក្នុងបរិវេណការិយាល័យ ប៉ុន្តែអាចបើកបង្អួចឱ្យគេស្ដាប់ គេមើលឃើញតើ! គេអត់ឱ្យបិទជិតឈឹងទេ អត់ត្រូវនីតិវិធីទេ»។

លោកកត់សម្គាល់ទៀតថា​ ការ​បោះ​ឆ្នោត​​អាណត្តិ​នេះ ​ប្រជាពលរដ្ឋ​មួយចំនួនមិនបានទៅ​បោះឆ្នោត​នោះទេ ដោយសារតែ​​​​ពួកគាត់​​មិន​មាន​អត្តសញ្ញាណបណ្ណ ឬយកអត្តសញ្ញាណ​បណ្ណ​​ទៅ​បញ្ចាំ និងពលរដ្ឋ​​ខ្លះទៀតមិនសូវយល់ដឹងពីច្បាប់ មិន​បាន​ទៅ​សុំ​លិខិត​បញ្ជាក់​អត្តសញ្ញាណ​សម្រាប់​បម្រើ​​​ឱ្យ​ការ​បោះ​ឆ្នោត ​ជាដើម ។

ចំណែកមន្ដ្រីជាន់ខ្ពស់​នៃ​កម្មវិធី​ផ្នែក​អង្កេត​របស់​អង្គការ​ខុមហ្វ្រែល លោក កន សាវាង្ស មានប្រសាសន៍​ថា នៅអំឡុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និង​ពេល​រាប់​សន្លឹកឆ្នោត មាន​ភាព​មិន​ប្រក្រតីមួយ​ចំនួន ដោយសារតែអាជ្ញាធរខ្លះស្លៀកពាក់ស៊ីវិលមានវត្តមាននៅក្នុង​ការិយាល័យ និងក្នុងបរិវេណការិយាល័យបោះឆ្នោត ចាំឃ្លាំមើល និងកត់ឈ្មោះអ្នកមកបោះឆ្នោត ជាដើម។

លោកចាត់​ទុកទង្វើរបស់អាជ្ញាធរដែលស្លៀកពាក់ស៊ីវិលទាំងនោះថា ជាសារគំរាមកំហែងដល់អ្នកទៅ​បោះឆ្នោត និងរំលោភច្បាប់​។

លោកមានប្រសាសន៍ថា៖ «គេសម្គាល់​ឃើញ​ថា ជា​អាជ្ញាធរ ជាមេក្រុម ជាអនុភូមិ មេភូមិ ឬជាមន្ត្រីប៉ូលិសប៉ុស្តិ៍ ជួន​កាលគាត់ស្លៀកពាក់ស៊ីវិល អ្នកខ្លះស្លៀកពាក់ជានគរបាល វាមិនច្រើនទេ មាន​នៅតាម​តំបន់​មួយ​ចំនួន ប៉ុន្តែរឿង [អាជ្ញាធរស្លៀកពាក់] ស៊ីវិលនេះច្រើន ពីព្រោះនៅក្នុងច្បាប់ ក្នុងនីតិវិធី គេហាម​អ្នក​ដែល​មិន​មាន​ភារ​កិច្ច​ចូល​ក្នុង​បរិវេណ​ការិយាល័យ។ ជាទូទៅ យើងឃើញមានការចេញចូល ដល់ពេលដំណាក់កាលនៃការរាប់ គឺ​ត្រូវដេញចេញពីហ្នឹងវិញ នេះជាចំណុចដែលយើងមើលឃើញជាទូទៅ»។

កាលពីថ្ងៃម្សិលមិញ អង្គការ​ការពារសិទ្ធិមនុស្សលីកាដូ ដែលបានដាក់អ្នកសង្កេតការណ៍ឃ្លាំមើល​ការ​បោះឆ្នោត​ ក៏បាន​បង្ហាញពី​ការ​រកឃើញ​ភាពមិនប្រក្រតីមួយចំនួន​​​​នៅ​ថ្ងៃ​បោះឆ្នោត​​នេះដែរ ក្នុងនោះមានដូចជា ​​អាជ្ញាធរ​មូលដ្ឋាន​​នៅមណ្ឌល​បោះឆ្នោតមួយចំនួន​ក្នុងខេត្ត-រាជធានីចំនួន​១៦ បាន​​អង្គុយ​​​ចាំ​នៅ​ក្នុង​​​ឬ​ក្រៅ​ទីតាំង​បោះឆ្នោត​ ដើម្បី​កត់ឈ្មោះ​ឬ​ចំនួន​ពលរដ្ឋ​ដែល​បាន​ទៅ​បោះឆ្នោត​ និងតម្រូវ​ឱ្យពលរដ្ឋ​ប្រាប់ឈ្មោះ​ពួកគាត់​ក្រោយ​ពី​​ការ​បោះឆ្នោត​ជាដើម ខណៈអង្គការ​​នេះ​ចាត់​ទុក​សកម្មភាពទាំងនេះ ថាជា​ការ​បំភិត​បំភ័យ​ពលរដ្ឋ​ម្ចាស់​ឆ្នោត។

តែយ៉ាងណា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​ (គ.ជ.ប) លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា ក្នុងច្បាប់​ស្ដីពីការបោះឆ្នោតជ្រើស​រើស​ក្រុមប្រឹក្សាឃុំសង្កាត់ មិនបានចែងថា ​​​អាជ្ញាធរដែល​ស្លៀក​​ពាក់​​ស៊ីវិល ទៅ​អង្គុយ ឬឈរចាំកត់ត្រាឈ្មោះនៅក្រៅ​បរិវេណការិយា​ល័យបោះឆ្នោតនោះ ជារឿងខុសច្បាប់នោះទេ។

លោកថា៖ «អាជ្ញាធរគាត់មានតួនាទីក្នុងការចាត់ចែង ឬគោរពអញ្ជើញប្រជាពលរដ្ឋ ព្រោះពួកគាត់ចង់ឱ្យប្រជាពលរដ្ឋចេញទៅបោះឆ្នោតឱ្យបានច្រើន […] មិនមែនជាការធ្វើឱ្យពលរដ្ឋមានការភ័យខ្លាច​​ទេ។ ផ្ទុយ​​ទៅវិញ​ ការលើកឡើងខ្លះ គ្រាន់តែជាការលើកឡើងដោយសម្អាងដោយការគិតផ្ទាល់ខ្លួន»។

លោកបន្ថែមថា៖ «ហើយ គ.ជ.ប លើកទឹកចិត្ត បើសិនជាមានការគំរាមកំហែង សុំដាក់ពាក្យប្ដឹងមក គ.ជ.ប ! ទោះបីជាបោះឆ្នោតហើយក៏ដោយ ក៏ គ.ជ.ប នៅតែបន្តដោះស្រាយពាក្យបណ្ដឹង»។

នៅថ្ងៃចន្ទ​នេះ​ដែរ​ ក្រុមអ្នកសង្កេតការណ៍អន្តរជាតិឯករាជ្យដែលបានចូលរួម​សង្កេតការណ៍ពីដំណើរការ​​​បោះឆ្នោតនេះដែរ បានចេញសេចក្ដីថ្លែងការណ៍មួយ ដោយវាយតម្លៃថា ការបោះឆ្នោតនេះបានប្រព្រឹត្តទៅ​ក្នុងបរិយាកាសស្ងប់ស្ងាត់ តម្លាភាព ភាព​សេរី និងប្រកប​​ដោយ​សមធម៌ ទៅតាមក្បួនច្បាប់អន្តរជាតិ។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥នេះ មានគណបក្សនយោបាយចំនួន១៧​បានចូលរួមប្រកួតប្រជែង ដោយ​បាន​ដាក់​បេក្ខជន​ក្រុម​ប្រឹក្សា​ឃុំ/សង្កាត់សរុប ៨៦ ០៩២នាក់ (ស្ត្រី ២៧ ៨១៣នាក់)។

ក្រោយពីបញ្ចប់ដំណើរការបោះឆ្នោតកាលពីថ្ងៃម្សិលមិញ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)​ លោក ប្រាជ្ញ ចន្ទ ក៏បានបញ្ជាក់ដែរថា ដំណើរការបោះឆ្នោតជ្រើស​រើស​ក្រុមប្រឹក្សាឃុំសង្កាត់ កាលពីថ្ងៃទី០៥ ខែមិថុនា ម្សិលមិញ បាន​ប្រព្រឹត្តទៅដោយជោគជ័យ ក្នុងបរិយាកាស​ស្ងប់​ស្ងាត់ មានសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ដោយគ្មានអំពើហិង្សា និងការគំរាមកំហែងនោះទេ។

បើតាមលោក ប្រាជ្ញ ចន្ទ ពលរដ្ឋជាង ៧លាន​នាក់ ឬស្មើ​នឹង៧៧,៩១ភាគរយ ក្នុងចំណោមអ្នកមានឈ្មោះក្នុង​បញ្ជី​ជាង ៩លាន​២សែននាក់ បានទៅបោះឆ្នោតជ្រើស​រើ​សក្រុមប្រឹក្សាឃុំសង្កាត់ ខណៈ​លទ្ធ​ផលបោះ​ឆ្នោត​​ផ្លូវ​ការ គ.ជ.ប គ្រោង​ប្រកាស​នៅថ្ងៃទី២៦ ខែមិថុនានេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ