លោក សុន ឆ័យ ចូល​បំភ្លឺ​នៅ​តុលាការ​នៅព្រឹកនេះ ក្រោយ​រង​បណ្ដឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា

អនុប្រធាន​គណបក្សភ្លើងទៀន លោក សុន ឆ័យ ក្រោយបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងបណ្ដឹងរបស់​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលបានប្ដឹងរូបលោកពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ជុះវិញការរិះគន់រឿងភាពមិនប្រក្រតីនៃការបោះឆ្នោត។ (ហ៊ាន រង្សី)

អនុប្រធាន​គណបក្សភ្លើងទៀន លោក សុន ឆ័យ នៅព្រឹកថ្ងៃសុក្រ​នេះ បានចូលទៅបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងបណ្ដឹងរបស់​គណបក្សប្រជាជនកម្ពុជា ដែលប្ដឹងរូបលោកពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ក្រោយពីលោក សុន ឆ័យ រិះគន់រឿងភាពមិនប្រក្រតីនៃការបោះឆ្នោត។

កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ គណបក្សប្រជាជនកម្ពុជា តាមរយៈមេធាវី លោក គី តិច បានដាក់ពាក្យបណ្ដឹង​ទៅកាន់តុលាការ​ ប្រឆាំងនឹង​លោក សុន ឆ័យ ក្នុងបណ្ដឹងនោះ លោក សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា​ផង​នោះ បានទាមទារសំណងជំងឺចិត្តពីលោក សុន ឆ័យ ចំនួន១លាន​ដុល្លារអាមេរិក។

កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ គ.ជ.ប បានប្តឹងលោក សុន ឆ័យ ទៅតុលាការ​ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» និងទាមទារឱ្យ​អ្នកនយោបាយ​រូប​នេះត្រូវ​ធ្វើលិខិត​សុំទោស​ជាសាធារណៈ​ថែមទៀត។ ជុំវិញបណ្តឹងនេះ លោក សុន ឆ័យ បានចូលទៅបំភ្លឺនៅតុលាការ​រួចហើយកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២។​

អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ ធ្លាប់បាន​​ប្រាប់វីអូឌីនាពេលថ្មីៗនេះ​ថា រូបលោក​បានត្រៀមខ្លួនរួចរាល់ហើយ ក្នុង​​​ការ​​ចូល​​​ឆ្លើយ​ទៅតាមដីកាកោះរបស់តុលាការ ខណៈលោក​មិន​បាន​ធ្វើអ្វី​ខុស​ដូចការចោទប្រកាន់របស់ដើមបណ្ដឹង​​ទាំង​​​​ពីរនេះ។

ម្យ៉ាងវិញទៀត លោក សុន ឆ័យ មិនយល់ឃើញថា អ្វីដែលលោកបានរិះគន់អំពីដំណើរការ​​បោះ​​​ឆ្នោត​​​ឃុំសង្កាត់​នោះ គឺនឹងត្រូវ​​ចាប់ខ្លួនលោកឡើយ ព្រោះសារនយោបាយ​​ដូច​​​ដែល​​លោក​​​បាន​​ទិ​តៀន​នោះ មិនមែន​​​​មាន​តែ​​លោក​​ម្នាក់ទេ​ដែលរកឃើញ​​អំពីភាពមិនប្រក្រតីនេះ សូម្បី​​​សង្គម​​ស៊ីវិលនិងអ្នកនយោបាយផ្សេងទៀតក៏មើល​​ឃើញ​​ដូច​​​​រូបលោក​​យ៉ាង​​ដូ​​ច្នេះដែរ។

ចំណែក អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ធ្លាប់បញ្ជាក់ជំហរដែរ​​ថា គណ​​បក្ស​​កាន់​​អំ​​ណាចនឹងមិនចរចា​ខាងនយោបាយទេ ព្រោះរឿងក្តីនេះ មេធាវីតំណាងដោយអាណត្តិ គឺលោក គី តិច បាន​​បញ្ជូនសំណុំរឿង​ទៅ​​ដល់ដៃ​​តុលាការរួច​​​​​ហើ​​យ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ