មន្រ្តី​រដ្ឋបាលឃុំ​ហាក់​មិន​ពេញ​ចិត្ត​នឹង​រដ្ឋាភិបាល​ចំពោះ​ការ​ធ្វើ​ឯកជន​ភាវូបនីយកម្ម​ដី​បឹង

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ១១ ក្នុងខេត្តព្រៃវែង ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

យោងតាមអនុក្រឹត្យថ្មីមួយចំនួន រដ្ឋាភិបាលបានសម្រេចធ្វើឯកជនភាវូបនីយកម្មបឹងសាធារណៈ និងផ្លូវទឹក សរុបចំនួនប្រាំពីរក្នុងខេត្តកណ្ដាល ដែលក្នុងនោះរួមទាំងផ្ទៃបឹងតាមោកក្នុងរាជធានីភ្នំពេញផងដែរ។

ទាក់ទិននឹងករណីនេះ មេឃុំ​មួយរូបបានលើកឡើងពីគោលបំណងក្នុងការលាលែងចេញ​ពី​តំណែង ដោយសារតែលោកមិនអាច​ទ្រាំមើលរូបភាពនៃផ្ទៃបឹងដែលអាស្រ័យផលដោយពលរដ្ឋ ត្រូវបាត់ទៅបន្តិចម្ដងៗក្រោមការធ្វើឯកជនភាវូបនីយកម្ម។

មេឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល លោក អ៊ុំ ឈុនស្រេង បានលើកឡើងថា៖ «វាគឺជាបឹងរបស់រដ្ឋ។ ហេតុអ្វីបានជាវាទៅជាយ៉ាងនេះទៅវិញ? យើងនៅថ្នាក់ក្រោម យើងមិនអាចដឹងអ្វីច្រើននោះទេ។ ហេតុ​អ្វី​បាន​ជា​ពួកគេដាក់វា [បឹង] ជារបស់ឯកជនទៅវិញ? តើ​ពួកគេពិតជា​អត់​មាន​កន្លែងផ្សេងដើម្បី​អភិវឌ្ឍឬយ៉ាងណា បានជា​គេ​មក​អភិវឌ្ឍ​លើ​ផ្ទៃបឹងទៅវិញ?»

គួរបញ្ជាក់ថា ផ្ទៃដីមេទឹកបឹងជន្លេន ក្នុងឃុំឫស្សីជ្រោយ គឺជាដីរដ្ឋមួយក្នុងចំណោមដីរដ្ឋសរុបចំនួនប្រាំពីរផ្សេងទៀតនៅក្នុងខេត្តកណ្តាល ដែលត្រូវបានធ្វើឯកជនភាវូបនីយកម្មតាមរយៈអនុក្រឹត្យចុងក្រោយរបស់រដ្ឋាភិបាល។

ជាមួយគ្នានេះ លោក អ៊ុំ ឈុនស្រេង បន្ថែមថា៖ «ប្រសិន​បើ​ប្អូន​មានលិខិតឬឯកសារកាត់ដីណាមួយ ​សូមជួយផ្ញើ​មក​ខ្ញុំផង ខ្ញុំ​នឹង​បញ្ជូនវាបន្ត​ទៅ​កាន់ប្រជាពលរដ្ឋ​របស់​ខ្ញុំ។ វាគឺជាបឹងរបស់ពលរដ្ឋ។ តើ​ពួកគេ​អាច​យក​ដី​របស់​ពលរដ្ឋ​ដែល​ពួកគេ​បាន​ប្រើប្រាស់អាស្រ័យ​តាំងពី​ដូនតា​មក​ដោយ​របៀបណា? តើពួកគេមិនចង់ឱ្យមានផ្លូវទឹកហូរទេ ឬយ៉ាងណា? តើអ្នកណាសម្រេចចិត្តធ្វើការអភិវឌ្ឍលើបឹងនេះ?»

តាមរយៈឯកសារដែលទទួលបានដោយអ្នកសារព័ត៌មាន អនុក្រឹត្យ​ទាំង​អស់​ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែលបង្ហាញឱ្យឃើញពីការ​បន្ត​​ធ្វើ​ឯកជនភាវូបនីយកម្ម​ដីធ្លី​ទ្រង់ទ្រាយ​ធំ​ ដែលរួមមានផ្ទៃបឹង និង​ដែន​ជម្រក​សត្វព្រៃ​នៅ​ទូទាំង​ប្រទេស។

ទោះជាយ៉ាងណា អនុក្រឹត្យ​នៃការធ្វើឯកជនភាវូបនីយកម្ម​ដីធ្លីសម្រាប់ទីតាំងក្នុង​ខេត្ត​កណ្តាល ​មិន​បាន​ដាក់​ឈ្មោះ​អ្នកដែល​ទទួល​បានឡើយ។

មេឃុំឫស្សីជ្រោយ បានបន្ថែមថា៖ «តើ​នរណា​ជា​ម្ចាស់​ដីនេះពិតប្រាកដ? ប្រជាពលរដ្ឋ​បច្ចុប្បន្នកំពុងតែ​រស់​នៅ​លើ​បឹង​នោះ ខណៈ​អ្នក​នៅ​ជុំវិញ​បឹង​ក៏កំពុងតែអាស្រ័យផលពីផ្ទៃបឹងនេះផងដែរ។ បច្ចុប្បន្ននេះ យើងរស់នៅដោយពឹងផ្អែកលើបឹងនេះខ្លាំង។ បើគ្មានបឹងនេះទេ យើងនឹងស្លាប់ជាក់ជាមិនខាន ខណៈប្រជានជនភាគច្រើនប្រកបរបរ​នេសាទ និងដាំដំណាំនៅលើបឹងនោះ»។

ទាក់ទិននឹងការធ្វើ​ឯកជនភាវូបនីយកម្ម​ដីធ្លីនេះ មន្ត្រី​ថ្នាក់មូលដ្ឋាន​ជាច្រើន​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ក៏បានសម្ដែងនូវការ​ភ្ញាក់ផ្អើល ដោយលើកឡើងថា ពួកគេគ្មានសិទ្ធិអំណាច​ក្នុង​ការ​ផ្ទេរ​ដី​សាធារណៈឬ​ដីការពារ​ឱ្យទៅបុគ្គល​ឯកជនណាមួយឡើយ។

មន្ត្រី​រៀបចំ​ដែនដី​ក្នុងខេត្ត​ព្រះសីហនុមួយរូប ក៏ហាក់សម្ដែងជាការមិនពេញចិត្តទាក់ទិននឹងការផ្ទេរ​ដី​ឱ្យទៅ​អ្នក​ជំនួញមួយរូបដែលត្រូវបានគេស្គាល់ថាមានទំនាក់ទំនងជាមួយនឹងកូន​ស្រី​លោក ហ៊ុន សែន ផងដែរ។

ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី ​ស្រុកព្រៃនប់ លោក ឃួន គឹមស៊ីន ធ្លាប់បានឱ្យដឹងថា៖ «អនុក្រឹត្យចេញច្រើនណាស់ពាក់ព័ន្ធនឹងថ្នាក់ដឹកនាំ ខ្ញុំអត់សូវដឹងដែរ»។

ករណីស្រដៀងគ្នានេះក៏កើតឡើងនៅតំបន់​ព្រៃ​ការពារ​ភ្នំ​តាម៉ៅ​ផងដែរ ខណៈទាំងមេឃុំ​ និងមន្ត្រី​រដ្ឋបាល​ព្រៃឈើ បានលើកឡើងដូចគ្នាថា ពួកគេគ្មាន​សិទ្ធិ​លើ​ការ​សម្រេច​នេះ​ទេ។

ត្រលប់មកកាន់លោក អ៊ុំ ឈុនស្រេង វិញ បានបន្ថែមឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា៖ «ប្រសិនបើរដ្ឋាភិបាលធ្វើបែបនេះមែន វានឹងបង្កឱ្យមានជាការភ្ញាក់ផ្អើលទូទាំងប្រទេស។ ខ្ញុំមិនដឹងថានឹងត្រូវធ្វើអ្វីបន្តទៀតសម្រាប់​ប្រជាពលរដ្ឋនៅក្នុងតំបន់ដែលមានប្រមាណពី ៥ ០០០ ទៅ ៦ ០០០ គ្រួសារ»។

លោកថា៖ «ខ្ញុំ​ក៏​នឹងសម្រេច​ដាក់​ពាក្យ​លាលែងចេញពីតំណែងនេះផង​ដែរ ដោយខ្ញុំ​គ្រោងនឹង​ធ្វើ​សន្និសីទ​មួយ​នៅ​កណ្តាល​បឹង ដើម្បីប្រកាសពី​ការ​លាលែងរបស់ខ្ញុំ​»។

គួរបញ្ជាក់ថា ផ្ទៃដីមេទឹកបឹងជន្លេន ក្នុងខេត្តកណ្តាល ដែលកំពុងតែត្រូវបានធ្វើឯកជនភាវូបនីយកម្មនេះមានទំហំ៨៩ហិកតា។ យោងតាមឯកសារមួយចំនួនដែលបានចេញផ្សាយកាលពីថ្ងៃពុធ គេសង្កេតឃើញថា ផ្ទៃដីចំនួន១១ទីតាំងផ្សេងទៀតក៏ត្រូវបានធ្វើឯកជនភាវូបនីយកម្ម ដោយរាប់ចាប់ពីទំហំតូចៗក្នុងរាជធានីភ្នំពេញ រហូតដល់ទំហំ២១៥ហិកតាក្នុងខេត្តក្រចេះ។

ផ្ទៃដីចំនួន ៦ ​ផ្សេង​ទៀត​នៅ​ខេត្ត​កណ្តាល​ដែលសុទ្ធសឹង​តែ​ជា​បឹង​ឬ​ផ្លូវ​ទឹកដ៏សំខាន់នោះរួមមាន៖

  • ផ្ទៃដីមេទឹកប្រមូលខ្លា ទំហំ​៥៩​ហិកតា​ ជាអាងស្តុកទឹកស្រោចស្រពដ៏សំខាន់មួយក្នុង​ឃុំ​ពុក​ឫស្សី​ ស្រុក​ខ្សាច់​កណ្តាល។
  • ផ្ទៃដីមេទឹកផ្លូវទូក ទំហំ៤៣ហិកតា ​​នៅ​ឃុំ​ពុក​ឫស្សី។
  • ផ្ទៃដីបឹងដើមពោធិ៍ ​ទំហំ៤០ហិកតា ក្នុង​ឃុំទួល​ពេជ្រ ស្រុក​អង្គស្នួល។
  • បឹង​មេទឹក បែកក្អម ទំហំ៤៣ហិកតា ស្ថិតក្នុងឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល។
  • បឹងមេទឹកអំពៅឌៀប គ្របដណ្ដប់ផ្ទៃដីទំហំ​១២៨​ហិកតា ​ក្នុង​ឃុំ​សំបួរមាស ​ស្រុក​មុខ​កំពូល។
  • បឹងខ្វែង ទំហំ​៧​ហិកតា ​ក្នុង​ឃុំ​កំពង់​អូ​ស ស្រុក​ពញាឮ ដែល​ករណីនេះត្រូវ​បាន​គេ​រាយការណ៍​ដោយ​ប្រជាពលរដ្ឋ​២៣៨​គ្រួសារ។

នៅក្នុង​រាជធានី​ភ្នំពេញវិញ ផ្ទៃដីទំហំ​៦១​ម៉ែត្រ​ការ៉េ​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ ត្រូវ​បានកាត់​ប្រគល់​ទៅ​ឱ្យ​លោក សេង យូអ៊ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ។

ទោះជាយ៉ាងណា មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃខាងលើនេះ​បាន​បដិសេធ​មិន​ធ្វើ​ការអត្ថាធិប្បាយឡើយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ។

ក្រៅពីនេះ គេក៏សង្កេតឃើញមានផ្ទៃដី​ប្រមាណ១៨៥ម៉ែត្រការ៉េ ​ក្នុង​សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា ក៏ត្រូវ​បាន​ផ្ទេរ​ទៅ​ឱ្យ​លោក ហួរ ហាប់ មេបញ្ជាការរងកងទ័ពជើងទឹក ​​និង​ភរិយារបស់ខ្លួនគឺលោកស្រី ង៉ោ ងួនធារី​ ផងដែរ ខណៈរដ្ឋបាល​រាជធានី​ភ្នំពេញក៏ស្ថិតក្នុងបញ្ជី​ទទួល​បានផ្ទៃដីទំហំ២៨២ម៉ែត្រការ៉េ និងចុងក្រោយបុគ្គល​មួយរូបឈ្មោះ ឈុន គឹមហេង ទទួល​បាន២៦,៥ម៉ែត្រការ៉េ ​នៅ​ព្រែកព្នៅ។

ជាមួយគ្នានេះ ដី​ព្រៃ​ចំនួន២១៥​ហិកតា នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ ក៏ត្រូវ​បាន​ផ្ទេរ​ទៅកាន់បុគ្គលចំនួន២រូបផងដែរ ដែលក្នុងនោះរួមមាន ​លោក មឿង អ៊ុយ​ហោ និង​លោក មឿង អ៊ុយ​អាង ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ម្ចាស់​អាជីវកម្ម​ថ្មកែវ។

ទាក់ទិននឹងករណីនេះ មេ​ឃុំ​ស្វាយជ្រះ លោក វ៉ាន់ ឌឿន បាន​ថ្លែង​ថា៖ «ខ្ញុំ​សុំពេលពិនិត្យ​មើល​ករណីនេះ​ជា​មុន​សិន ហើយ​ខ្ញុំ​មិន​អាច​ឆ្លើយ​អ្វី​បាន​នៅ​ឡើយ​ទេនៅពេលនេះ ដោយខ្ញុំត្រូវធ្វើការទាក់ទងទៅកាន់ពួកគេដើម្បីសុំព័ត៌មានជាមុនសិន»៕


បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Kandal Commune Chief Outraged by Privatization of Lake

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ