សមត្ថកិច្ច​ខេត្តកំពង់ចាម​កំពុង​កសាង​សំណុំរឿង​វាយស្លាក​សញ្ញា​បក្សភ្លើងទៀន​បញ្ជូន​ទៅ​តុលាការ

សកម្មជននិងអ្នកគាំទ្រគណបក្សភ្លើងទៀន នាំគ្នាលើកផ្លាកសញ្ញាគណបក្ស នៅខេត្តកំពង់ចាម ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ គណបក្សភ្លើងទៀន Candlelight Party)

មន្ត្រីនគរបាលខេត្តកំពង់ចាមបានឱ្យដឹងថា ក្រុមការងារជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តនេះ នៅថ្ងៃទី១៥ ខែមិថុនា ពាក់ព័ន្ធករណីក្រុមក្មេងទំនើងលួចទៅបំផ្លិចបំផ្លាញស្លាកសញ្ញាគណបក្សភ្លើងទៀនចំនួន២កន្លែងផ្សេងគ្នាក្នុងខេត្តនេះ ក្រោយការបោះឆ្នោតរួច។

អធិការ​នគរបាលស្រុកចំការលើ លោក ប៉ែន ទៀងចំរើន មានប្រសាសន៍ថា កាលពីថ្ងៃទី៦ និងថ្ងៃទី៧ ខែមិថុនា ក្រោយបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់មួយថ្ងៃ មានក្រុមក្មេងៗដែលជាអនីតិជនបានជិះម៉ូតូវាយផ្លាកសញ្ញាគណបក្សភ្លើងទៀនចំនួន២កន្លែងផ្សេងៗគ្នា រួមមាន ស្ថិតនៅ​ភូមិបន្ទាយជ័យ និងភូមិពព្រេង ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម។

លោកបន្តថា ក្រោយពីប្រព្រឹត្តបទល្មើស​រួច សមត្ថកិច្ចស្រាវជ្រាវរកឃើញមុខសញ្ញាចំនួនពីរនាក់ដែលមានអាយុ១២ និងអាយុ១៣ឆ្នាំ បានជិះម៉ូតូវាយផ្លាកសញ្ញាគណបក្សភ្លើងទៀនបណ្ដាលឱ្យខូចខាត។ ករណីនេះ លោកថា សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការនាពេលឆាប់ៗនេះ ដើម្បីចាត់វិធានការច្បាប់បន្ត។

លោកមានប្រសាសន៍ថា៖ «សំណុំរឿងកំពុងបូកបញ្ជូនទៅតុលាការជិតរួចហើយ។ ចាំខ្ញុំបញ្ជូនហើយ ចាំបងសួរទៅខាងតុលាការល្អជាង។ ហើយស្អែក ឬខានស្អែក ខ្ញុំបញ្ជូនទៅហើយ»។

លោក ប៉ែន ទៀងចំរើន បន្ថែមថា សមត្ថកិច្ចជំនាញកំពុងតែស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់វិធានការបន្ត ដូចករណីអនីតិជនទាំងនេះ​ដែរ។

ប្រធានគណបក្សភ្លើងទៀនប្រចាំខេត្តកំពង់ចាម លោក ស៊យ ស៊ីថាត មានប្រសាសន៍ថា តាមលទ្ធផលបណ្តោះអាសន្ន គណបក្សក្រៅរដ្ឋាភិបាលមួយនេះប្រហែល​ជាប់ជាជំទប់ទី២ នៃគណបក្សភ្លើងទៀន ប្រចាំឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម។

លោកថា ក្រោយថ្ងៃបោះឆ្នោតមួយថ្ងៃ គឺថ្ងៃទី៦ និងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២នេះ គាត់ទទួលបានព័ត៌មានថា មានក្រុមក្មេងទំនើងមួយក្រុមបាននាំគ្នាជិះម៉ូតូ ដៃកាន់ដាវ ដំបង និងដុំថ្ម វាយបំផ្លាញស្លាកសញ្ញាគណបក្សភ្លើងទៀន នៅភូមិបន្ទាយជ័យ និងភូមិពព្រេង ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម បណ្តាលឱ្យខូចខាតយ៉ាងខ្លាំង។

ករណីនេះ លោក ស៊ីថាត សម្រេចដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចមូលដ្ឋាន នៅថ្ងៃទី៧ ខែមិថុនានេះ ដើម្បីស្នើសុំឱ្យតុលាការស្រាវជ្រាវនិងចាត់វិធានការច្បាប់លើជនល្មើស រួមទាំងអ្នកពាក់ព័ន្ធផ្សេងទៀត ដោយលោកចាត់ទុកទង្វើបំផ្លិចបំផ្លាញស្លាកសញ្ញាគណបក្សនោះថា ជាសារគំរាមកំហែង និងការរើសអើងផ្នែកនយោបាយ។

លោកបញ្ជាក់ថា ទោះជាមានការបំផ្លិចបំផ្លាញស្លាកសញ្ញាគណបក្សភ្លើងទៀន និងគំរាមកំហែងយ៉ាងណា ប៉ុន្តែសម្រាប់លោកមិនមានអ្វីព្រួយបារម្ភទេ ព្រោះគណបក្សនេះបង្កើតឡើងស្របតាមច្បាប់ ហើយលោកមិនដែលចាត់ទុកបុគ្គលណាម្នាក់ជាសត្រូវនោះទេ។

លោកមានប្រសាសន៍ថា៖ «ខ្ញុំធ្វើនយោបាយ ខ្ញុំអត់មានត្រូវការហិង្សាទេ គឺខ្ញុំត្រូវការធ្វើម៉េចឱ្យយើងជាខ្មែរដូចគ្នា យើងចេះស្តាប់គ្នា ស្រឡាញ់គ្នា យើងធ្វើម៉េចធ្វើការដឹកនាំទាំងអស់គ្នា។ អ្នកណាចាញ់ធ្វើអ្នកប្រឆាំងទៅ អ្នកណាឈ្នះដឹកនាំទៅ អាហ្នឹងគោលការណ៍ប្រជាធិបតេយ្យ វាអ៊ីចឹង! ខ្ញុំអត់មានការព្រួយបារម្ភពីសុវត្ថិភាពទេ ពីព្រោះអត់មានអ្នកណាមកគំរាមកំហែងខ្ញុំទេ»។

នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា អាជ្ញាធរត្រូវធ្វើការស្រាវជ្រាវនិងកំណត់អត្តសញ្ញាណលើជនប្រព្រឹត្តឱ្យបានច្បាស់លាស់ បើជនដែលប្រព្រឹត្តនោះជាអនីតិជនក្រោមអាយុ១៤ឆ្នាំ តាមច្បាប់ មិនត្រូវទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌ និងមិនអាចឃុំខ្លួនបាននោះទេ។ ប៉ុន្តែអាណាព្យាបាលរបស់ជនដែលប្រព្រឹត្តនោះ ត្រូវសងការខូចខាតផ្នែករដ្ឋប្បវេណីទៅដល់ជនរងគ្រោះ។

លោក អំ សំអាត ជំរុញទៅអាជ្ញាធរត្រូវពង្រឹងការអនុវត្តច្បាប់លើអ្នកដែលបំផ្លិចបំផ្លាញស្លាកសញ្ញារបស់គណបក្សនយោបាយទាំងអស់ឱ្យមានតម្លាភាពនិងស្មើភាពគ្នា ដោយមិនប្រកាន់និន្នាការនយោបាយ ទើបអាចទប់ស្កាត់បទល្មើសទាំងនោះមានប្រសិទ្ធភាព​។

លោកស្នើដូច្នេះថា៖ «បើមិនអនុវត្តទេ បើសិនជានៅតែបន្តការបំផ្លិចបំផ្លាញតទៅទៀត វានាំឱ្យមានការរិះគន់ទាក់ទងនឹងការគំរាមកំហែង ឬបំភិតបំភ័យផ្សេងតទៅទៀត។ អាហ្នឹងហើយយើងចង់ឃើញអាជ្ញាធរអនុវត្តតាមផ្លូវច្បាប់ដោយតម្លាភាពនិងយុត្តិធម៌ មិនរើសអើងនិន្នាការគណបក្សនយោបាយណាមួយទេ ឱ្យតែបំផ្លិចបំផ្លាញ ទោះបីជាគណបក្សណាក៏ដោយ ត្រូវអនុវត្តតាមផ្លូវច្បាប់ឱ្យស្មើភាពគ្នា»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ