មន្ត្រី​ថា​បណ្ដឹង​ជាង​២០០​ដែល​បក្ស​នយោបាយ​ប្ដឹង​ជុំវិញ​រឿង​បោះ​ឆ្នោត​ គ.ជ.ប​ ​ដោះ​ស្រាយ​ជិត​អស់​ហើយ

កិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ សរុបព្រឹត្តិការណ៍ទូទៅនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឱ្យដឹងថា​ បណ្ដឹងចំនួន ២៤៥ ដែលគណបក្សនយោបាយបានប្ដឹង អំឡុងពេលបោះឆ្នោតនោះ គ.ជ.ប ដោះស្រាយជិតអស់ហើយ  ដោយបណ្ដឹងដែលនៅសល់ ស្ថាប័នជាតិរៀបចំការបោះឆ្នោតមួយនេះកំពុងដោះ​សា្រយបញ្ចប់។

អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលោក ហង្ស ពុទ្ធា ប្រាប់វីអូឌីកាលពីថ្ងៃសុក្រនេះថា  បណ្ដឹងចំនួន ៦ទៀត ដែល គ.ជ.ប ​កំពុងដោះស្រាយ   ពាក់ព័ន្ធនឹងការទាមទារឱ្យដាក់ទោសមន្ត្រី​ ជុំវិញភាពមិនប្រក្រតីរឿងបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥នេះ។ ចំណែកបណ្ដឹងចំនួន ២៣៩ ដែលគណបក្សនយោបាយប្ដឹងនោះ ស្ថាប័​រៀបចំការបោះឆ្នោត​បានដោះស្រាយ​រួចហើយ។

លោកថា៖«បណ្ដឹងទាំង ៦ ​ដោយសារ ដោះមិនទាន់​តាមពិតត្រូវដោះតាំងមុនថ្ងៃបោះឆ្នោត ប៉ុន្តែទី១ ទិដ្ឋភាពច្បាប់ចែងថា ដោះស្រាយក្នុងពេលវេលាសមសម្រប គ.ជ.ប ហើយទី២ ថ្ងៃបោះឆ្នោតចូលមកដល់»។

កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ ក្រុមអង្គ​ការសង្គមស៊ីវិលចំនួន៥​  ស្ថាប័ន បានស្នើ​​​ទៅ​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ​និង​ភាគី​​ពាក់ព័ន្ធ ត្រូវពង្រឹង​​ការ​​អនុវត្ត​​ឱ្យ​បាន​​​ត្រឹម​ត្រូវ​​តាម​​ច្បាប់ បទ​បញ្ជា និង​​នីតិវិធីសម្រាប់​ការបោះឆ្នោត ព្រម​ទាំង​ពង្រឹង​អព្យាក្រឹត្យភាព​​រប​ស់​​មន្ត្រី​​រាជ​ការ និងកង​កម្លាំង​ប្រដាប់​វុធ ។

ការស្នើក្រុមអង្គ​ការសង្គមស៊ីវិលនេះ  ក្រោយពី​ពួកគេ​រកឃើញ​នូវភាពមិន​ប្រក្រតី​មួយ​ចំនួន នៅ​ក្នុង​ដំណើរ​ការ​នៃ​ការ​បោះ​ឆ្នោតជ្រើស​រើស​​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ និងការ​រាប់សន្លឹក​ឆ្នោត​ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។

ភាពមិនប្រក្រតីទាំងនោះ ក្រុមអង្គការសង្គមស៊ីវិលអះអាងថា ​​មា​នដូចជា វត្តមានអាជ្ញាធរ​ ដូចជា សមាជិក​​ភូមិ មេភូមិ មេឃុំ ចៅសង្កាត់ មន្ត្រីនគរបាល និង​បេក្ខជនឈរឈ្មោះ បាន​ទៅ​ឈរ​នៅ​ក្នុង​​បរិវេណ​ការិយាល័យ​​បោះ​ឆ្នោត ឬតាមភូមិនានានៅក្នុងឃុំសង្កាត់របស់ខ្លួន។

មិនតែប៉ុណ្ណោះក្នុងរបាយការណ៍សង្ខេបបឋមរបស់អង្គការសង្គមស៊ីវិលទាំង៥ លើកឡើងថា អ្នក​សង្កេត​ការណ៍​ត្រូវ​បាន​រារាំង​​មិ​ន​ឱ្យ​​ចូល​សង្កេត​ និង​មិនឱ្យ​ថត​ដំណើរការ​​រាប់សន្លឹក​ឆ្នោត​នៅតាមការិយាល័យ​​មួយ​ចំនួន។ លើសពីនេះ ​ដំណើរការរាប់​សន្លឹក​ឆ្នោត​នៅការិយាល័យ​មួយចំនួន ត្រូវបាន​គេ​សង្កេត​​ឃើញថា​ បានប្រព្រឹត្តទៅក្នុងស្ថានភាពបិទបាំង និងខ្វះតម្លាភាព ដូចជា ការបិទច្រកការិយា​ល័យ​ ព្រម​ទាំងបិទទ្វារបង្អួចការិយាល័យ​រាប់ស្លឹកឆ្នោត ដោយ​​មិន​អនុញ្ញាត​និង​​មិន​ឱ្យ​ពល​រដ្ឋ​​មើលកា​ររាប់សន្លឹកឆ្នោតជាដើម​។

មិនខុសគ្នាទៅនឹងអ្វីដែលអង្គការក្រៅរដ្ឋាភិបាលរកឃើញ គណបក្សនយោបាយមួយចំនួនដែលបានចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ដូចជាគណបក្សភ្លើងទៀន គណបក្សប្រជាធិបតេយ្យមូលដ្ឋានជាដើមនោះ ក៏រកឃើញភាពមិនប្រក្រតីជាច្រើនទាក់ទងដំណើរការបោះឆ្នោតនេះផងដែរ។ ក្រុមថ្នាក់ដឹកនាំបក្សនយោបាយទាំងនោះ ក៏បានអះអាងថា ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥នេះ គឺមានរូបភាពអាក្រក់ជាងការបោះឆ្នោតអាណត្តិណាៗទាំងអស់។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥នេះ មានគណបក្សនយោបាយចំនួន១៧បានចូលរួមប្រកួតប្រជែង ដោយបានដាក់បេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់សរុប ៨៦ ០៩២នាក់ (ស្ត្រី ២៧ ៨១៣នាក់) ខណៈ​​ក្រុមប្រឹក្សាឃុំ-សង្កាត់​ដែលនឹងត្រូវជ្រើសរើសមកបម្រើការងារក្នុងឃុំ-សង្កាត់ទាំង១ ៦៥២ គឺ​មានចំនួន១១ ៦២២រូប។

បើតាមប្រធាន គ.ជ.ប លោក ប្រាជ្ញ ចន្ទ ស្ថាប័នមួយនេះគ្រោង​នឹង​ប្រកាសលទ្ធផលបោះឆ្នោតផ្លូវការ​​ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ