គ.ជ.ប ទទួល​បាន​ពាក្យបណ្ដឹង​ជិត២០០ ជុំវិញ​ភាព​មិនប្រក្រតី​នៃ​ការបោះឆ្នោត​ឃុំ-សង្កាត់

ពលរដ្ឋម្នាក់កំពុងធ្វើការគូសសន្លឹកឆ្នោត ក្នុងថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅការិយាល័យ លេខ១៦៩៧ ស្ថិតនៅក្នុងសាលាគរុកោសល្យ ភូមិភាគក្រុងតាខ្មៅ ខេត្តកណ្តាល ព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានឱ្យដឹងថា មុនបោះឆ្នោតមួយថ្ងៃ រហូតមកដល់ថ្ងៃចន្ទនេះ ស្ថាប័នជាតិមួយនេះ ទទួលបានជិត២០០បណ្ដឹងពីគណបក្សនយោបាយមួយចំនួន ពាក់ព័ន្ធ​នឹងភាពមិនប្រក្រតី ជុំវិញការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥នេះ។

អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា ចាប់ពីថ្ងៃទី៤ ខែមិថុនា មុនបោះឆ្នោតមួយថ្ងៃ រហូតមកដល់ថ្ងៃទី១៣ ខែមិថុនានេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ​ទទួលបានបណ្ដឹងពាក់ព័ន្ធនឹងភាពមិនប្រក្រតីមុន អំឡុងពេល និងក្រោយពេលបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ចំនួនជិត២០០បណ្ដឹង (១៩២)។  ​

លោក ហង្ស ពុទ្ធា បញ្ជាក់ថា គណបក្សនយោបាយដែលដាក់បណ្តឹងមកនោះ រួមមាន គណបក្សប្រជាជនកម្ពុជា​, គណបក្សភ្លើងទៀន និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។

លោក ហង្ស ពុទ្ធា អះអាងថា ស្ថាប័ន គ.ជ.ប រួមទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ កំពុងយកចិត្តទុកដាក់ដោះស្រាយបណ្តឹងរបស់គណបក្សនយោបាយទាំងនោះឱ្យបានចប់អស់ត្រឹមថ្ងៃទី២៥ ខែមិថុនា ខណៈការប្រកាសលទ្ធផលបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ផ្លូវការ នៅថ្ងៃទី២៦ ខែមិថុនានេះ។

លោកមានប្រសាសន៍ថា៖ «ឥលូវនៅដោះស្រាយត្រឹមថ្នាក់ខេត្តនៅឡើយ ដោយច្បាប់ចែងថា ការដោះស្រាយបណ្តឹងនៅក្រោយថ្ងៃបោះឆ្នោត គឺក្នុងពេលវេលាសមស្រប។ អ៊ីចឹងយ៉ាងហោចមុនថ្ងៃប្រកាសលទ្ធផលផ្លូវការ គឺដោះស្រាយអស់ហើយ»។

អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា មានប្រសាសន៍ថា គណបក្សរបស់លោកបានដាក់ពាក្យបណ្ដឹងទៅគណៈកម្មការធិការ​រៀបចំការបោះឆ្នោតនៅថ្នាក់ក្រោមជាតិ ចំនួន១០១ពាក្យបណ្តឹង ពាក់ព័ន្ធភាពមិនប្រក្រតី មុនថ្ងៃ​​បោះឆ្នោត ថ្ងៃបោះឆ្នោត និង​ពេល​រាប់​សន្លឹក​ឆ្នោត ​​នៅតាម​មណ្ឌលក្នុងបណ្តា​រាជធានី-ខេត្តមួយចំនួន។

លោកថា ភាពមិនប្រក្រតីទាំងនោះ ដូចជា មាន​អាជ្ញាធរ​ឈរ​ឃ្លាំមើល និងកត់ឈ្មោះពលរដ្ឋ​នៅ​មុខ​ការិយាល័យបោះឆ្នោត មាន​ការគំរាមកំហែង ការ​សម្លុត ​និងការធ្វើទុក្ខ​បុកម្នេញលើបេក្ខជន​ឈរ​ឈ្មោះរបស់គណបក្សភ្លើងទៀន ជាដើម​។

បើទោះបីជាបក្សក្រៅរដ្ឋាភិបាលមួយនេះដាក់ពាក្យបណ្តឹងទៅស្ថាប័នរៀបចំការបោះឆ្នោតក្តី ប៉ុន្តែសម្រាប់លោក ថាច់ សេដ្ឋា ហាក់មិនមានជំនឿលើចំណាត់ការរបស់មន្ត្រី គ.ជ.ប ក្នុងការដោះស្រាយ​ជូនគណបក្សភ្លើងទៀនឱ្យទទួលបានតម្លាភាពនិងយុត្តិធម៌នោះទេ។

លោកមានប្រសាសន៍ថា៖ «រឿងចាក់សោ បិទទ្វាររាប់សន្លឹកឆ្នោត គេធ្វើជាប្រព័ន្ធតែម្តង! អ៊ីចឹងគ្រាន់តែយើងចង់បង្ហាញថា ភាពមិនប្រក្រតី វាកើតឡើងពិតប្រាកដមែនទែន។ បើសង្ឃឹមថាឱ្យដោះស្រាយបានពេញចិត្តពេញថ្លើមទៅតាមអ្វីដែលជាក់ស្តែង វាមិនអាចទេ។ មែនទែនទៅ ការដោះស្រាយវិវាទទាំងអស់ហ្នឹង ខ្ញុំមិនសូវជាសង្ឃឹមប៉ុន្មានទេ»។

ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ទីស្នាក់ការ​គណបក្សរបស់ខ្លួន​​នៅ​ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីដើមសប្តាហ៍មុន ប្រធាន​គណបក្ស​ប្រជាធិបតេយ្យមូលដ្ឋាន លោក យ៉េង វីរៈ បានថ្លែងប្រហាក់ប្រហែលនឹងលោក ថាច់ សេដ្ឋា ដែរ ពាក់ព័ន្ធនឹងភាពមិនប្រក្រតីជុំវិញការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥នេះ ។

លោក​បញ្ជាក់ថា បច្ចុប្បន្ន​ គណបក្សនេះ​បានដាក់ពាក្យបណ្តឹងជិត១០បណ្តឹង ទៅ​​គណៈកម្មាធិការជាតិ​រៀប​ចំ​ការ​បោះឆ្នោត (គ.ជ.ប) ឱ្យជួយ​ដោះស្រាយ​ជា​បណ្តើរៗ​​ហើយ​​ ខណៈ​គណបក្ស​នេះកំពុង​បន្ត​ប្រមូល​ភស្តុតាង ដើម្បីដាក់ពាក្យបណ្តឹង​បន្ថែមទៀត​។

ជាមួយគ្នានេះដែរ លោក យ៉េង វីរៈ ក៏បាន​អំពាវនាវទៅគណបក្សនយោបាយផ្សេងៗទៀតដែល​រកឃើញ​​ភាពមិនប្រក្រតីនៅអំឡុងពេលបោះឆ្នោត អាច​សហការជាមួយគណបក្សនេះ ក្នុង​ការ​​​​ដាក់​​ពាក្យ​បណ្តឹង​រួម​គ្នា​ទៅស្ថាប័ន​ គ.ជ.ប ដើម្បីជំរុញឱ្យមានកំណែទម្រង់ ឬធ្វើវិសោធនកម្មច្បាប់បោះ​ឆ្នោត​នៅ​កម្ពុជាផងដែរ។

​យ៉ាងណា នាយកប្រតិបត្តិអង្គការ​និកហ្វិច លោក សំ គន្ធាមី ​សង្កេតឃើញថា ការសម្រេចសេចក្តីរបស់ គ.ជ.ប ជុំវិញការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីអាណត្តិមុនៗ គឺគណបក្សនយោបាយខ្លះមិនព្រមទទួលយក​នោះទេ ដោយថា ការសម្រេចនោះមិនមានតម្លាភាពនិងយុត្តិធម៌​ឡើយ។

ករណីនេះ លោកជំរុញទៅ គ.ជ.ប ធ្វើការកាត់សេចក្តីជាសាធារណៈ និងអនុញ្ញាតឱ្យមានភាគីសង្គមស៊ីវិល អ្នកឯករាជ្យ និងគូភាគី បានចូលរួមបំភ្លឺ និងឃ្លាំមើលក្នុងដំណើរកាត់សេចក្ដី ដើម្បីឱ្យការសម្រេចនោះមានតម្លាភាពនិងយុត្តិធម៌។

លោកមានប្រសាសន៍ថា៖ «សុំឱ្យគាត់ធ្វើឱ្យបានត្រឹមត្រូវតាមច្បាប់ យកល្អធ្វើជាសាធារណៈ មានអ្នកសង្កេតការណ៍ចូលមើលផង បើមិនអ៊ីចឹងសវនាការបិទទ្វារ វាពិបាក វាអត់មានអ្នកសង្កេតការណ៍ក្នុងដំណើរការដោះស្រាយ។ យើងចង់ឱ្យសង្គមស៊ីវិល អ្នកសង្កេតការណ៍យើង ជាតិ-អន្តរជាតិក៏ដោយ បើសិនជាធ្វើទៅបាន ខ្ញុំចង់ឱ្យបើកអង្គជំនុំជម្រះជាសាធារណៈ ដើម្បីបានមើលនិងស្តាប់ទាំងអស់គ្នា ហើយភាគីពាក់ព័ន្ធផង ដើម្បីយើងវាយតម្លៃលើការសម្រេចថា វាមានយុត្តិធម៌ ឬមិនមានយុត្តិធម៌»។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥នេះ មានគណបក្សនយោបាយចំនួន១៧បានចូលរួមប្រកួតប្រជែង ដោយបានដាក់បេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់សរុប ៨៦ ០៩២នាក់ (ស្ត្រី ២៧ ៨១៣នាក់) ខណៈសមាជិក​​ក្រុមប្រឹក្សាឃុំ-សង្កាត់​ដែលនឹងត្រូវជ្រើសរើសមកបម្រើការងារក្នុងឃុំ-សង្កាត់ទាំង១ ៦៥២ គឺ​មានចំនួន១១ ៦២២រូប៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ