UPDATED៖ គណបក្ស​ក្រៅរដ្ឋាភិបាល​មួយ​ចំនួន​បង្ហាញ​ជំហរ​រួមគ្នា​ទាមទារ​ឱ្យ​មាន​ការ​កែលម្អ​ប្រព័ន្ធ​បោះឆ្នោត

ទិដ្ឋភាពនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅការិយាល័យ លេខ១៦៩៧ ស្ថិតនៅក្នុងសាលាគរុកោសល្យ ភូមិភាគក្រុងតាខ្មៅ ខេត្តកណ្តាល ព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

គណបក្សក្រៅរដ្ឋាភិបាលមួយចំនួនប​​​ង្ហា​​ញជំហររួមគ្នា ដើម្បីទាមទារឱ្យ​មាន​ការ​កែ​លម្អ​ប្រ​ព័ន្ធ​បោះឆ្នោត និ​​ង​​សិទ្ធិខាង​​ន​យោបាយ ក្រោយ​​ពីពួកគេឆ្ល​ង​​កាត់ការបោះ​​ឆ្នោតឃុំ-សង្កាត់ថ្មីៗនេះ​ មិន​អាចយកជ័យជម្នះលើបក្ស​​កា​​ន់អំណាចបាន និងស្របពេលដែលការបោះឆ្នោត​ជាតិអាណត្តិទី៧ នឹ​ងចូលមកដល់នៅ​​ឆ្នាំក្រោយ។

តាមសេចក្តីប្រកាសព័ត៌មាន​មួយ គណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណបក្សកែទម្រង់កម្ពុជា និង​គណ​បក្សប្រជា​ធិប​តេយ្យ​មូល​ដ្ឋាន នឹង​ធ្វើ​សន្និសីទសារព័ត៌មានរួមគ្នាមួយជាលើកដំបូង នៅថ្ងៃទី១១ ខែកក្កដា​ ឆ្នាំ២០​២​២ «ដើម្បីបង្ហាញពីផែនការនៃការតស៊ូមតិលើសំណើកែលម្អប្រព័ន្ធបោះឆ្នោត និងសេរីភាពន​យោបា​យ​​​នៅកម្ពុជា»

សន្និសីទរួមគ្នា​ដែល​មិនធ្លាប់មាន​នេះបានកើតឡើងក្រោយពីគណបក្ស​ទាំងនោះបាន​អះអាងពីការ​រកឃើញ​នូវ​​​ភាពមិនប្រក្រតីមួយ​ចំនួន និង​មានការ​គំរាម​កំហែង​ខាង​នយោបាយ នៅក្នុងដំណើរ​​​ការ​បោះឆ្នោត​​ជ្រើ​​ស​​រើសក្រុមប្រឹក្សា​ឃុំសង្កាត់ដែលបានបិទបញ្ចប់​កាល​ពីខែមិថុនា​​កន្លងទៅ។

មួយវិញទៀត ការបង្ហាញជំហររួមគ្នារបស់គណបក្សទាំង៤នេះ ក៏ស្របពេលដែលរដ្ឋាភិបាល​​​ប្រកាស​ថា ការ​​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ នីតិកាលទី៧ នឹងត្រូវធ្វើឡើងនៅថ្ងៃអាទិត្យ ទី​២៣ ខែ​​​កក្កដា ឆ្នាំ​២​​០​​២៣។

យ៉ាងណា បើតាម​លោក ឡឹក សុធារ អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យ​មូលដ្ឋាន គណបក្ស​ក្រៅរដ្ឋាភិបាលដែលរួមគ្នា​ជំរុញឱ្យមានការកែទម្រង់ការបោះឆ្នោតនោះមានចំនួន៥គណបក្ស ដោយ​រួមបញ្ចូលទាំង​គណបក្ស​កម្ពុជានិយម ប៉ុន្តែគណបក្សនេះមិនបានចូលរួមក្នុងសន្និសីទសារព័ត៌មាននៅដើមសប្តាហ៍​ក្រោយ​នេះទេ។

លទ្ធ​​ផល​បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ដែលបានបិទបញ្ចប់ទៅថ្មីៗនេះ ក្នុង​ចំ​ណោ​​​​​ម​គណបក្សនយោបាយចំនួន១៧​ដែលបានចូលរួមប្រកួតនោះ គណបក្សប្រជាជនកម្ពុជា ទទួលបានសំ​​​ឡេ​ងឆ្នោ​តជាង ៧៤ភាគរយ (៧៤​,៣២ភាគរយ), គណបក្សភ្លើងទៀន ទទួលបានសំឡេង​ឆ្នោត​ ២​២,​២​​៥ភាគរយ,​ គណបក្សប្រជាធិបតេយ្យ​​មូលដ្ឋាន ទទួលបានសំឡេង​ឆ្នោត ០,០៩ភាគរយ​ និងគណបក្សឆន្ទៈខ្មែរ ទទួលបានសំឡេងឆ្នោត​​ ០,០៧ភាគរយ។

​ម​ន្ត្រីទ​ទួល​បន្ទុ​កកិ​ច្ចការបោះ​ឆ្នោ​តគណប​​ក្សភ្លើ​ង​ទៀន​ លោក ​ហុ​ង ​សុខហួរ​ ​សុំមិ​នធ្វើ​អត្ថា​ធិ​ប្បាយល​ម្អិ​តពី​ជម្រើសតស៊ូមតិរួមគ្នា ដើម្បីជំរុញដំណើការបោះឆ្នោតខាងមុខឱ្យមានលក្ខណៈ​សេរី ត្រឹមត្រូវ និងយុត្តិធម៌ មុន​សន្និសីទ​ដែលគ្រោង​ធ្វើឡើងនៅដើមសប្តាហ៍ក្រោយ​នេះទេ។ យ៉ាង​ណា លោកថា ដោយសារ​មើលឃើញ​ថា ការ​បោះឆ្នោតកន្លងទៅមាន​ភាព​មិន​ប្រក្រតីច្រើន រួមទាំ​ង​ការយាយីខាងនយោបាយ ធ្វើឱ្យលទ្ធផលបោះឆ្នោត​មិន​ឆ្លុះប​ញ្ចាំង​ពី​ឆន្ទៈប្រជាពលរដ្ឋ ទើបគណបក្សក្រៅរដ្ឋាភិបាល​ទាំងនេះរួមគ្នា​ ដើម្បីជំរុញ​ឱ្យមានការ​កែប្រព័ន្ធ​បោះឆ្នោត​។

លោកបញ្ជាក់ថា៖ «យើងចង់ឱ្យការទាមទារយើងវាមានប្រសិទ្ធភាព ឱ្យគេស្តាប់យើងផង យើងតែឯងក្រែង​គេមិ​ន​ស្តាប់ ដល់ពេលគ្នាយើងច្រើនទៅ ក្រែងវាមានប្រសិទ្ធភាព ក្នុងន័យហ្នឹង»។

អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលបច្ចុប្បន្នជាអនុប្រធានបណ្តោះអាសន្នគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន បានរម្លឹកថា អំឡុងពេលបោះឆ្នោតឆ្នាំ២០១៧ ការបោះឆ្នោតអាចទទួលយកបាន ដោយសារ​ពេលនោះ គណបក្សប្រឆាំងមានកម្លាំងប្រហាក់ប្រហែល​បក្សកាន់អំណាច ធ្វើឱ្យលទ្ធផលបោះឆ្នោត​ឆ្លុះប​ញ្ចាំង​ពី​ឆន្ទៈ​ពល​រដ្ឋ។

ដោយឡែក លោកថា ក្រោយគណបក្សសង្គ្រោះជាតិ​ត្រូវ​បាន​រំលាយ សមាសភាព​គណៈកម្មាធិការជាតិរៀប​ចំ​ការ​បោះឆ្នោតពីថ្នាក់ជាតិរហូតដល់ថ្នាក់​ក្រោមជាតិ ភាគច្រើន​ជា​អ្នកដែលមាន​កូតា​មក​ពី​បក្ស​កាន់អំណាច ដែលធ្វើឱ្យការកាត់សេចក្តីនយោបាយមាន​ភាពលម្អៀងទៅបក្សកាន់អំណាច។ ដូច្នេះ លោក​ថា ​ទោះ​​ដឹ​​ង​​ថាការ​តស៊ូមតិនោះដើរលើផ្លូវ​លំបាក តែចាំបាច់ត្រូវតែរួមគ្នាជំរុញ។

លោកថ្លែង​ថា៖ «យើងនៅតែមានមហិច្ឆតាចង់ឱ្យមានការរួបរួមគណបក្សច្រើនក្នុងការតស៊ូមតិ ដើម្បីជំរុញ​ឱ្យ​មាន​បរិយាកាសបោះឆ្នោតហ្នឹងឱ្យមានលក្ខណៈ​សេរីនិងយុត្តិធម៌នៅប្រទេសយើង នេះជាការអំពាវនាវរបស់​ខ្ញុំ»។

អ្នកនាំពាក្យគណបក្សឆន្ទៈខ្មែរ លោក តុល ប្រាសាទ អះអាងថា ការបោះដៃរកគ្នា​ដើម្បីស្វែងរកសំឡេងរួមក្នុង​ការជំរុញឱ្យមានការកែលម្អប្រព័ន្ធបោះឆ្នោតនិងសេរីភាពនយោបាយនេះ អាច​នឹងមានគណបក្សច្រើនទៀត​ចូលរួម បើពួកគេមានឆន្ទៈដូចគ្នា។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ​លោក សុខ ឥសាន ចាត់ទុកការលើកឡើងទាំងនោះ ថាមិនមែនជាការ​ពិត ដោយ​ថា​ អំឡុង​ពេល​បោះឆ្នោតគ្មានគណបក្សនយោបាយ​ណាប្តឹងតវ៉ា​ភ្លាមៗ​ពីភាពមិនប្រក្រតីទៅ គ.ជ.ប ទេ តែបែរជារិះគន់ថាប្រព័ន្ធនេះមិនត្រឹមត្រូវ ក្រោយបោះឆ្នោតហើយទៅវិញ។

មួយវិញទៀត លោកថា គណបក្សប្រជាជនកម្ពុជា គ្មានការព្រួយបារម្ភពីការដណ្តើមប្រជាប្រិយភាព​នៅថ្ងៃបោះ​ឆ្នោតជាតិ​ឆ្នាំ២០២៣ខាង​មុខ​ដែរ ដោយ​សម្អាង​ថា សូម្បីគណបក្សសង្គ្រោះជាតិជាគណបក្សធំផង នៅតែមិនឈ្នះគណបក្សប្រជាជនកម្ពុជា។

លោកថា៖ «គណបក្សតូចៗដែលកើតចេញមក៦ទៅ៧កន្លែងទៅនេះ កើតចេញពីគណបក្សធំដែលធ្លាប់ចា​​ញ់​ឆ្នោត។ កែវទាំងមូលមួយមិនឈ្នះគណបក្សប្រជាជនផង ឥលូវនេះកែវហ្នឹង​​វាបែកខ្ទេចទៅហើយ​ យកកម្ទេច​កែវមកផ្គុំគ្នាវិញ សួរថាវាបានដូចដើមទេ វាអត់ដូចដើមទេ! ដូច្នេះ វាគ្មានករណីណាធ្វើឱ្យគណបក្សប្រជាជនមានការព្រួយបារម្ភ ឬភ័យខ្លាចទេ»។

ចំណែកអ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា លើកឡើងថា ស្ថាប័នរៀបចំការបោះឆ្នោតគាំទ្រមតិយោ​បល់ ដើម្បីធ្វើកំណែទម្រង់ ប៉ុន្តែថា គ.ជ.ប មិនអាចធ្វើអ្វីលើសពីច្បាប់បានទេ។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា យល់ថា ចរន្តនៃការបោះដៃរកសំឡេងតស៊ូមតិរួមគ្នា​នេះជារឿងត្រឹមត្រូវមួយ ព្រោះអាចនឹងជំរុញឱ្យមានការឆ្លើយតបពី គ.ជ.ប និងជាសារប្រាប់ទៅគណបក្សតូចៗជាច្រើនទៀតថា បើពួកគេមិនចូលរួម មានន័យថា ពួកគេគ្មានឆន្ទៈចង់បានការបោះឆ្នោតមួយតាមយន្តការប្រជាធិបតេយ្យពិតប្រាកដទេ។

ក៏​ប៉ុ​ន្តែលោកថា ចំនួនគណបក្សដែលរួមគ្នា​​នេះជាចំនួនតិចតួច​នៅ​ឡើយ បើ​ធៀប​ទៅ​នឹង​គណ​ប​ក្សជិ​ត៥០​ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ពោលគឺមិនដល់១ភាគ៣​នោះ​ទេ ដែល​បញ្ហានេះ លោកយល់ថា ផ្លូវទៅរក​ភាព​ជោគជ័យនៃការជំរុញ​ឱ្យ​មាន​កំ​​​ណែ​​ទម្រង់ គ.ជ.ប សម្រាប់ការបោះឆ្នោតជាតិឆ្នាំ២០២៣ អាច​នៅ​តែ​ជា​ឧបសគ្គ បើ​ចរន្តនេះខ្វះការគាំទ្រ​ពីសហគមន៍អន្តរជាតិ និងគ្មានភ្លើងខៀវពីបក្សកាន់អំណាច​​​នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ