គណបក្សខ្មែរស្រឡាញ់ជាតិ នឹងរៀបចំក្បាលម៉ាស៊ីនឡើងវិញ ក្រោយពីមេបក្សនេះប្រកាសរំលាយខ្លួនឯង

ទិដ្ឋភាពនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥ នៅស្រុកបាធាយ ខេត្តកំពង់ចាម ព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ គណបក្សខ្មែរស្រឡាញ់ជាតិ)

គណបក្សខ្មែរស្រឡាញ់ជាតិ នឹងរៀបចំ​បំពេញរចនាសម្ព័ន្ធថ្នាក់ដឹកនាំឡើងវិញ ក្រោយ​ពីលោក ជីវ កក្តា ជាអតីត​​ប្រធាន​បាន​ប្រកាសរំលាយគណបក្សនេះ ហើយទៅចូលរួមជាមួយ​គណបក្ស​ប្រជាជនកម្ពុជា កាលពីចុងខែកក្កដា​។

លោក សៀវ សុត ប្រធាន​ស្ដីទី​​គណបក្សខ្មែរស្រឡាញ់ជាតិ ប្រាប់វីអូឌីនៅថ្ងៃសុក្រនេះថា បន្ទាប់​ពី​លោក ជីវ កក្កា ប្រកាសរំលាយគណបក្ស ហើយទៅចូលរួមជាមួយបក្សកាន់​អំណាចមក គណបក្សខ្មែរស្រឡាញ់​ជាតិជួបបញ្ហាជាច្រើន ដែលធ្វើឱ្យសមាជិក-សមាជិកា សកម្មជន និង​​​អ្នកគាំទ្រទាំងអស់ បារម្ភពីនិរន្ដរភាពនៃគណបក្សនេះ។ 

តែយ៉ាងណា លោកថា រូប​លោកនិង​សមាជិក​ក្នុងគណបក្សផ្សេងទៀតប្រកាស​បដិ​សេធ​ចំពោះ​​​​​ការ​​​រំលាយ​​នេះ ហើយ​នឹងរៀបចំក្បាលម៉ាស៊ីនអចិន្ត្រៃយ៍សម្រាប់​បំពេញបន្ថែមថ្នាក់ដឹក​នាំគណបក្ស​ ដើម្បីដឹកនាំគណបក្សនេះបន្តទៅមុខទៀត។

លោកថា៖ «ក្នុងនាមយើងជាសមាជិកអចិន្ត្រៃយ៍ មិន​បាន​លា​ឈប់​ពី​គណបក្ស តម្រូវឱ្យយើងមានបើកកិច្ចប្រជុំ​មួយបន្ទាន់ ដែល​នឹង​កោះ​អញ្ជើញ​សមា​ជិក-​សមាជិកា គណៈកម្មការនាយក ដែលនៅចង់មានដំណោះ​ស្រាយច​ង់​ឃើញ​ពីជំហរ​គណបក្សបន្ដដំណើរទៅមុខរបៀបណា ទម្រង់យ៉ាងម៉េច»

បន្ថែមពីនេះ លោក សៀវ សុត​ ក៏អំពាវនាវដល់ថ្នាក់ដឹ​ក​នាំនិងអ្នកគាំទ្រនៅ​តាមបណ្ដា​រាជធានី​ខេត្ត ឱ្យ​ពង្រឹង​ស្មារតី រក្សា​ជំហរ ព្រមទាំងរក្សារចនាសម្ព័ន្ធដឹកនាំដែលមានស្រាប់ឱ្យនៅដំណើរ​ការ​ជា​ប្រក្រតីផងដែរ។

បើតាម​សេចក្ដីប្រកាសព័ត៌មានរបស់គណបក្សខ្មែរស្រឡាញ់ជាតិ​ ចុះថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២​នេះ ឱ្យដឹង​ថា គណបក្សនេះនឹងរៀបចំកិច្ចប្រជុំគណៈកម្មាធិការនាយកគណបក្ស និងសន្និ​សីទ​សារ​ព័ត៌​មាន​មួយ នៅថ្ងៃស្អែក។

កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ លោក សៀវ សុត និងលោក ពុធ ចេង ជាគណៈកម្មាធិការអចិន្ត្រៃយ៍​នៃ​គណបក្សខ្មែរ​ស្រឡាញ់​ជាតិ បាន​ប្រកាស​បដិសេធ​ចោលនូវ​សេចក្ដី​ប្រកាសព័ត៌មាន​ពី​ការ​រំលាយ​គណបក្ស​នេះ កាលពីថ្ងៃទី២៩ ខែកក្កដា​ ឆ្នាំ២០២២ ដែលធ្វើឡើងដោយអតីតប្រធានបក្សលោក ជីវ កក្តា​។ ក្រៅពីនេះ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណបក្សទាំងពីររូបនេះអះ​អាងថា ពួកគេ​មិន​បានចូលរួមរំលាយគណបក្សនេះទេ ហើយ​ការរំលាយ​នេះ​ផ្ទុយ​ទៅ​នឹងលក្ខន្ដិកៈ​គណបក្សខ្មែរស្រឡាញ់ជាតិ ដែលមានតម្កល់នៅក្រសួងមហាផ្ទៃ។

គណបក្សខ្មែរស្រឡាញ់ជាតិ គឺជាគណបក្សនយោបាយដំបូងគេដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មាន​ក្បាល​ម៉ាស៊ីន​ដឹកនាំមាន​ប្រភព​ចេញ​មក​ពី​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​ត្រូវ​បាន​តុលាការ​រំលាយ ហើយដែលបានប្រកាសរំលាយខ្លួនឯងចាប់តាំងពី​មាន​គណបក្ស​តូចៗ​បំបែក​​​ចេញ​ពី​​គណបក្ស​សង្រ្គោះ​ជាតិ​ត្រូវ​បាន​បង្កើត​ឡើង ​ដើម្បី​​ចូលរួម​ប្រកួត​ប្រជែង​នយោ​បាយជាមួយ​គណបក្សប្រជាជនកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ