លោក ស ខេង ជំរុញ​អ្នកជាប់ឆ្នោត​ជួយ​គ្នា​ដោះស្រាយ​បញ្ហា​ជូន​ពលដ្ឋ​ដោយ​កុំ​ប្រកាន់​និន្នាការ​នយោបាយ

លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រជាន់ខ្ពស់ ជូនដល់និស្សិតជ័យលាភីសាកលវិទ្យាល័យជាតិបាត់ដំបង ប្រារព្ធនៅសាលសាកលវិទ្យាល័យជាតិបាត់ដំបង ស្ថិតក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក ស ខេង)

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជំរុញទៅបេក្ខភាព​ដែលជាប់ឆ្នោតជា​មេឃុំ ជំទប់ទី១ ជំទប់ទី២ និង​​សមា​ជិក​​​​​ក្រុម​​​ប្រឹក្សា​ឃុំ-សង្កាត់ ត្រូវ​សហការគ្នាជួយដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ ដោយ​កុំប្រកាន់​និន្នាការនយោបាយ ខណៈលោក​​ថា ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​​​នេះ មាន​ភាព​សេរី ត្រឹមត្រូវ យុត្តិធម៌ និងគ្មានការ​​លួចបន្លំសន្លឹកឆ្នោត ដូចការ​លើកឡើង​របស់​​គណបក្ស​ក្រៅរដ្ឋាភិបាលមួយចំនួននោះទេ។

ក្នុង​ពិធី​ប្រគល់​​សញ្ញាបត្រ​ជូន​ដល់​និស្សិត​សាកលវិទ្យាល័យជាតិបាត់ដំបង នៅ​ថ្ងៃទី២១ ខែមិថុនា ម្សិល​មិញ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានថ្លែងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥នេះ មានគណបក្សនយោបាយចំនួន១៧ ដាក់បេក្ខជនឈរឈ្មោះ​បោះឆ្នោត​នៅតា​ម​បណ្តារាជធានី-ខេត្ត នៅទូទាំងប្រទេស និងមានអ្នកសង្កេតការណ៍​ជាតិ-អន្តរ​ជាតិ ចូល​រួម​សង្កេត​ការណ៍ ស្របតាមគោលការណ៍ប្រជាធិបតេយ្យ។

លោកបន្ត​ថា ចំពោះដំណើរការបោះឆ្នោតបានប្រព្រឹត្ត​ទៅដោយ​​​រលូន មានភាព​សេរី ត្រឹម​ត្រូវ និងយុត្តិ​ធម៌ មិន​មាន​ឃាតកម្មនយោបាយ គ្មានហិង្សានិង​ការ​គំរាមកំហែង ដូចការលើកឡើងរបស់មន្ត្រីគណបក្សនយោបាយក្រៅរដ្ឋាភិបាលមួយចំនួននោះទេ។ ករណីនេះ លោកលើកទឹកចិត្តនិងជំរុញ​ទៅបេក្ខភាពដែល​ជាប់​ជា​មេឃុំ ជំទប់ទី១ ជំទប់​ទី២ និង​ក្រុមប្រឹក្សាឃុំ-សង្កាត់ ទូទាំងប្រទេស ត្រូវ​សហការគ្នា​ជួយដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ ដោយមិនត្រូវ​ប្រកាន់​និន្នាការនយោ​បាយឡើយ​។

លោក ស ខេង​ ថ្លែង​ថា៖ «ទោះបីជាមកពី [គណបក្ស] ណាក៏ដោយ នៅពេលយើងចូលក្នុងប្រអប់តែមួយ​ហើយ យើងធ្វើការងារជាមួយគ្នាទៅ ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ។ ប៉ុន្តែគាត់មានសិទ្ធិតតាំង​ជាមួយ​គេ​ថា “​ទេ! នេះរឿងអញ្ចេះ នេះរឿងអញ្ចោះ គួរតែធ្វើចេះ” គាត់មានសិទ្ធិតវ៉ា ប៉ុន្តែនៅពេល​សម្រេចចុងក្រោយ មតិភាគច្រើនឈ្នះ គាត់ត្រូវគោរពតាមហ្នឹង! មិនមែនជាការវាយដំច្រំទាត់ធាក់គ្នាទេ កា​រ​ជជែកគ្នាតាមគោលការណ៍ច្បាប់និងប្រជាធិបតេយ្យ»។

បេក្ខភាពជាប់ឆ្នោតមេឃុំក្រយា ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ មកពី​គណបក្សភ្លើងទៀន លោក យ៉ាប់ យ៉ូត បានគាំទ្រចំពោះសារនយោបាយរបស់រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ដោយ​ថា នៅពេល គ.ជ.ប ប្រកាសលទ្ធផលជាផ្លូវការថាលោកជាប់ជាមេឃុំ ហើយបានចូលកាន់តួនាទី​ស្របតាម​ច្បាប់ នោះ​លោកប្តេជ្ញាសហការធ្វើការជាមួយជំទប់ទី១ ជំទប់ទី២ និងក្រុមប្រឹក្សាឃុំដែលមកពី​គណបក្សផ្សេងៗ​ទៀត ក្នុង​ការ​​​ជួយផ្តល់សេវា​ជូន​ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់ឆ្នោត​ឱ្យ​បាន​ស្មើភាព​គ្នា ដើម្បី​ធ្វើឱ្យភូមិឃុំមាន​សុខ​សុវត្ថិភាព។

លោកមានប្រសាសន៍ថា៖ «ជាមេឃុំនេះ ខ្ញុំនឹងព្យាយាមពន្យល់ពួកគាត់​ ពីព្រោះអំណាចនិងតួនាទីរបស់​ប្រជាពលរដ្ឋដែលគាត់ផ្តល់ឱ្យ។ អ៊ីចឹង​សំឡេង​គាត់​ដែល​ជាប់​ជា​ជំទប់​ ក៏ជាសំឡេងរបស់គាត់ដែល​គាំទ្រ​ខ្លួន អ៊ីចឹង​ខ្ញុំនឹង​ព្យាយាម​ពន្យល់​ពួក​គាត់ ដើម្បីកុំឱ្យពួកគាត់ប្រកាន់​និន្នាការនយោបាយនៅពេលមកធ្វើការនៅក្នុងក្របខណ្ឌ»។

នាយកប្រតិបត្តិអង្គការ​និចហ្វិក លោក សំ គន្ធាមី ជំរុញទៅថ្នាក់ដឹកនាំឃុំសង្កាត់នៅទូទាំងប្រទេស ត្រូវ​អនុវត្តតួនាទីនិង​ការងារ​ស្រប​តាម​ប្រសាសន៍របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងពង្រឹងការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងឃុំសង្កាត់ ដោយមិនប្រកាន់បក្ខពួកឬនិន្នការនយោបាយណាមួយ នោះ​ទើប​ធ្វើឱ្យភូមិឃុំមានសុវត្ថិភាព។

ប៉ុន្តែ​លោក​ថា បើសិន​ជា​មេឃុំ ឬជំទប់​ទី១​ ជំទប់​ទី២ និងក្រុមប្រឹក្សាឃុំ មិន​សហការធ្វើការងារជាមួយគ្នាឱ្យមាន​តម្លាភាព​ទេ អ្នក​ដែល​ជួប​បញ្ហា​ប្រឈម​ខ្លាំង​ជាង​គេ​ គឺ​​ប្រជាពលរដ្ឋម្ចាស់ឆ្នោត។

លោកថា៖ «កាលណាមកធ្វើមេឃុំ ឬចៅសង្កាត់ ត្រូវគោរពតាមច្បាប់ អនុវត្តតាមច្បាប់! […] ការដឹកនាំឃុំ​សង្កាត់ វាមានបញ្ហា»។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥នេះ មានគណបក្សនយោបាយចំនួន១៧បានចូលរួមប្រកួតប្រជែង ដោយបានដាក់បេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់សរុប៨៦ ០៩២នាក់ (ស្ត្រី ២៧ ៨១៣នាក់) ខណៈ​​ក្រុមប្រឹក្សាឃុំ-សង្កាត់​ដែលនឹងត្រូវជ្រើសរើសមកបម្រើការងារក្នុងឃុំ-សង្កាត់ទាំង១ ៦៥២ គឺ​មានចំនួន១១ ៦២២រូប។

បើតាមប្រធាន គ.ជ.ប លោក ប្រាជ្ញ ចន្ទ ស្ថាប័នមួយនេះគ្រោង​នឹង​ប្រកាសលទ្ធផលបោះឆ្នោតផ្លូវការ​​ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ